Ad Code

លោក​ ត្រាំ សរសើរ​ទំនាក់ទំនង​ជាមួយ​លោក​ គីម និង​សាទរ​ការ​រុះរើ​ទីតាំង​សាកល្បង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង



ដោយ​លើក​សរសើរ​អំពី “​ទំនាក់ទំនង​ល្អ​” ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​គីម​ជុង​អ៊ុន​, កាលពី​ថ្ងៃ​អង្គារ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​បាន​ស្វាគមន៍​របាយការណ៍​ដែល​ថា ក្រុង​ព្យុងយ៉ាង​បាន​ចាប់ផ្តើម​រុះរើ​កន្លែង​មួយ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជាទី​តាំង​សាកល្បង​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប។

លោក ត្រាំ បាន​និយាយ​ក្នុង​ព្រឹត្តិការណ៍​មួយ​សម្រាប់​អតីតយុទ្ធជន​យោធា​នៅ​ទីក្រុង Kansas នៃ​រដ្ឋ Missouri ថា “​រូបភាព​ផ្កាយរណប​បាន​បង្ហាញថា ប្រទេស​កូរ៉េខាងជើង​បានចាប់ផ្តើម​ដំណើរការ​រំលាយ​ទីតាំង​មី​ស៊ី​ល​ដ៏​សំខាន់​មួយ​ហើយ​យើង​ពេញចិត្ត​ណាស់​ចំពោះ​រឿងនេះ​”​។​

ឆ្លើយតប​ទៅនឹង​ការរិះគន់​ដែលថា​ជំនួប​កំពូល​កាលពី​ថ្ងៃទី​១២​ខែមិថុនា​ជាមួយ​លោក​គីម​នៅ​ប្រទេស​សិង្ហ​បុរី​បានផ្តល់​នូវ​លទ្ធផល​ជាក់ស្តែង​តិចតួច​បំផុត​នោះ​, លោក ត្រាំ បាន​លើកឡើងថា ទំនាក់ទំនង​ថ្មី​របស់លោក​ជាមួយ​លោក​គីម​កំពុងតែ​បង្កើត​ផ្លែផ្កា​។​

លោក ត្រាំ បាន​ថ្លែងថា​: “​យើង​មាន​កិច្ចប្រជុំ​ដ៏​អស្ចារ្យ​មួយ​ជាមួយ​លោក​ប្រធាន​គីម​ហើយ​វា​ហាក់ដូចជា​ដំណើរការ​យ៉ាង​ល្អ​”​។​

បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​នោះ លោក​ត្រាំ​បានប្រកាសថា ការគំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​គឺ​បានបញ្ចប់​ហើយ​ប៉ុន្តែ​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​របស់​អាមេរិក​បាន​បង្ហាញថា លោក​មានការ​ខឹងសម្បា​យ៉ាងខ្លាំង​ចំពោះ​ល្បឿន​នៃ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​។​

គេហទំព័រ 38 North ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​បានចេញ​ផ្សាយ​រូបភាព​កាលពី​ថ្ងៃ​ចន្ទ​ដែល​បង្ហាញថា ក្រុង​ព្យុងយ៉ាង​បានចាប់ផ្តើម​រុះរើ​អាគារ​កែច្នៃ​មួយ​និង​ជើង​ទម្រ​ធ្វើតេស្ត​ម៉ាស៊ីន​រ៉ុក្កែត​មួយ​នៅ​ស្ថានីយ​បាញ់​បង្ហោះ​ផ្កាយរណប Sohae របស់ខ្លួន​។​

អ្នកវិភាគ​របស់ 38 North លោក Joseph Bermudez បាន​ហៅ​ការរុះរើ​នេះ​ថា​ជា “​ជំហាន​ដំបូង​ដ៏​សំខាន់​មួយ​” សម្រាប់​លោក​គីម​ដើម្បី​បំពេញ​តាម​ការសន្យា​មួយ​ដែល​លោក ត្រាំ និយាយថា មេដឹកនាំ​កូរ៉េខាងជើង​បានធ្វើ។​

ប៉ុន្តែ​អ្នកជំនាញ​មួយចំនួន​បាន​ជំរុញ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ហើយ​មន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​ម្នាក់​បាន​ច្រានចោល​ព័ត៌មាន​នេះ​ដោយ​និយាយថា ទីតាំង Sohae មិនមែនជា​អាទិភាព​ក្នុងការ​ឃ្លាំមើល​កិច្ចខិតខំ​ប្រឹងប្រែង​រំសាយ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​នោះទេ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu