បាត់ដំបង ៖ លំអងធូលី និងកម្ទេចពោត ដែលសាយឡូមួយកន្លែងក្នុងស្រុកសំពៅលូនបាន និង កំពុងធ្វើការបង្ហុយពាសវាលពាសកាល ទៅលើលំនៅឋានរបស់ប្រជាពលរដ្ឋក្នុងភូមិ ត្រូវបានប្រជាពលរដ្ឋជាច្រើនគ្រួសារ ប្តឹងទៅអាជ្ញាធរដើម្បីមានវិធានការទប់ស្កាត់ បន្ទាប់ពីពួកគាត់មិនអាចទ្រាំបាននូវកម្ទេច លំអងទាំងនេះ។
ថ្មីៗនេះ ពិសេសគឺរយៈពេលប្រមាណ១សប្តាហ៍មកនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុង ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បានសម្តែងនូវប្រតិកម្មយ៉ាងខ្លាំងទៅលើទីតាំង សាយឡូ ១កន្លែង យីហោ សុកាន់យ៉ា ដែលយីហោនេះគឺជាឈ្មោះរបស់ថៅកែស្រី ដែលមានដើមកំណើតជាជនជាតិថៃ ដោយសារតែទីតាំងខាងលើនេះ បានធ្វើការបង្ហុយនូវលំអង កម្ទេចពោតតាមខ្យល់ពាសវាលពាសកាល។
ប្រជាពលរដ្ឋនៅទីនោះ បាននិយាយថា ប្រជាពលរដ្ឋដែលរស់នៅជិតខាង ប្រមាណជា
១០គ្រួសារ បានកើតទុក្ខមិនសុខចិត្ត ដោយសារតែពួកគេមិនអាចទ្រាំបាននូវការបង្ហុយកម្ទេចពោតចេញពី សាយឡូសុកាន់យ៉ា ហើយបញ្ហានេះ បានកើតឡើងជារៀងរាល់ឆ្នាំ ពិសេសគឺដល់រដូវពោតម្តងៗ គឺពួកគាត់សឹងតែមិនអាចរស់នៅក្នុងផ្ទះកើត។
ពួកគាត់បានសង្កត់ធ្ងន់ថា បញ្ហានេះបានកើតឡើងតាំងពីជំនាន់លោកអភិបាលស្រុកមុន ប៉ុន្តែរាល់ពាក្យបណ្តឹងរបស់គាត់គឺហាក់បីដូចជាគេមិនសូវយកចិត្តទុកដាក់ទាល់តែសោះ ឯការបង្ហុយនៅតែដដែល គឺគ្មានការប្រែប្រួលនោះទេ មិនខុសអីពីការត្រូវថ្នាំសណ្តំរបស់ម្ចាស់សាយឡូនោះឡើយ។
ជុំវិញបញ្ហានេះ កម្ពុជាថ្មី បានសាកសួរទៅលោក ងាវ ប៊ុនយាង អភិបាលស្រុក សំពៅលូនកាលពីព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៨ ដោយលោកបានលើកឡើងថា បញ្ហានេះគឺលោកបានទទួលតាំងពី២ថ្ងៃមុន ដោយលោកបានពិនិត្យទៅឃើញថា ម្ចាស់សាយឡូបានយកស្បៃមកបាំងដែរ តែនៅមិនឈ្នះកម្លាំងខ្យល់ ដូច្នេះលោកនឹងធ្វើការកោះហៅភាគីទាំងសងខាង ដើម្បីមកសម្របសម្រួល និងរកវិធីដោះស្រាយរួមមួយ ក្នុងការរិះរកច្រកចេញអោយបាន ព្រមទាំងមានការឯកភាពពីភាគីទាំងសងខាង ទើបបញ្ហានេះបានស្ងប់ បើមិនដូច្នេះទេ គឺនៅតែមិនអាចដំណើរការក្នុងកិច្ចការសាយឡូនោះបានទេ ត្រូវតែរកច្រកចេញអោយបានសិន៕
Source: Kampuchea Thmey Daily
0 Comments