Ad Code

ក្លិប​បឹងកេត​ថា​ ការ​ប្តូរ​និមិត្តសញ្ញា​ថ្មី​នៅ​រដូវ​កាល​ក្រោយ​ គឺជា​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍន៍​ក្លិប



ក្លិប​បឹងកេត​អែ​ហ្វ​ស៊ី ម្ចាស់​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ៣​សម័យកាល​បាន​ប្រកាស​នៅ​ពាក់កណ្ដាល​សប្ដាហ៍​នេះ​ថា​ ក្លិប​របស់​ខ្លួន​នឹងធ្វើ​ការផ្លាស់ប្តូរ​និមិត្តសញ្ញា​ថ្មី (Logo) នៅ​រដូវ​កាល​ក្រោយ ខណៈ​ក្លិប​ដែល​មាន​ប្រភព​មកពី​ខេត្តកំពង់ចាម​មួយ​នេះ​ យល់ថា​ ការ​ផ្លាស់ប្តូរ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍន៍​ក្លិប​ផងដែរ​។



ក្លិប​បឹងកេត បាន​បញ្ជាក់ថា «​និមិត្តសញ្ញា​ថ្មី​នេះ​ត្រូវបាន​រចនា​ឡើង​ដោយ​ផ្អែកលើ​លំនាំ​ដើម​នៃ​និមិត្តសញ្ញា​បច្ចុប្បន្ន​ដែល​ក្លិប​បាននឹងកំពុង​ប្រើប្រាស់​តាំងពី​ឡើងមក​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ក្នុង​ឆ្នាំ​២០១២ មក ហើយ​ច្នៃ​បន្ថែម​ដើម្បី​ឲ្យ​មាន​ភាពទាន់សម័យ​និង​ទំនើប​ភាពស្រប​ទៅតាម​យុគសម័យ​ថ្មី​នៃ​បាល់ទាត់​»​។



ប្រភព​បន្ត​ថា «​ក្លិប​បាល់ទាត់​អាជីព​នានា​នៅ​ជុំវិញ​ពិភពលោក​បាន​ធ្វើ​ការ​កែ​សម្រួល​និមិត្តសញ្ញា​របស់​ពួកគេ​ពី​មួយ​ពេល​ទៅ​មួយ​ពេល​ ដើម្បី​បង្កើន​ភាព​ស្រស់ស្អាត​និង​ទាន់សម័យ​។ ក្លិប​បឹងកេត តែងតែ​ព្យាយាម​គិត​ដើម្បី​អភិវឌ្ឍ​ក្លិប​ឲ្យ កាន់តែ​រីកចម្រើន​ឡើង​ហើយ នេះ​ជា​លើកដំបូង​ដែល​ពួក​យើង​ធ្វើ​បច្ចុប្បន្នភាព​និមិត្តសញ្ញា​របស់​យើង​។ នេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ផែនការអភិវឌ្ឍន៍​ក្លិប ហើយ​ពួកយើង​ជឿជាក់ថា​ អ្នកគាំទ្រ​របស់​យើង​នឹង​ទទួលដំណឹង​រំភើប​រីករាយ​ខ្លាំង​ជាង​នេះ​ច្រើន​ទៀត​នៅពេល​ខាងមុខ​។ ពួកយើង​នឹង​ចាប់ផ្ដើម​យុគសម័យ​ថ្មី​ដ៏​រីករាយ​ជាមួយ​ការផ្លាស់ប្ដូរ​និមិត្តសញ្ញា​ថ្មី​របស់​យើងទាំងអស់គ្នា​»​។

ការផ្លាស់​ប្តូ​រ​និមិត្តសញ្ញា​ថ្មី​នេះ​របស់​ក្លិប​បឹងកេត គឺ​ធ្វើ​ឡើង​ក្រោយពេល​ក្លិប ទើបបាន​ផ្លាស់ប្ដូរ​ម្ចាស់​ថ្មី គឺ​លោកស្រី ពុទ្ធ ធីតា បាន​រយៈពេល ៨៤​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ការ​ចាកចេញ​របស់​ម្ចាស់​ក្លិប​ចាស់​គឺ​លោក​ឧកញ៉ា ស៊ីវ ថា​។ ប្រធាន​ក្លិប​ថ្មី​កំពុង​សម្លឹង​មើល​រក​ទីតាំង​កសាង​កីឡដ្ឋាន​ផ្ទាល់ខ្លួន​ដោយ​គ្រោង​ចំណាយ​ប្រហែល​១,៥​លាន​ដុល្លារ​អាមេរិក​។



​ក្លិប​បឹងកេត ឡើង​មកលេង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នៅ​ឆ្នាំ​២០១២ ហើយ​ធ្លាប់​ឈ្នះ​ជើងឯក​ចំនួន​៣​លើក​គឺ​នៅ​ឆ្នាំ​២០១២,២០១៦ និង​២០១៧ ខណៈ​នៅ​ឆ្នាំ​២០១៣ និង​២០១៤ ត្រឹម​ឈរជើង​ឯក​រង​។ នៅ​ឆ្នាំ​២០១៧ ក្រុម​នេះ​ឈ្នះ​ពានរង្វាន់ CNCC Cup 2017 ផងដែរ​។ ចំណែក​ពានរង្វាន់​នៅក្រៅ​ស្រុក​វិញ​ក្រុម​ដែលមាន​ប្រភព​មកពី​ខេត្តកំពង់ចាម មួយ​នេះ​ធ្លាប់​ចេញទៅ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​ពានរង្វាន់ AFC President's Cup នៅ​ឆ្នាំ​២០១៣ ធ្លាប់​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ Toyota Mekong Club Championship 2015 តែ​ចាញ់​ក្រុម Buriram United របស់​ថៃ និង​ប្រកួត​ក្នុង​ពានរង្វាន់​នៅ​ឆ្នាំ​២០១៦ និង​២០១៧ ផង​ដែរ​។ នៅ​ឆ្នាំ​២០១៨​និង​២០១៨ ក្រុម​នេះ​មានឈ្មោះ​ចេញទៅ​លេង​ពានរង្វាន់​លំដាប់​ទី​២​ប្រចាំ​ទ្វីបអាស៊ី AF Cup ផងដែរ​តែ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូ​ល​ដូចគ្នា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu