ភ្នំពេញ ៖ ដោយយោងតាមការស្រាវជ្រាវរបស់វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យកាល់ម៉ែតបានឲ្យដឹងថា ការស្លាប់ភ្លាមៗ គឺជាការស្លាប់ ដែលមិនអាចរង់ចាំការសង្គ្រោះ ជួនកាលមិនមានអ្វីដែលអាចពន្យល់ពីការស្លាប់នេះបានទេព្រោះជាទូទៅជនរងគ្រោះបាត់បង់ស្មារតី មិនមានដង្ហើម និងជីពចរនោះទេ។
ការស្លាប់ភ្លាមៗ ជាមូលហេតុនៃការស្លាប់ប្រហែល ៤សែននាក់ក្នុងមួយឆ្នាំ នៅសហរដ្ឋអាមេរិក និងប្រហែលជា ៤ម៉ឺននាក់នៅប្រទេសបារាំង ដែលមូលហេតុចម្បងគឺបណ្តាលមកពីជំងឺបេះដូង (ជំងឺនេះកើនឡើង សមាមាត្រនឹងអាយុ)។ នៅប្រទេសសឹង្ហបុរី ជំងឺបេះដូងគឺជាមូលហេតុទី២ នៃការស្លាប់ ស្មើនឹង ២៤% នៃការស្លាប់សរុប ដែលក្នុងនោះប្រមាណជា ២៤០០នាក់ មានជំងឺស្ទះសរសៃឈាមបេះដូង ហើយមនុស្សជិត ១០០០នាក់ក្នុងនេះបានរងគ្រោះដោយការគាំងបេះដូងភ្លាមៗ នៅកន្លែងផ្សេងៗក្រៅពីមន្ទីរពេទ្យ (ភាគរយសរុបនៃការរស់រានមានជីវិតក្នុងក្រុមនេះ មានប្រមាណតែ ២,៦%ប៉ុណ្ណោះ) ហើយមនុស្សរាប់រយនាក់ផ្សេងទៀត រងគ្រោះដោយគាំងបេះដូង នៅពេលទៅដល់មន្ទីរពេទ្យ។
មូលហេតុទូទៅដែលបណ្តាលឲ្យស្លាប់ភ្លាមៗរួមមានដូចជាជំងឺស្ទះសរសៃឈាមបេះដូង ការស្ទះផ្លូវដង្ហើមដោយវត្ថុផ្សេងៗការលង់ទឹក ជំងឺស្ទះសរសៃឈាមខួរក្បាលការលេបថ្នាំហួសកម្រិត ការចងក ការហឺតផ្សែង ការឆក់ខ្សែភ្លើង អាល់លែកហ្ស៊ីធ្ងន់ធ្ងរ ឬ ការគ្រោះថ្នាក់ប៉ះទង្គិចធ្ងន់ធ្ងរ។
គ្រូពេទ្យជំនាញបានឲ្យដឹងទៀតថា ជំងឺស្ទះសរសៃឈាមបេះដូង ភាគច្រើនបណ្តាលមកពីការកកជាតិខ្លាញ់ ដែលស្ទះតាមសរសៃឈាមទៅចិញ្ចឹមបេះដូង (Coronary artery) ដែលគេហៅថា Atherosclerosis។ រោគសញ្ញានៃជំងឺស្ទះសរសៃឈាមបេះដូងរួមមាន ដូចតឹងណែនទ្រូង ឈឺទ្រូងផ្នែកខាងមុខខ្លាំង អាចរាលដាលទៅ ក ថ្គាម ដើមដៃ ឬស្មាទាំងសងខាង ជាទូទៅមានរយៈពេលយូរលើសពី ២០នាទីហើយអាចមានសញ្ញារួមផ្សំដូចជា បែកញើស ចង្អោរ ហត់ ឬអស់កម្លាំង។
កត្តាបង្កដែលមិនអាចកែប្រែបានមាន ភេទ តំណពូជ ជាតិសាសន៍ និងអាយុ កត្តាបង្កដែលអាចកែប្រែបានមានការលើសជាតិខ្លាញ់ ការលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម ការជក់បារី ការមិនមានលំហាត់ប្រាណ ការលើសទម្ងន់ស្ត្រេស និងឆេវឆាវ។
ធ្វើការសង្គ្រោះចលនាបេះដូង និងសួតភ្លាមៗឬក៏ឆាប់ធ្វើការឆក់បេះដូងភ្លាមៗនិងឆាប់បញ្ជូនជនរងគ្រោះមកមន្ទីរពេទ្យជំនាញដើម្បីព្យាបាលទាន់ពេល។
ជាមួយគ្នានោះដែរ គ្រូពេទ្យជំនាញក៏បានធ្វើការបង្រៀនចំណេះដឹងទូទៅនៃការសង្គ្រោះបឋមជាសាធារណៈ នៃការជួយសង្គ្រោះចលនាបេះដូង និងសួត មានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយអត្រាការស្លាប់ភ្លាមៗ ដែលភាគច្រើនកើតឡើងនៅក្រៅមន្ទីរពេទ្យ។
សកម្មភាពនៃការជួយសង្គ្រោះបន្ទាន់ នៅរយៈពេលប៉ុន្មាននាទីដំបូង គឺជាកត្តាចម្បងក្នុងការជួយដល់អាយុជីវិតជនរងគ្រោះ ហើយសកម្មភាពនេះ អាចធ្វើឡើងដោយពួកយើងទាំងអស់គ្នា និងនៅគ្រប់ទីកន្លែង ហើយអ្វីដែលចាំបាច់នោះគឺ ចំណេះដឹង និងរបៀបសង្គ្រោះបន្ទាន់ដែលត្រឹមត្រូវ។
ប្រសិនបើមានរោគសញ្ញា ឬការសង្ស័យដូចបានរៀបរាប់ខាងលើសូមមេត្តាប្រញាប់បញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យបន្ទាន់ ដើម្បីធ្វើការសង្គ្រោះជីវិតទាន់ពេលវេលា៕
Source: Kampuchea Thmey Daily
0 Comments