Ad Code

មុខសញ្ញា​ ដែល​ប្រើ​ដំបង​ឫស្សី​វាយ​ប្លន់​យក​ម៉ូតូ ត្រូវ​បាន​ចាប់​ខ្លួន



បាត់ដំបង​ ៖ ​ជនសង្ស័យ​ម្នាក់ ដែលជា​មុខសញ្ញា​វាយ​ប្លន់​យក​ទ្រព្យសម្បត្តិ​របស់​ជនរងគ្រោះ​កាលពី​យប់ម្សិល​​មិញ​នោះ ត្រូវបាន​កម្លាំង​មាន​សមត្ថកិច្ច​តាម​ប្រមាញ់​ និង​ឈាន​ដល់​ការ​ចាន់​ខ្លួន​ បន្ទាប់ពី​ជនសង្ស័យ​រូប​នេះ​ បាន​បង្វែងដាន​គេចខ្លួន​ទៅកាន់​ខេត្ត​សៀមរាប​អស់​ប៉ុន្មាន​ម៉ោង​រួចមក។

យុវជន​ម្នាក់​ បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​រហូត​ដេក​ដួលសន្លប់ ​ លែង​ដឹងខ្លួន​ បន្ទាប់ពី​ត្រូវ​ជន​មិន​ស្គាល់​មុខ​ប្រើប្រាស់​ដំបង​ឫស្សី​ វាយ​ចំ​ពីក្រោយ​អស់​ជាច្រើន​ដំបង​ ខណៈ​ពេល​ដែល​យុវជន​រូប​នេះ អង្គុយលេង​នៅ​ទី​ងងឹត​ជាមួយនឹង​ដៃគូ ដើម្បី​បន្ធូរ​អារម្មណ៍ និង​ដើម្បី​ស្រូប​យក​ខ្យល់អាកាស​នា​ទេសភាព​ស្រុកស្រែ។

គួរ​បញ្ជាក់​ដែរ​ថា នៅ​វេលា​ម៉ោង​៨​យប់​ ថ្ងៃទី​២៣​ ខែកក្កដា ឆ្នាំ​២០១៨ នៅត្រង់ចំណុច​បឹង​ស្នោ​ក្នុងភូមិ​សំរោង​តា​កុក ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ​ មាន​ករណី​ប្លន់​ម៉ូតូ​មួយ​បាន​កើត​ឡើង ​ ដោយមាន​ជន​មិន​ស្គាល់​មុខ បាន​ប្រើប្រាស់​ដំបង​ឫស្សី​វាយ​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ថៃ ធៀង ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​សម្តេច ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង ​ខណៈដែល​គេ​កំពុង​អង្គុយលេង​ជាមួយ​ដៃគូ បណ្តាលអោយ​សន្លប់ និង​រងរបួស​រយះ​សៀតផ្កា​ខាងស្តាំ និង​រលាត់ស្បែក​ស្មា​ទាំងសងខាង រីឯ​មិត្តស្រី​បាន​រត់​កាត់​វាលស្រែ​ដើម្បី​គេចខ្លួន ដែល​នៅពេល​នោះដែរ​ជនសង្ស័យ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ បាន​យក​ទៅ​ជាមួយ​នូវ​របស់របរ​មួយចំនួន​ដូចជា ម៉ូតូ​ម៉ាក ហុងដា ១ គ្រឿង ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ បាត់ដំបង​1S0318 កុំព្យូទ័រ ១ គ្រឿង ម៉ាក​(​អេ​ស័​រ​) ពណ៌​ខ្មៅ ទូរស័ព្ទ​ដៃ​ម៉ាក អាយ​ហ្វូ​ន​ហ្វា​យ​អេស ​ពណ៌​ខ្មៅ​+​ប្រផេះ ចំនួន​០១​គ្រឿង និង​សម្ភារ​មួយ​ចំនួនទៀត។

លោក​ស្នង​ការ​រង ជេ​ត វណ្ណ​នី បាន​បញ្ជាក់​ថា ក្រោយពី​មាន​សកម្មភាព​បទល្មើស​បែបនេះ​ភ្លាម លោក​បាន​ធ្វើ​ការសិក្សា និង​ស្រាវជ្រាវ​រកមុខ​សញ្ញា ទើប​ទទួល​បាន​ពន្លឺ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក ស្នងការ អ៊ុច សុខុន ផង​ដែរ គឺ​ក្រោយពេល​កើតហេតុ មុខសញ្ញា​បាន​ចេញ​ដំណើរ​ទៅកាន់​ខេត្តសៀមរាប ក្នុង​គោលបំណង​ទៅ​ជួប​សង្សារ​របស់​គេ នៅ​ស្រុក​ក្រឡាញ់ នៅពេល​នោះ​ដែរ លោក​បាន​ដាក់​កម្លាំង​ទៅ​សហការ​ជាមួយ​ខេត្ត​បន្ទាយមានជ័យ​ ខេត្តសៀមរាប ដើម្បី​តាម​រក​មុខសញ្ញា​នោះ​ ​ តែ​ផ្ទុយទៅវិញ​គឺ​មាន​ការ​យឺត​មួយ​ជំហាន ដោយ​មុខសញ្ញា​បាន​វិលត្រឡប់​មកកាន់​ខេត្តបាត់ដំបង​វិញ។

លោក​ស្នងការរង​បាន​បន្តថា នៅពេលនេះ​គឺ​លោក​បានរៀបចំ​កំលាំង ដោយមាន​កម្លាំង​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ក្រុម​បង្ការ បង្ក្រាប កម្លាំង​​អធិការដ្ឋាន នគរបាល​ស្រុក​សង្កែ និង​ស្រុក​ឯក​ភ្នំ ដើម្បី​សហការ​ស្រាវជ្រាវ​រក​ជ​ន​ដៃដល់​យក​មក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់។

នៅ​ទីបំផុត គឺ​វេលា​ម៉ោង ១ និង ២០ នាទី រសៀល​ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ​២០១៨ នេះ​កម្លាំង​ចម្រុះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ បាន​នៅ​ចំណុច​ផ្ទះ​របស់​គេ​ផ្ទាល់​ដែល​ស្ថិតនៅ​ភូមិ​បា​សែត ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង ដោយ​ជនសង្ស័យ​រូប​នេះ​មានឈ្មោះ​ស៊ិន ពិ​សិទ្ធ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រួម​ជាមួយ​នឹង​វត្ថុតាង​ដែល​គេ​បាន​ប្លន់​យក​ទៅ​គឺ​ត្រូវ​សមត្ថកិច្ច​ប្រមូល​យក​មកវិញ​ទាំងអស់ ហើយ​នៅពេល​នេះ​ដែរ សមត្ថកិច្ច​ជំនាញ​កំពុង​អនុវត្ត​តាម​នីតិ​វិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu