Ad Code

រដ្ឋាភិបាល​កូរ៉េ ផ្ដល់​អាហារូបករណ៍​ដល់​មន្ដ្រី​រាជការ​វ័យក្មេង​កម្ពុ​ជា​ដើម្បី​បន្ដ​ការសិក្សា​ថ្នាក់ អនុបណ្ឌិត​នៅ​ប្រទេស​កូរ៉េ



ភ្នំពេញ ​៖ រដ្ឋាភិបាល​កូរ៉េ តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (​ក​យ​កា​)​បានផ្ដល់​អាហារូបករណ៍ ដល់​មន្ដ្រី​រាជការ​វ័យក្មេង​កម្ពុជា​ចំនួន​១៤​រូប ​ដើម្បី​ទៅ​បន្ដ​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ជំនាញ​ផ្នែក​អប់រំ និង​បច្ចេកទេស​នៅក្នុង​ប្រទេស​កូរ៉េ​រយៈពេល​២​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២០​ខាងមុខនេះ​។

លោក ចុង យុន​ហ្គី​ល (Jeong Yun Gil) ប្រធាន​តំណាង​ការិយាល័យ ក​យ​កា ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍​ក្នុង​ពិធី​តម្រង់​ទិស​ដល់​មន្ត្រីរាជកា​រ​មកពី​ស្ថាប័ន​ផ្សេងៗ ដែល​ត្រូវ​ជ្រើសរើស​សម្រាប់​កម្មវិធី​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សាធារណរដ្ឋ​កូរ៉េ ថ្នាក់អនុបណ្ឌិត​សម្រាប់ ឆ្នាំ​សិក្សា ២០១៨-២០២០​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ថា​ការផ្ដល់​អាហារូបករណ៍​នេះ គឺជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​មន្ដ្រីរាជការ​វ័យ​ក្មេង​កម្ពុជា​ក្នុង​ការ ទទួល​បាន​នូវ​ការអប់រំ និង​ជំនាញ​បច្ចេកទេស សម្រាប់​ការសិក្សា​លើ​មុខវិជ្ជា​ផ្សេងៗ​គ្នា តាម​សាកល វិទ្យាល័យ​ល្បីៗ​នៅ​ប្រទេស​កូរ៉េ​ចំនួន​១៣ នៅក្នុង​វិស័យ​កសិកម្ម វិស័យ​អភិវឌ្ឍ​ជនបទ វិស័យ​អប់រំ វិស័យ​អភិបាលកិច្ច វិស័យ​បច្ចេកវិទ្យា និង​វិស័យ​បរិស្ថាន និង​ថាមពល​។

លោក ចុង យុន​ហ្គី​ល បាន​ជំរុញ​ដល់​បេក្ខភាព ជាប់​អាហារូបករណ៍​ទាំងអស់ ត្រូវ​ប្រើប្រាស់​ឱកាស​ដ៏​ល្អ​នេះ​ដើម្បី​រៀនសូត្រ​ពី​ការអភិវឌ្ឍន៍​របស់​ប្រទេស កូរ៉េ ក្នុងអំឡុងពេល​ស្នាក់នៅ និង​សិក្សា​រៀន​សូត ព្រមទាំង​ចែករំលែក​បទពិសោធន៍​របស់​ខ្លួន​នៅក្នុង ប្រទេស​កម្ពុជា​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ លោក​បាន​បន្ថែម​ថា ការ​ផ្ដល់​អាហារូបករណ៍​នេះ គឺ​បាន​ផ្ដល់​ជូន​ដល់​មន្ត្រីរាជការ​វ័យក្មេង​កម្ពុជា ដែល​មាន​ទេពកោសល្យ និង​ជួយ​អភិវឌ្ឍន៍​លើ​ជំនាញ វិជ្ជាជីវៈ និង​ចំណេះដឹង​នៅតាម​ក្រសួង ស្ថាប័ន​របស់​រាជរដ្ឋាភិបាល ដែល​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅក្នុង ប្រទេស​កម្ពុជា​។

កញ្ញា ម៉េង ហ៊ុយ​ទៀង ជា​បេក្ខភាព​ជាប់​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត​ទៅ​សិក្សា​នៅ​ប្រទេស​កូរ៉េ ផ្នែក​អប់រំ បាន​និយាយថា អាហារូបករណ៍​នេះ​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ផ្ដល់ឱកាស​ដល់ មន្ដ្រីរាជការ​កម្ពុជា​ទៅ​បន្ដ​ការសិក្សា​ថ្នាក់អនុបណ្ឌិត​នៅ​ប្រទេស​កូរ៉េ ដើម្បី​ទទួលបាន​នូវ​ចំណេះដឹង បទពិសោធន៍ ជំនាញ​បច្ចេកវិទ្យា និង​ប្រព័ន្ធ​អប់រំ​នៅក្នុង​ប្រទេស​កូរ៉េ ដែលមាន​ការរីកចម្រើន​។

កញ្ញា បាន​បន្ដ​ថា ការ​ជ្រើសរើស​យកមុខ​វិជ្ជា​អប់រំ​នេះ ដោយ​មើល​ឃើញ​ថា ការអប់រំ​នេះ​គឺ​ពិតជា​ដើរ​តួនាទី សំខាន់ ក្នុង​ការ​បណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្ស និង​ធ្វើការ​អភិ​ឌ្ឍ​ប្រទេសជាតិ​។

ចំណែក លោក ចេង បូរ​មី ជា​បេក្ខជន​ជាប់​អាហារូបករណ៍​ដែល​សិក្សា​លើ​ផ្នែក​អភិវឌ្ឍន៍ ទីក្រុង​បាន​ឲ្យ​ដឹងថា ការ​ទៅ​សិក្សា​លើ​ជំនាញ​នេះ​នៅក្នុង​ប្រទេស​កូរ៉េ នឹង​ទទួល​បាន​នូវ​បទពិសោធន៍ ចំណេះដឹង និង​ប​ច្ចេក​ទេស​ល្អៗ​នៅក្នុង​ប្រទេស​កូរ៉េ ហើយ​អាច​ស្វែងយល់​អំពី​សិល្បៈ វប្បធម៌ និង​ការ​រស់នៅ​របស់​ប្រជាជន ក៏ដូចជា​សិស្ស និស្សិត​កូ​រ៉ែ ជាពិសេស​ពេល​ត្រឡប់​មក​កម្ពុជា នឹង​យកចំណេះ ជំនាញ​ទាំងអស់​នេះ មក​ធ្វើការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​កា​រីក​ចម្រើន​ដូច ប្រទេស​កូរ៉េ​ដែរ។

កម្មវិធី​អាហារូបករណ៍​របស់​ក​យកា គឺជា​កម្មវិធី​ដែល​ទទួល​បាន​មូលនិធិ​យ៉ាង​ពេញលេញ ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​កូរ៉េ បាន​ចាប់​ផ្តើម​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី ឆ្នាំ​១៩៩៤​មក ដើម្បី​ចែករំលែក​បទពិសោធន៍​ពី​ការអភិវឌ្ឍន៍​របស់​កូរ៉េ ដល់​ប្រទេស​កម្ពុជា និង​ចូលរួម ចំណែក​ដល់​តម្រូវការ​អភិវឌ្ឍន៍ សម្រាប់​រយៈពេល​វែង​របស់​ប្រទេស​កម្ពុជា​។

គួរ​បញ្ជាក់​ថា ចាប់តាំងពី​ឆ្នាំ​១៩៩៤​រហូតមកដល់​ពេលនេះ រដ្ឋាភិបាល​កូរ៉េ តាមរយៈ​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​(​ក​យ​កា​)​បាន​ផ្ដល់​អាហារូបករណ៍ ដល់ មន្ដ្រីរាជការ​វ័យក្មេង​កម្ពុជា​ចំនួន​១៦០​រូប​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu