Ad Code

ក្រសួង​អប់រំ កំពុង​ជំរុញ​ឲ្យ​គ្រូបង្រៀន​លុបបំបាត់​ការប្រើ​ហិង្សា​លើ​សិស្ស​នៅ​សាលារៀន



ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា កំពុង​រៀបចំ​ផែនការ​សកម្មភាព​ធ្វើយ៉ាងណា​ដើម្បី​លុបបំបាត់​ការប្រើ​អំពើ​ហិង្សា​របស់​គ្រូបង្រៀន ទៅលើ​សិស្ស​នៅ​សាលារៀន​ឲ្យបាន​១០០%​។

នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​អនុវត្ត​គោលនយោបាយ និង​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត​គោលនយោបាយ ស្តី​ពី​កិច្ចការពារ​កុមារ​នៅ​សាលារៀន កាលពី​ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ រាជធានី​ភ្នំពេញ លោក ចាន់ សុភា អគ្គលេខាធិការរង នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​អភិវឌ្ឍ​យុវជន និង​ជា​ប្រធាន​នាយកដ្ឋាន​បឋមសិក្សា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍​អះអាង​ថា សព្វថ្ងៃ​នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា កំពុង​រៀបចំ​ផែនការ​សកម្មភាព​ធ្វើ​យ៉ាង​ណា ដើម្បី​លុបបំបាត់​ការប្រើ​អំពើ​ហិង្សា​របស់​គ្រូ​ទៅលើ​សិស្ស​នៅក្នុង​សាលារៀន ឲ្យបាន​១០០%​។ ការងារ​នេះ​បច្ចុប្បន្ន​ក្រសួង​អប់រំ យុវជន និង​កីឡា បានដាក់​ឲ្យ​ខេត្ត​ចំនួន ៣ គឺ​ខេត្តបាត់ដំបង ខេត្តកំពត និង ខេត្តព្រៃវែង ឲ្យ​អនុវត្ត​សាកល្បង​ជំហាន​ដំបូង មុននឹង​ឈានទៅ​អនុវត្ត​នៅ​ខេត្ត​ដ៏​ទៃៗ​ជា​បន្តបន្ទាប់​ទៀត​។

លោក​បន្ត​ថា ការ​ឈាន​ទៅ​លុបបំបាត់​អំពើ​ហិង្សា​នៅ​សាលារៀន​ឲ្យបាន​ទាំងស្រុង ១០០%​នោះ ទាមទារ​ការ​បណ្តុះបណ្តាល​លើកកម្ពស់​សមត្ថ​ភាព​គ្រូបង្រៀន​។ ទន្ទឹម​នេះ​ទាមទារ​ឲ្យ​មាន​កិច្ចសហការ​ពី​ក្រសួង​ពាក់ព័ន្ធ​ដូចជា​ក្រសួងមហាផ្ទៃ កិច្ចការនារី សង្គមកិច្ច សុខាភិបាល ជាពិសេស​គឺ​អាជ្ញា​រដ្ឋអំណាច​ភូមិ ឃុំ ស្រុក ខណ្ឌ នៅ​មូលដ្ឋាន​ចូលរួម​ដើម្បី​ការពារ​កុមារ​នៅ​សាលារៀន​ឲ្យមាន​ប្រសិទ្ធភាព​ផងដែរ​។ ឧទាហរណ៍​បើ​មាន​ករណី​មាន​អំពើហិង្សា​កើតឡើង តើ​សិស្ស ឬ​អ្នក​ដែល​បានឃើញ​អំពើ​ហិង្សា​នេះ ត្រូវ​ទៅរក​អន្តរាគមន៍​នៅទីណា​។ មួយទៀត​ដើម្បី​ទប់ស្កាត់​កុំឲ្យ​កើតមាន​អំពើ​ហិង្សា​កើត​ឡើងលើ​កុមារ ផ្នែក​សង្គមកិច្ច​ក៏ត្រូវ​ចុះ​អប់រំ​ផ្ទាល់​ដល់​មាតា បិតា អាណាព្យាបាល ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើយ៉ាងណា​កុំ​ឲ្យមាន​អំពើ​ហិង្សា​កើតមាន​លើ​កុមារ​ជា​កូនចៅ​របស់ខ្លួន​។

រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​បណ្ឌិតសភា​ចា​រ្យ ណាត ប៊ុន​រឿន​ថ្លែង​បញ្ជាក់ថា ដើម្បីឲ្យ​គោលនយោបាយ ស្តីពី​កិច្ចការពារ​កុមារ​នៅ​សាលារៀន អាច​អនុវត្ត​ទៅបាន និង​ប្រកបដោយ​ប្រសិទ្ធភាព តម្រូវឲ្យមាន​ផែនការ​សកម្មភាព​ច្បាស់​លាស់​មួយ​ក្នុងការ​អនុវត្ត​។

សិក្ខាសាលា​ផ្សព្វផ្សាយ និង​ដាក់ឲ្យអនុវត្ត​គោលនយោបាយ និង​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត​គោលនយោបាយ ស្តីពី​កិច្ច​គាំពារ​កុមារ​នៅ​សាលារៀន ក្រោម​ការរៀបចំ​របស់​នាយកដ្ឋាន​បឋមសិក្សា សហការ​ជាមួយ​អង្គការ​មូលនិធិ​សិទ្ធិ​កុមារ អង្គការ Chil Fund Cambodia អង្គការ UNICEF អង្គការ Plan international Cambodia ថ្ងៃនេះ​ដើម្បី​ពិគ្រោះ​យោបល់​ជាមួយ​អ្នកពាក់ព័ន្ធ​សំខាន់ៗ ដែល​រួមមាន​នាយកដ្ឋាន​នានា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​-​ខេត្ត ក្រសួង​ពាក់ព័ន្ធ ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ តំណាង​អង្គការ​ជាតិ អន្តរជាតិ និង​តំណាង​កុមារ ដើម្បី​ជជែក​ពិភាក្សា​ស្វែងរក​ធាតុ​ចូល និង​ការផ្តល់​មតិយោបល់ ក្នុងការ​រៀបចំ​ផែនការ​សកម្មភាព សម្រាប់​ការអនុវត្ត​ឲ្យមាន​ប្រសិទ្ធភាព​។ ក្រសួង​អប់រំ យុវជន និង​កីឡា​សង្ឃឹម​យ៉ាង​មុតមាំ​ថា គោលនយោបាយ និង​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត​គោលនយោបាយ ស្តីពី​កិច្ចការពារ​កុមារ​នៅ​សាលារៀន​នឹង​ឆ្លើយតប​ទៅនឹង​ឧ​ត្ត​ម​ប្រយោជន៍​ពិតប្រាកដ​របស់​កុមារ​គ្រប់រូប ក្នុងការ​អប់រំ​ប្រកបដោយ​សមធម៌ និង​គុណភាព ព្រមទាំង​អាច​ផលិត​បាន​ធនធានមនុស្ស ដែល​ឆ្លើយតប​នឹង​តម្រូវការ​របស់​សង្គម និង​ទីផ្សារការងារ​នាពេល​អនាគត ដូច​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​សកលលោក ព្រមទាំង​សម្រេចបាន​ចំណុច​ដៅ​នៅ​ឆ្នាំ​២០៣០​។ លោក​បណ្ឌិតសភា​ចា​រ្យ ណាត ប៊ុន រឿន ក៏បាន​រម្លឹក​ដល់​គ្រូបង្រៀន​ត្រូវ​រក​វិធីសាស្ត្រ​ក្នុងការ​បង្រៀន ដើម្បីឲ្យ​សិស្ស​ឆាប់​ចាប់បាន ងាយ​យល់ ឆាប់​ចេះ មិនមែន​បង្រៀន​តាមរ​បៀ​ប​ប្រើ​ទណ្ឌកម្ម​ដល់​សិស្ស​នោះទេ​។

ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​បន្ត​ការគាំទ្រ​ចំពោះ​គោលនយោបាយ និង​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត​គោលនយោបាយ​កិច្ចការពារ​កុមារ​នៅ​សាលារៀន ដើម្បី​បម្រើ​ផលប្រយោជន៍​ដល់​កុមារ​ទាំងអស់ និង​ប្រែក្លាយ​សាលារៀន​ឲ្យទៅជា​កន្លែង​សុខ​សុវត្ថិភាព​មួយ សម្រាប់​ការសិក្សា​រៀនសូត្រ​ទៅ​ថ្ងៃ​អ​នាគ​ត៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu