Ad Code

លោក Macron ទទួលខុសត្រូវ​ចំពោះ​រឿងអាស្រូវ​ជុំវិញ​អំពើ​ហិង្សា​របស់​ជំនួយការ



ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា លោក​បាន​ត្រៀមខ្លួន​ដើម្បី​ដោះស្រាយ​ចំពោះ​រឿងអាស្រូវ​មួយ​ពាក់ព័ន្ធ​អំពើ​ហិង្សា​របស់​ជំនួយការ​កំពូល​ម្នាក់​ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មេដឹកនាំ​បារាំង​រូបនេះ​ស្រប​ពេលដែល​អត្រា​គាំទ្រ​របស់គាត់​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់មាន​ក្នុង​កំណត់ត្រា។

នៅឯ​កិច្ចប្រជុំ​មួយ​នៃ​តំណាងរាស្ដ្រ​មកពី​គណបក្ស Republic on the Move របស់គាត់​, លោក Macron បាន​និយាយថា លោក​មាន​អារម្មណ៍​ថា “​ត្រូវគេ​ក្បត់​” ដោយសារ​សកម្មភាពរ​បស់​ជំនួយការ Alexandre Benalla ដែល​ឥឡូវនេះ​ត្រូវបាន​បណ្តេញចេញ​ហើយ​កំពុង​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពីបទ​វាយ​ដុំ​និង​ក្លែងបន្លំ​ធ្វើជា​មន្ត្រីប៉ូលិស​។​

យោងតាម​ការកត់ត្រា​នៃ​កិច្ចប្រជុំ​នេះ​ដែល​ទទួលបាន​ដោយ AFP បាន​ឲ្យ​ដឹងថា លោក Macron បាន​និយាយថា “​ប្រសិនបើ​ពួកគេ​ស្វែងរក​អ្នកទទួលខុសត្រូវ​នោះ គាត់​គឺ​នៅ​ចំពោះមុខ​អ្នក​។ បុគ្គល​តែ​ម្នាក់​គត់​ដែល​ទទួលខុសត្រូវ​ចំពោះ​កិច្ចការ​នេះ​គឺ​ខ្ញុំ​ហើយ​ខ្ញុំ​តែម្នាក់ឯង​គត់​។ ខ្ញុំ​គឺជា​អ្នក​ដែល​ជឿជាក់​លើ​លោក Alexandre Benalla”​។​

គាត់​បាន​បន្ថែមថា លោក Benalla ធ្លាប់ជា​អ្នកគាំទ្រ​ម្នាក់​ក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់គាត់​និង​ជា​បុគ្គលិក​ដ៏​ស្មោះត្រង់​ម្នាក់​ប៉ុន្តែ​ថា សកម្មភាព​កាលពី​ថ្ងៃទី​១​ខែឧសភា​គឺ “​ធ្ងន់ធ្ងរ​ហើយ​ជាការ​ខកចិត្ត​មួយ​សម្រាប់​ខ្ញុំ វា​ជាការ​ក្បត់​”​។​

វីដេអូ​ជាច្រើន​បាន​លេចឡើង​កាលពី​សប្តាហ៍​មុន​ដែល​បង្ហាញថា លោក Benalla មាន​អាយុ​២៦​ឆ្នាំ​បាន​វាយ​បុរស​ម្នាក់​ក្នុងអំឡុង​បាតុកម្ម​ទិវា May Day នៅ​ទីក្រុង​ប៉ារីស​ហើយ​បាន​ចាប់​បោក​ស្ត្រី​ម្នាក់​ផ្តួល​ទៅលើ​ដី​។​

ជំនួយ​របស់លោក Macron មិនបាន​ប្រាប់​ដល់​រដ្ឋអាជ្ញា​អំពី​ឧបទ្ទវហេតុ​នោះទេ​ថ្វីបើ​ច្បាប់​តម្រូវ​ឲ្យ​មន្ត្រី​សាធារណៈ​ជូនដំណឹង​ដល់​អាជ្ញាធរ​ប្រសិនបើ​មាន​ការបំពានច្បាប់​ក៏ដោយ​។​
​រឿងអាស្រូវ​ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះថា “Benallagate” នេះ​បាន​ជំរុញ​ឲ្យ​មានការ​ខឹងសម្បា​យ៉ាងខ្លាំង​ដោយ​គណបក្សប្រឆាំង​បាន​អះអាង​ពី​ការប៉ុនប៉ង​បិទបាំង​ប៉ុន្តែ​ត្រូវបាន​រដ្ឋាភិបាល​បដិសេធ​។​

លោក Benalla ត្រូវបាន​ផ្អាក​ការងារ​រយៈពេល​ពី​រស​ប្ដា​ហ៍​ដោយ​គ្មាន​ប្រាក់ខែ​កាលពី​ខែឧសភា​និង​ត្រូវបាន​ផ្ទេរ​ទៅ​តួនាទី​រដ្ឋបាល​មួយ​បើទោះបីជា​គាត់​ត្រូវបាន​គេ​មើលឃើញ​ជា​ញឹកញាប់​នៅក្នុង​សកម្មភាព​ជាមួយ​លោក Macron រហូត​ទាល់តែ​គាត់​ត្រូវបាន​បណ្តេញចេញ​កាលពី​ថ្ងៃ​សុក្រ​ក៏ដោយ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu