Ad Code

ក្រសួង​ធនធានទឹក ៖ ទឹកជំនន់​បាន​លិច​ចូល​ភូមិ​សរុប​ចំនួន ១៧ ភូមិ ក្នុង​ឃុំ​ថ្មកែវ ឃុំសន្តិភាព ឃុំ​សេកុង និង​ឃុំ​ស្រែ​សំបូរ



ស្ទឹងត្រែង ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង​ពី ស្ថានភាព​ទឹកជំនន់​ដែល​ហូរ​ធ្លាក់​ពី​ប្រទេស​ឡាវ គិត​ត្រឹម​ម៉ោង ១២:៣០ នាទី​នេះ ទឹកជំនន់​បាន​លិច​ចូល​ភូមិ​សរុប​ចំនួន ១៧ ភូមិ ក្នុង​ឃុំ​ថ្មកែវ ឃុំ​សន្តិភាព ឃុំ​សេកុង និង​ឃុំ​ស្រែ​សំបូរ ខណៈ​ទឹក​ទន្លេសេកុង បាន​បន្ត​កើន​ឡើងដល់​កម្ពស់ ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន។



​ការ​ជូន​ដំណឹង​ជាថ្មី​របស់ ក្រសួង​ធនធានទឹក​ធ្វើឡើង ក្រោយពី ទំនប់​វា​រី​អគ្គិសនី Atta peu (​អាត់​តា​ពើ​) ភាគ​អាគ្នេយ៍​ប្រទេស​ឡាវ និង​ជាប់​ព្រំដែន​ខេត្តស្ទឹងត្រែង​ព្រមទាំង​ខេត្តរតនៈគិរី ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា បង្ក​ឲ្យ ស្លាប់​និង​បាត់​ខ្លួន ប្រជាពលរដ្ឋ​រាប់រយ​នាក់។



ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា ​មកដល់​វេលា​ថ្ងៃត្រង់ ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៨ នេះ ទឹកជំនន់​ដែល​ហូរ​ធ្លាក់ ពី​ប្រទេស​ឡាវ បាន​បន្ត​ជន់​លិច​ចូល​ភូមិឋាន​ប្រជាពលរដ្ឋ​យើង​មួយចំនួន​បន្ថែម​ទៀត ដែល​ស្ថិតនៅ​តំបន់​ព្រំដែន​កម្ពុជា​-​ឡាវ ក្នុងស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង។ គិត​ត្រឹម​ម៉ោង ១២និង៣០ នាទី​នេះ ទឹកជំនន់​បាន​លិច​ចូល​ភូមិ​សរុប​ចំនួន ១៧ ភូមិ ក្នុង​ឃុំ​ថ្មកែវ ឃុំ​សន្តិភាព ឃុំ​សេកុង និង​ឃុំ​ស្រែ​សំបូរ ខណៈ​ទឹក​ទន្លេសេកុង បាន​បន្ត​កើន​ឡើង​ដល់​កម្ពស់ ១១,៣៨ ម៉ែត្រ (​កម្រិត​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១១,៥០ ម៉ែត្រ​) ។ អាជ្ញាធរ​ខេត្ត កំពុង​បន្ត​ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ​ទៅកាន់​ទីទួល​សុវត្ថិភាព។



សូម​រំលឹក​ថា កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ ក្រសួង​ធនធានទឹក និង​ឧតុនិយម​កម្ពុជា បានចេញ​ប្រកាស​ព័ត៌មាន​ទាន់​ហេតុការណ៍​មួយ ស្ដីពី​ការ​បាក់​ទំ​បន់​សេ​ពាន សេ​ណាំ​ណ​យ SE –PIAN SE NAM NOI ស្ថិតនៅ​ខេត្ត​អាត់​តា​ពើ ប្រទេស​ឡាវ ដែលមាន​ចម្ងាយ​៧០​គីឡូម៉ែត្រ ពី​ព្រំដែន​កម្ពុជា​។ ក្រសួង​ធនធានទឹក បាន​បញ្ជាក់ថា ទំ​បន់​វា​រី​អគ្គិសនី​មួយ​នេះ មាន​សមត្ថភាព​ស្ដុក​ទឹក​ប្រមាណ​៥,០០០​លាន​ម៉ែត្រគូប និង​អាច​ផលិត​ថាមពល​អគ្គិសនី​បាន​៤១០​ម៉េ​កា​វ៉ា​ត់ ហើយ​ទឹក​ដែល​ហូរ​ចេញពី​ទំនប់​នេះ នឹង​ត្រូវ​ហូរ​ចូលមក​ទន្លេសេកុង។



ជា​មួយ​គ្នា​នេះ ក្រសួង​ធនធានទឹក ក៏បាន​ជូនដំណឹង​និង អំពាវនាវ ចំពោះ​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដង​ទន្លេសេកុង ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​អាជ្ញាធរ​ខេត្តស្ទឹងត្រែង ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ត្រៀមលក្ខណៈ​ឲ្យ​រួចជាស្រេច ដើម្បី​ជម្លៀស​ប្រជាជន​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព​។

យោង​តាម សារព័ត៌មាន Fox News​បាន ដកស្រង់​សម្តី​អាជ្ញាធរ អាជ្ញាធរ​នៅ​ប្រទេស​ឡាវ​បាន​ឲ្យ​ដឹង​នា​ថ្ងៃ​អង្គារ​នេះ​ថា មនុស្ស​មួយចំនួន​បាន​បាត់​បង់ជីវិត ហើយ​ខ្ទង់រយ​នាក់​ត្រូវ​គេ​រាយការណ៍​ថា បាន​បាត់​ខ្លួន ក្រោយពី​ទំនប់​វា​រី​អគ្គិសនី​មួយ​កន្លែង បាន​ដួល​រលំ នៅ​ខេត្ត Attapeu (​អាត់​តា​ពើ​) ភាគ​អាគ្នេយ៍​ប្រទេស​ឡាវ និង​ជាប់​ព្រំដែន​ខេត្តស្ទឹងត្រែង​ព្រមទាំង​ខេត្តរតនគិរី ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។ ទំនប់​ខាងលើ​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បញ្ចេញ​ទឹក​យ៉ាង​ជន់​ជោរ ទំហំ​ប្រមាណ ៥​ពាន់​លាន​ម៉ែត្រគូប នៅក្នុង​សង្កាត់​សាន​សៃ (San Sai) នៃ​ខេត្ត​ខាងលើ ខណៈ​អាជ្ញាធរ​បាន​ចេញ​ប្រតិបត្តិការ​ជាបន្ទាន់ ដើម្បី​ជម្លៀស​មនុស្ស​ចេញ​។



សូម​រំលឹក​ថា ទំនប់​វា​រី​អគ្គិសនី​ខាងលើ ត្រូវ​បាន​សាងសង់​ឡើង​ដោយ​គម្រោង​រួមគ្នា​មួយ ដឹកនាំ​ដោយ​បណ្តាញ​ក្រុមហ៊ុន​កូរ៉េខាងត្បូង សហការ​ជាមួយ​ថៃ និង​ឡាវ​។ ទំនប់​នេះ ត្រូវ​បាន​គេ​គ្រោង​នឹង​បើក​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ឆ្នាំនេះ ប៉ុន្តែ​វា​មិនទាន់​ច្បាស់​នៅឡើយ​ទេ​ថា តើ​វា​បានចាប់ផ្តើម​ប្រតិបត្តិការ​ហើយ ឬ​នៅ​នោះ​ឡើយ មុន​ហេតុការណ៍​ទំនប់​នេះ​កើតឡើង​៕

     



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu