Ad Code

មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ហៅ​ការប្រកាស​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​របស់​ទូត​អាមេរិក ជា​រឿង​ធម្មតា ដោយសារ​សង្គម​នោះ តែងតែ​ប្រឈម នឹង​អំពើ​ហិង្សា សម្លាប់​មនុស្ស គ្រប់​រូបភាព​



ភ្នំពេញ​ ៖ រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បាន​ថ្លែង​ថា ការប្រកាស​របស់​ទូត​អាមេរិក ឲ្យ​ពលរដ្ឋ​របស់ខ្លួន ដែល​ស្ថិតនៅ​ក្នុងប្រទេស​កម្ពុជា មានការ​ប្រុងប្រយ័ត្ន​នោះ វា​ជា​រឿង​ធម្មតា​ទៅហើយ ដោយសារ​សង្គម​អាមេរិក តែងតែ​ប្រឈម នឹង​អំពើ​ហិង្សា សម្លាប់​មនុស្ស គ្រប់​រូបភាព ជា​ញឹកញាប់​។

លោក ផៃ ស៊ី​ផាន លើកឡើង​បែបនេះ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ គឺ​ក្រោយពី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ដោយ​បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ខ្លួន មានការ​ប្រុងប្រយ័ត្ន និង​ជៀសវាង​កន្លែង​មាន​មនុស្ស​ច្រើន​នៅ​អំឡុង​ថ្ងៃ​បោះឆ្នោត ព្រោះ​អាច​មាន​ការ​ជួប​ប្រមូល​ផ្តុំ​ផ្នែក​នយោបាយ ការ​ប្រឆាំង​តវ៉ា ឬ​ការ​ចល័ត​កម្លាំង​សន្តិសុខ​។

លោក ផៃ ស៊ី​ផាន បាន​បញ្ជាក់​យ៉ាងនេះ​ថា “​ការ​លើក​ឡើង​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធ្វើ​ការណែនាំ​ព្រមាន​ដល់​ប្រជា​ពលរដ្ឋ​អាមេរិកាំង ដែល​ស្ថិត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ធ្វើ​ការប្រុងប្រយ័ត្ន​ក្នុងស្ថានភាព​ខ្ពស់ និង​ជៀសវាង​វត្តមាន​នៅក្បែរ ទីប្រជុំ​ដែល​មាន​វ៉ូង​មនុស្ស​ច្រើន ក្នុង​កិច្ច​ថែរក្សា​សុវត្ថិភាព របស់​ប្រជាពលរដ្ឋ​អាមេរិកាំង​នោះ គឺជា​វិធាន​ធម្មតា​នៃ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក គឺ​អាស្រ័យ​ដោយ​សង្គម​អាមេរិកាំង​តែងតែ​ប្រឈម និង​ភាព​ហិង្សា សម្លាប់​មនុស្ស រាល់​រូបភាព​ជាប្រចាំ ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អាមេរិកាំង​មានការ​ប្រុងប្រយ័ត្ន​កម្រិត​ខ្ពស់ ក្នុង​កិច្ចការពារ​ប្រជាពលរដ្ឋ​របស់គេ ពី​ភាពឃោរឃៅ​ទាំងនោះ​”​។



តាម​លោក ផៃ ស៊ី​ផាន ការប្រកាស​ព័ត៌មាន​នៃ​ការណែនាំ​អោយ​ប្រុងប្រយ័ត្ន​ខ្ពស់​របស់​សហរដ្ឋអាមេរិក គ្រាន់តែ​កិច្ចការពារ​ជាមុន​ប៉ុណ្ណោះ ពុំ​មែន​ឆ្លើយតប​នឹង​ភាពជាក់ស្តែង​នោះ​ឡើយ​ហើយ​ជា​ឧទាហរណ៍​ជាក់ស្តែង ក្នុង​ពិធី​ប្រកួត​កីឡា​អន្តរជាតិ​អូឡាំពិក នា​ប្រទេស​រុ​ស្ស៉ី ជាដើម ក៏​អាមេរិក ប្រកាស​បែបនេះ​ដែរ​។ លោក​យល់​ឃើញ​ថា ការប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​នេះ ពុំ​មាន​ឥទ្ធិពល ឬ​ឧបសគ្គ​ណាមួយ​ប្រឆាំង ឬ​បំផ្លាញ​ដំណើរការ​បោះឆ្នោត​សកល របស់​កម្ពុជា​ឡើយ ហើយ​ការបោះឆ្នោត​សកល​នេះ ជាការ​សម្រេចចិត្ត​ខ្ពស់​របស់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​កិច្ច​ថែរក្សា ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ការទទួលខុសត្រូវ​ជោគវាសនា​ដោយ​ខ្លួនឯង ដែល​គ្មាន​បរទេស​ណា​ជ្រៀតជ្រែក​បានឡើយ​។

ទាក់ទង​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ដែរ នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ ដែរ​ថា ការអំពាវនាវ​របស់​ស្ថានទូត​អាមេរិក ជាការ​រអៀសខ្លួន ដោយ​ខ្លួនឯង ប៉ុន្តែ​ជាក់ស្តែង​មិន​មាន​បញ្ហា​អ្វី​កើតឡើង​ទេ​។ ​នាយ​ឧ​ត្ត​ម​សេនីយ៍​បញ្ជាក់​ថា យើង​ដឹង​ហើយ​ថា អាមេរិក​ធ្វើ​ឲ្យ​មនុស្ស​មួយចំនួន​មិនសូវ​ស្រលាញ់ ដូច្នេះ​ការ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្លួន​ប្រុងប្រយ័ត្ន​វា​ជា​រឿង​ធម្មតា​ទេ សម្រាប់​ពលរដ្ឋ​អាមេរិក ព្រោះ​គាត់​បាន​សាង​អំពើ​បាប​ជាច្រើន នៅ​បណ្តា​ប្រទេស​មួយចំនួន ដូចជា​នៅ​អ៊ីរ៉ាក់ នៅ​ស៊ី​រី​ជាដើម ប៉ុន្តែ​ចំពោះ​កម្ពុជា គ្មាន​បញ្ហា​អ្វី​កើតឡើង​ទេ ពីព្រោះ​ការងារ​សន្តិសុខ សមត្ថកិច្ច​ទាំងអស់​មិន​ប្រហែស​នោះ​ទេ​។ សមត្ថកិច្ច​កម្ពុជា និង​ប្រជាជន​កម្ពុជា នៅតែ​ការពារ​ពលរដ្ឋ​អាមេរិក​ជានិច្ច​។

ទាក់ទង​ការងារ​សន្តិសុខ សម្រាប់​ការបោះឆ្នោត​នេះដែរ នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ ធ្លាប់បាន​អះអាងថា ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ត្រៀមកម្លាំង​សមត្ថកិច្ច​ចម្រុះ ប្រមាណ​១០​ម៉ឺន​នាក់ ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង តំណាង​រាស្ដ្រ នីតិកាល​ទី​៦ ខាងមុខនេះ ក្នុង​នោះ មាន​ទាំង​កម្លាំង​នគរបាលជាតិ កម្លាំង​កងយោធពល​ខេមរភូមិន្ទ និង​កម្លាំង​កងរាជអាវុធហត្ថ រួមទាំង​មាន​កម្លាំង​ប្រជា​ការពារ​ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu