សៀមរាប ៖ ប្រាសាទបាគងស្ថិតនៅភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅភាគខាងត្បូងនៃប្រាសាទព្រះគោ។ ប្រាសាទនេះកសាងឡើងដោយព្រះបាទឥន្ទ្រវរ្ម័នទី១ នៅចុងស.វទី៩ (៨៨២) ដើម្បីឧទ្ទិសថ្វាយដល់ព្រះសិវៈ។
ប្រាសាទបាគងស្ថិតនៅចំកណ្តាលនៃរាជធានី ហរិហរាល័យ គឺជាឈ្មោះដែលមានប្រភពមកពីអាទិទេព២អង្គ គឺព្រះហរិ និងហរៈ ដែលជាការសំយោគចេញពីព្រះវិស្ណុ និងព្រះសិវៈ។ វាជាប្រាសាទភ្នំ (សិប្បនិមិត្ត) ដែលតំណាងលោកធាតុ ភ្នំព្រះសុមេរុ ដែលជាលំនៅឋានរបស់អាទិទេពទាំងឡាយ រីឯជាន់ទាំង៤ដែលនៅនឹងតួប្រាសាទកណ្តាលវិញ វាទាក់ទងទៅនឹងអាទិទេពទាំង៤ (ភិភពនាគ ពិភពគ្រុឌ ពិភពបិសាច ពិភពយក្ស) រីឯជាន់ទី៥តំណាងឲ្យមហារាជ)។ ប្រាសាទនេះព័ទ្ធជុំវិញដោយកំពែងពីរជាន់ គឺកំផែងទីមួយមិនឋិតនៅចំប្លង់ប្រាសាទឡើយ ហើយមានបណ្តោយ ៩០០ម x ៧០០ម ឋិតនៅព័ទ្ធជុំវិញស្រះទឹកមួយព្រមទាំងលំអទៅដោយផ្លូវចូលទៅគ្រប់ជ្រុងទាំង៤ ព្រមទាំងជិតភ្ជាប់បង្កាន់ដៃនាគទាបៗ។ កំផែងជាន់ទី២វិញមានផ្លូវចូល២ ដែលធ្វើឡើងពីថ្មភក់និងថ្មបាយក្រៀម (ប៉ុន្តែមួយឋិតនៅខាងកើត មួយទៀតឋិតនៅខាងលិច) ដែលគេលំអរទៅដោយបង្កាន់ដៃនាគក្បាល២ធំៗ ឋិតនៅកាត់ស្រះដែលសព្វថ្ងៃរូបនេះខូតខាតអស់មួយចំនួនធំ។
តួប្រាសាទកណ្តាល គេអាចទៅទស្សនានៅគ្រប់ជាន់ទាំងប្រាំបាន ព្រោះជាន់នីមួយៗ ពុំមានទំហំប៉ុនគ្នាឡើយ ហេតុដូច្នោះហើយទើបគេអាចមើលឃើញ។ ប្រាសាទកណ្តាលឋិតនៅលើខឿនខ្ពស់មួយរាងការេ រៀបឡើងប្រាំជាប់ហើយគេបានលំអទៅដោយផ្កាឈូកមួយនៅចំពីលើកំពូល។ ចំណែកឯខឿនតួប្រាសាទនៅចំកណ្តាល តួនោះប្រហែលជាកសាងនៅសម័យក្រោយក្នុងអំឡុងស.វទី១២។
បើតាមរឿងព្រេងខ្មែរបានបញ្ជាក់ថា ទីកន្លែងសាងសង់ប្រាសាទនេះ គឺជាកន្លែងដែល តាគហេ ឲ្យបក្សីចាំក្រុងគង់ បន្ទាប់ពីការគេចផុតពីការតាមចាប់ខ្លួននៃកងទ័ពរបស់ស្តេចព្រហ្មកិល។ បន្ទាប់ពីបានឡើងសោយរាជ្យ ដើម្បីតបស្នងនូវគុណូបការៈរបស់តាគហេ បក្សីចាំក្រុង ក៏បានបញ្ជាឲ្យសាងប្រាសាទមួយត្រង់កន្លែងដែលតាគហេថា បាគង់សិន ប្រាសាទនោះហៅថា ប្រាសាទបាគង់ ដែលក្លាយមកជា ប្រាសាទបាគង សព្វថ្ងៃនេះ៕
Source: Kampuchea Thmey Daily
0 Comments