Ad Code

ដំណឹង​របៀប​ប្រុស​ប្រកាន់​ស្រី​ប្រកែក​រវាង ច្រឹង ពលរដ្ឋ ជាមួយ​ថ្នាក់ដឹកនាំ​ក្លិប​ក្រសួងការពារជាតិ



ខ្សែបម្រើ​កណ្ដាល ច្រឹង ពលរដ្ឋ របស់​ក្លិប​ក្រសួងការពារជាតិ ដែល​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​ក្រុម ឈ្នះ​ជើងឯក​រង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ២​ឆ្នាំ​ជាប់ៗ​គ្នា នៅ​ពេល​នេះ​កំពុងតែ​សម្រាក​ព្យាបាល​របួស​របស់ខ្លួន ខណៈ​រូបគេ​បាន​ខកខាន​ជួយ​ក្រុម​នៅ​ដើមរដូវ​កាល​ឆ្នាំ​២០១៨​នេះ​។

នៅ​ដើម​សប្ដាហ៍​នេះ​ មាន​ដំណឹង​ឆ្លើយឆ្លង​គ្នា​ជាច្រើន​រវាង​កីឡាករ ច្រឹង ពលរដ្ឋ ជាមួយ​ក្លិប​ក្រសួងការពារជាតិ​។ ដោយ​ដំបូង​ឡើយ​លោក ទេព ឡុង​រចនា អ្នកចាត់ការ​ទូទៅ​រប​ស់​ក្លិប​បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុងស្រុក​ថា​កីឡាករ​រូប​នេះ​លែង​ជា​កីឡាក​របស់លោក​ទៀតហើយ​ដោយសារតែ​គេ​បាន​បាត់​ដំណឹង​សូន្យឈឹង​អំឡុង​ពេល​សម្រាក​ព្យាបាល​របួស​។

​ចំណែក​កីឡាករ ច្រឹង ពលរដ្ឋ វិញ​បាន​ឆ្លើយឆ្លង​វិញ​តាមរយៈ​វិ​ប​សាយ​ផ្លូវការ​របស់​គណៈកម្មកា​រ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) ថា ទោះបី​ខ្លួន​មិនបាន​ទៅ​ចូលរួម​ហ្វឹកហាត់​ឬ​មិនបាន​បង្ហាញខ្លួន​ជាមួយ​ក្លិប​មែន តែ​រូបគេ​បាន​សំងំ​ហ្វឹកហាត់​ខ្លួនឯង​នៅ​ក្រៅ​ទីលាន ឬ​ហាត់​ហែល​ទឹក​ដើម្បី​ពង្រឹង​សរសៃ gym ដើម្បី​ប្រមូល​សាច់ដុំ​ឡើងវិញ​ក្រោយ​សម្រាក​រយៈពេល​យូ​។ រូបគេ​ថា ​គេ​ក៏​ហ្វឹកហាត់​ពង្រឹង​ផ្នែក​កម្លាំង​ដើម្បី​ឲ្យ​សម្រួល​ស​សៃ​ដែរ​។ យ៉ាងណា​រូបគេ​បាន​សន្យាថា​នឹង​ចូល​ហ្វឹកហាត់​ក្នុង​ក្លិប​វិញ​នៅ​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​នេះ​។



ងាក​មក​លោក ភា សុភ​ត្រា គ្រូបង្វឹក​ក្រសួងការពារជាតិ វិញ​បាន​បាន​ឆ្លើយតប​នឹង​ការបកស្រាយ​របស់​ច្រឹង ពលរដ្ឋ តាមរយៈ​ទូរទស្សន៍ BTV News ថា «​ការហ្វឹកហាត់​ខ្លួនឯង ទោះបី​កីឡាករ​អាជីព​ក៏មាន​អ្នក​តាមដាន និង​យកចិត្តទុកដាក់​ដែរ អំឡុង​ពេល​របួស។ ហាត់​ខ្លួនឯង ប៉ុន្ដែ​ជា​មកវិញ គាត់​លេង​បាន​ឬ​អត់​ទេ​? ស្គាល់​ពី​តាក់​ទិច​របស់​គ្រូ ឬ​ក្រុម​អត់​? គាត់​អត់​ដឹង​ទេ។ អញ្ចឹង​ខ្ញុំ​គិតថា ការសន្យា ជាមួយនឹង​ការ​បកស្រាយ​របស់​គាត់​ថា នឹង​មក​ហាត់​ថ្ងៃនេះ​(​ថ្ងៃ​ច័ន្ទ​) តែ​គាត់​មិនបាន​បង្ហាញ​វត្តមាន ដូច្នេះ​មានន័យថា គាត់​បាន​បោកប្រាស​ក្លិប​សាជាថ្មី សូម្បីតែ​ខ្ញុំ ក៏​គាត់​មិន​ឲ្យ​ដំណឹង​មក​ខ្ញុំ ព្រោះ​គាត់​ធ្លាប់​សន្យាថា យ៉ាងហោចណាស់​១​សប្ដាហ៍​មក ២​ដង​»​។

កីឡាករ​ខ្សែបម្រើ​កណ្ដាល​រូបនេះ​បាន​រង​របួស​យារ​សរសៃ​ជង្គង់​ខាងស្តាំ នៅក្នុង​ប្រកួត​សប្តាហ៍​ទី​១៧​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​ឆ្នាំ​២០១៧ ក្នុងជំនួប​យកឈ្នះ​២​ទល់​១ លើ​ក្លិប​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ម្ល៉េះ​។ យ៉ាង​ណា​ក្តី​អំឡុង​ពេល​អវត្តមាន​កីឡាករ ច្រឹង ពលរដ្ឋ លោក ទេព ឡុង​រចនា គ្រូបង្វឹក​របស់​ក្រុម​នៅ​គ្រានោះ បាន​ដាក់​កីឡាករ​ជំនួស​តំណែង​តំបន់​កណ្តាល​នេះ​បណ្តោះអាសន្ន​សិន រហូត​ដណ្តើមបាន​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​លី​គ​កំពូល​កម្ពុជា នៅ​គ្រានោះ​។



​សូម​រំលឹក​ថា​ កីឡាករ​រូបនេះ​មាន​ពាក្យចចាមអារ៉ាម​ថា​ ក្លិប​បាល់ទាត់ Chonburi FC ដែល​ជា​សមាជិក​នៃ​លី​គ​កំពូល​ប្រទេស​ថៃ តាម​ប្រមាញ់​យក​ទៅ​ចូលរួម​ក្រុម ក្រោយ​ចប់​ស៊ី​ហ្គេម​ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី តែ​ក្រោយមក​ព័ត៌មាន​នេះ​ក៏​ស្ងប់​ទៅវិញ​។ មុន​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ឆ្នាំ២០១៨ ក៏មាន​ដំណឹង​មកពី​ប្រទេស​សិង្ហ​បុរី ថា​កំពុងតែ​តាម​ចាប់អារម្មណ៍​កីឡាករ​រូបនេះ​ដែរ តែ​ក៏​ស្ងប់ស្ងាត់​ជា​បន្ត​ទៀត​។ ចុងក្រោយ​មាន​ដំណឹង​ថា​ក្លិប ​CF La Nucía​សមាជិក​ពានរង្វាន់​លី​គ​លំដាប់​ទី​៤ របស់​ប្រទេស​អេ​ស្ប៉ា​ញ (Tercera División) តែ​ស្ថិត​ក្នុង​សភាព​ស្ងប់ស្ងាត់​ដូចគ្នា​។

កីឡាករ ច្រឹង ពលរដ្ឋ ទើប​មាន​អាយុ​២២​ឆ្នាំ​ប៉ុណ្ណោះ​ ធ្លាប់​ជា​សមាជិក​ក្នុង​ក្រុម​យុវជន​ថ្នាល​ប្រចាំ​ក្លិប​ព្រះខ័ន​រាជ (​ព្រះខ័ន​រាជ​ស្វាយរៀង បច្ចុប្បន្ន​) ហើយ​រូបគេ​ត្រូវ​បាន​លោក សំ វ៉ាន់​ដេ​ត ដាក់ឈ្មោះ​ក្នុង​ក្រុម​ឈុត​ធំ​ចាប់ពី​ឆ្នាំ​២០១០ ដល់​២០១៣ ហើយ​ចន្លោះ​ពី​ឆ្នាំ​២០១៣ ដល់​២០១៥ រូបគេ​ចូលរួម​ជាមួយ​ក្រុម​ត្រាយ​អាស៊ី (​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ បច្ចុប្បន្ន​) ហើយ​ចាប់ពី​ឆ្នាំ​២០១៥​ដល់​បច្ចុប្បន្ន​រូបគេ​ចូលរួម​ជាមួយ​ក្រុម​ក្រសួង​ការពារជាតិ​។ កីឡាករ​រូបនេះ​ធ្លាប់​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា តាំងពី U16,U19,U22 និង​ជម្រើសជាតិ​ផង​ដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu