Ad Code

ក្រសួង​ធនធានទឹក ប្រើប្រាស់​គ្រឿងចក្រ​ជិត ៥០ គ្រឿងក្នុង យុទ្ធនា​ការជួសជុល​ទ្រង់ទ្រាយ​ធំ​ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត



ភ្នំពេញ​ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បើក​យុទ្ធនា​ការ​ជួសជុល​ទ្រង់ទ្រាយ​ធំ​ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដោយ​ប្រើប្រាស់ គ្រឿងចក្រ​ជិត ៥០ គ្រឿង សំរុក ជួសជុល ឲ្យ​រួចរាល់​រយៈពេល ពីរ​ថ្ងៃ ខ​ណៈ​ទឹក ស្ទឹង​ព្រែក​ត្នោត បាន​ស្រក ងាយស្រួល​ឲ្យ​ក្រុម​ការ​ងារ​ជួសជុល​និង​ថែទាំ​។



ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត ទាំង​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល បាន​ស្រក​ផុតពី​ការព្រួយបារម្ភ​ហើយ។ ទន្ទឹមនឹង​ការ​ស្រក​ចុះ​ភ្លាម​នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជា​ឲ្យ​ក្រុមការងារ បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ ជួសជុល​ឡើងវិញ​នូវ​ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ជាពិសេស គឺ​ផ្តោត​ទៅ​លើ​កន្លែង​ដែលមាន​ការហូរ​ច្រោះ​នាពេល​កន្លងមក។

ក្រសួង​បន្ត​ថា យុទ្ធនា​ការជួសជុល​ទ្រង់ទ្រាយ​ធំ​នេះ ត្រូវ​បាន​ធ្វើឡើង​នៅ ៥ ទីតាំង​សំខាន់ៗ ដោយ​ប្រើប្រាស់​គ្រឿងចក្រ​ជិត ៥០​គ្រឿង ហើយនឹង​ប្រើ​រយៈពេល​យ៉ាងយូរ​បំផុត ០២ ថ្ងៃ ឱ្យ​រួចរាល់​ជា​ស្ថាពរ។



ក្រសួង​បាន​បញ្ជាក់​ទៀត​ថា ការ​ហូរ​ច្រោះ (​រន្ធ​នាគ​) ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ត្រង់ចំណុច​ភូមិ​ថ្ម ឃុំ​ទៀន ខណ្ឌដង្កោ ត្រូវ​បាន​ចាត់ទុកថា​ជា​រន្ធ​នាគ​ដែល​ធំ​បំផុត និង​មិនដែល​ជួបប្រទះ​នា​ពេល​កន្លងមក។ រន្ធ​នាគ​នេះ​មានមុខ​កាត់ ៣,៦០​ម៉ែត្រ និង​ជម្រៅ ៤,៦០ ម៉ែត្រ។

គឺ​ត្រង់​ចំណុច​នេះ​ហើយ ដែល​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដឹកនាំ​ក្រុមការងារ អន្តរាគមន៍​ទប់ទល់​រហូតដល់​ម៉ោងជាង ០១ រំលង​អធ្រា​ត្រ ឈាន​ចូល​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៨ កន្លងទៅ ។ នៅ​ព្រឹក​នេះ ក្រសួង​បាន និង​កំពុងបើក​យុទ្ធនាការ​ជួសជុល​ឡើងវិញ។



សូម​រំលឹក​ថា ​ក្រោយពី​មាន​ជំនន់​ទឹកភ្លៀង នៅ​ស្ទឹង​ព្រែក​ត្នោត​និង ផ្លូវជាតិ​លេខ​៤ កាលពី​ថ្មី​កន្លងមកនេះ​លោក លឹម គានហោ រដ្ឋមន្ត្រី ក្រសួង​ធនធាន​ទឹកបាន បង្កើត​ក្រុម​ការ​ងារ​២៤​ម៉ោង​លើ​២៤ ជា​៦​ក្រុម​ដើម្បី​ពិនិត្យ​និង​តាមដាន​ជួយ​អន្តរា​គម​ន៍​ប្រសិនបើ​មានការ​ចាំបាច់ ក្រុម​ទី​១៖ ត្រូវ​ប្រចាំការ​តាមដាន​លើ​ស្ថានភាព​ទឹកជំនន់ និង​របាយ​ទឹកភ្លៀង​ក្នុងភូមិ​សាស្ត្រ​ស្រុក​ភ្នំស្រួច​, ក្រុមទី​២៖ ត្រូវ​ប្រចាំការ​នៅ​ទ្វារ​ទឹក​រលាំង​ជ្រៃ ហើយ​ត្រូវ​បន្ត​បើកទ្វារ​ទាំងអស់​ទម្លាក់​កំពស់​ទឹក​ក្នុង​ស្ទឹង​ព្រែក​ត្នោត​ឲ្យ​ទាប ដើម្បី​ស្រូប​យក​ទឹកជំនន់ ពី​ស្ទឹង​ស្រែខ្លុង​បាន​លឿន​, ក្រុម​ទី​៣៖ ដែល​កំពុង​ប្រចាំការ​នៅ​ទំនប់​៧​មករា (​កំពង់ទួល​) ត្រូវ​បន្ត​រំដោះ​ទឹក​ចេញ​បន្ថែម ដើម្បី​កុំ​ឲ្យ​ចាល់​ទឹក​ដែល​ទម្លាក់​ពី​កំពង់ស្ពឺ​ទៅ ហើយ​ពេល​ទឹក​ពី​កំពង់ស្ពឺ ទៅដល់​កំពង់ទួល ក្រុមការងារ​ត្រូវ​ចាត់ចែង​បែងចែក​ទឹក​នេះ​ជា​០២​ផ្នែក គឺ​មួយផ្នែក​ត្រូវ​បង្វែរ​ចូល​ទៅ​ទន្លេបាទី តាមរយៈ​ប្រឡាយ​លេខ​៧៨ និង​តាមរយៈ​ស្ទឹងតូច ឯ​មួយ​ផ្នែក​ទៀត ត្រូវ​ទម្លាក់​តាម​ព្រែក​ហូរ ចូលទៅ​ទន្លេបាសាក់​។



ក្រុម​ទី​៤ និង​ក្រុម​ទី​៥៖ ត្រូវ​ប្រចាំ​ការ​តាមដាន​ស្ថានភាព​ទឹក និង​របាយ​ទឹកភ្លៀង នៅ​ស្ទឹង​តា​សាល ស្ទឹង​ឃ្លៀច និង​ស្ទឹង​អូរ​តូចៗ​មួយ​ចំនួន​ទៀត ដែល​ហូរ​ចូល​ស្ទឹង​ព្រែក​ត្នោត និង​ក្រុមទី​៦៖ (​ក្រុម​គ្រឿងចក្រ​ធុន​ធ្ងន់​) ត្រូវ​ត្រៀមលក្ខណៈ​២៤​ម៉ោង លើ​២៤​ម៉ោង ដើម្បី​អន្តរាគមន៍​ក្នុងករណី​ចាំបាច់ ក៏ដូចជា​ត្រៀម​ជួសជុល​ឡើងវិញ​ជាបន្ទាន់ នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ ដែល​អាច​រង​ការខូចខាត​ដោយ​ទឹកជំនន់​៕

    



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu