Ad Code

មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​ប្តេជ្ញា​ចិត្ត​ខ្ពស់​បន្តសកម្មភាព​មនុ​ស្ស​ធម៌ តាមរយៈ​ការចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ



ភ្នំពេញ​ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​ប្តេជ្ញាចិត្ត​ខ្ពស់​បន្តសកម្មភាព​មនុ​ស្ស​ធម៌ តាមរយៈ​ការចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​។​



នៅក្នុង​ពិធី​ទទួល​ដំណើរ​មាតុភូមិនិវត្តន៍​របស់​កង​វិស្វកម្ម​ព្រលាន​យន្តហោះ​លេខ​១៨៩ ចំនួន ១៦៥​នាក់ និង​កង​កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ​លេខ​១២៣ ចំនួន ១៤៤​នាក់ ដែល​បញ្ចប់​បេសកកម្ម​រក្សា​សន្តិភាព​នៅ​ប្រទេស​ម៉ាលី និង​កងរាជអាវុធហត្ថ​លេខ​៦១៩ ចំនួន ៧៣​នាក់ ដែល​បញ្ចប់​បេសកកម្ម​រក្សា​សន្តិភាព​នៅ​សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង កាលពី​រសៀល​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ​២០១៨ នៅ​អគារ​មិត្តភាព នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែង​បញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០១៨​នេះ រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​ប្តេជ្ញាចិត្ត​ខ្ពស់​បន្តសកម្មភាព​មនុ​ស្ស​ធម៌ តាមរយៈ​ការចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ក្នុង​លោក​ជា​បន្ត​ទៀត ដែល​ក្នុង​នោះ​ជំរុញ​បង្កើន​ការ​បញ្ជ្រាប​ការប្រើប្រាស់​កម្លាំង​ជា​ស្ត្រី “​យេនឌ័រ​” នៅ​គ្រប់​ផ្នែក​ក្នុង​តំបន់​បេសកកម្ម ដោយ​ដើរ​តួនាទី ជា​នគរបាល​យោធា អ្នកស៊ើប​អង្កេត សង្កេតការណ៍​យោធា នាយសេនាធិការ និង​ជា​មេបញ្ជាការ​បេសកកម្ម​។​ល​។ ទន្ទឹម​នេះ​ផ្តោត​បន្ថែម​ទៅលើ​សកម្មភាព​វិស័យ​មួយចំនួន ដែល​កម្ពុជា​មានលទ្ធភាព​ចូលរួម និង​ខិតខំ​ធ្វើការ​កែលម្អ ការគ្រប់គ្រង​ពង្រឹង​ធនធានមនុស្ស ការ​បង្កើន​ចំនួន​ចូលរួម​ជា​ស្ត្រី ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​ទស្សនៈ​យេនឌ័រ គឺ​ការ​លើកស្ទួយ​ស្ត្រី​ដើម្បី​សន្តិភាព និង​សន្តិសុខ​ក្នុង​ប្រតិបត្តិការ​សន្តិភាព​រប​ស់​អង្គការសហប្រជាជាតិ​។ ក្នុងនាម​រាជរដ្ឋាភិបាល ក្រសួងការពារជាតិ សម្តេច​បាន​អបអរសាទរ​ចំពោះ​ស្នាដៃ​ដ៏​ត្រ​ចេះ​ត្រចង់ ដែល​កងកម្លាំង​មួក​ខៀវ​កម្ពុជា​សម្រេច​បាន​ក្នុង​ការ​បំពេញបេសកកម្ម​អន្តរជាតិ ដើម្បី​បុព្វហេតុ​សន្តិភាព និង​មនុស្សធម៌​នៅ​លើ​លោក​នា​ពេល​នេះ​។



សម្តេច​ពិជ័យ​សេនា​ក៏បាន​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​សេចក្តី​នឹករលឹក​ខ្លាំង​បំផុត​ចំពោះ​យុទ្ធជន យុទ្ធ​នារី នៃ​កងកម្លាំង​រក្សា​សន្តិភាព​ទាំងអស់ ដែល​កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​នៅក្រៅ​ប្រទេស​ផងដែរ​។ សម្តេច​ពិជ័យ​សេនា​បន្តថា ការ​បញ្ចប់​បេសកកម្ម​រក្សា​សន្តិភាព​ប្រកបដោយ​ជោគជ័យ និង​សុ​វត្ថ​ភាព​នៅ​សាធារណរដ្ឋ​ម៉ាលី និង​សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង​នាពេលនេះ គឺជា​សមិទ្ធផល​ថ្មី​មួយ​បន្ថែមទៀត ក្នុងចំណោម​សមិទ្ធផល​ជាច្រើន ដែល​កងកម្លាំង​កម្ពុជា​ទទួលបាន​ក្នុងការ​រួមចំណែក​បំពេ​ញ​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​។ លទ្ធផល​ដែល​ទទួលបាន​នេះ ក៏​ជា​ស្នាដៃ​ដែលមាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន ប្រកបដោយ​កិត្តិយស​ជូន​ជាតិ​មាតុភូមិ​នៃ​យើង និង​ជា​កិត្តិយស​សម្រាប់​ប្រជាជាតិ​កម្ពុជា ដែលជា​សក្ខីកម្ម​បញ្ជាក់ថា ប្រជាជន​កម្ពុជា​ពិតជា​មាន “​សុខដុម​នីយកម្ម​ជាតិ​” មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការកសាង​ប្រទេសជាតិ​របស់ខ្លួន ដែលជា​ប្រទេសមួយ​កំពុង​ដើរ​តួនាទី​យ៉ាងសកម្ម​ដោយ​ស្មើ​សិទ្ធិ ស្មើភាព ក្នុង​គ្រប់​កិច្ចការ​តំបន់ និង​នៅលើ​ឆាក​អន្តរជាតិ​។



លោក Alexandre Huynh តំណាង​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា តាងនាម​ប្រព័ន្ធ​អង្គការសហប្រជាជាតិ បាន​ថ្លែងអំណរគុណ​ដល់​កង​កម្លាំ​ង​បេសកកម្ម​កម្ពុជា​ទាំងអស់ ដែល បាន​ចូលរួមចំណែក​យ៉ាងសកម្ម ក្នុង​នោះ​មាន​យោធិន​នារីក្លាហាន​កម្ពុជា ក្នុងចំណោម​បុគ្គលិក​រក្សា​សន្តិភាព បាន​វិលត្រឡប់​មកពី​បំពេញបេសកកម្ម​ប្រកបដោយ​សុ​វត្ថិភាព​នា​ថ្ងៃនេះ​។ វត្តមាន​យុទ្ធ​នារី គឺ​បញ្ជាក់​ច្បាស់​ឲ្យ​ឃើញ​ពី​ភាព​បម្រែបម្រួល​ជា​វិជ្ជមាន​ផ្នែក​យេនឌ័រ​ក្នុង​កងយោធពល​ខេមរភូមិន្ទ​។

លោក​បញ្ជាក់​ថា ប្រតិបត្តិការ​របស់​អង្គការសហប្រជាជាតិ​មាន​លក្ខណៈ​ចម្រុះ​ក្នុង​តំបន់​ជាច្រើន ហើយ​កម្លាំង​រក្សា​សន្តិភាព​ត្រូវ​ធ្វើការ​ចល័ត​តាម​ទីកន្លែង ដែល​សន្តិភាព​មានការ​ធ្លាក់ចុះ ប្រឈម​និង​អំពើ​ហិង្សា និង​ហានិភ័យ​ដោយ​ជម្លោះ​ប្រដាប់​អាវុធ​។ ទោះបីជា​ពេលខ្លះ​កងកម្លាំង​រក្សា​សន្តិភាព​ត្រូវ​ប្រឈមមុខ​នឹង​ហានិភ័យ​ខ្ពស់​ក៏ដោយ ក៏​កង​រក្សា​សន្តិភាព​ជួយ​សហគមន៍​ឲ្យ​មាន​ស្ថេរភាព ផ្តល់​ការ​ការពារ​ដល់​ជន​ស៊ីវិល លើកកម្ពស់​នីតិរដ្ឋ ជំរុញ​សិទ្ធិមនុស្ស គាំទ្រ​ការ​កសាង​សន្តិភាព និង​ជំនួយ​ក្នុង​សកម្មភាព​មនុស្សធម៌​។



លោក​ក៏បាន​សរសើរ​ថា កាលពី​ឆ្នាំ​១៩៩០ ប្រទេស​កម្ពុជា​ធ្លាប់​ទទួល​ការ​គាំទ្រ​ពី​កងកម្លាំង​រក្សា​សន្តិភាព ដើម្បី​ស្វែងរក​សន្តិភាព​សម្រាប់​ប្រទេស និង​ប្រជាជន​ខ្លួន ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំក្រោយ​មកនេះ​ប្រទេស​កម្ពុជា ក៏បាន​ចាប់ផ្តើម​បញ្ចេញ​កម្លាំ​ង​ក្នុង​ប្រតិបត្តិ​ការ​រក្សា​សន្តិភាព​ពាសពេញ​ពិភពលោក​។

ជាង​នេះ​ទៀត ​កម្ពុជា​នៅតែ​បង្ហាញ​នូវ​ការ​តាំង​ចិត្ត​របស់ខ្លួន ក្នុង​ការ​បរិច្ចាគ​កង​កម្លាំង​ក្នុង​បេសកកម្ម​អង្គការសហប្រជាជាតិ ដើម្បី​សន្តិភាព និង​សន្តិសុខ​ពាសពេញ​ពិភពលោក៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu