ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានសង្ស័យថា គាត់បានធ្វើសកម្មភាពឆ្កឹះគាស់សោទ្វាររថយន្តគេលួចយកទ្រព្យសម្បត្តិ(លុយ)គេ ហើយត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃដដែល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ជនសង្ស័យខាងលើ ឈ្មោះ សៅ សុខអៀង ភេទប្រុស ជនជាតិខ្មែរ អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះសង់ថ្មី ភូមិព្រៃសាលាថ្មី សង្កាត់កាកា២ ខណ្ឌពោធិ៍សែនជ័យ។
លោក ម៉ូវ ហ៊ាង ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៦៣ ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ជាដើមបណ្តឹង ឬ ជនរងគ្រោះ បានរាយការណ៍ប្តឹងសមត្ថកិច្ចមូលដ្ឋានថា មុនពេលកើតហេតុគាត់បានបើករថយន្តរបស់គាត់ ចេញពីក្នុងផ្ទះមកចតទុកនៅខាងក្រៅផ្ទះប្រហែល២០០ម៉ែត្រ នៅវេលាម៉ោង៤ទៀបភ្លឺ រួចក៏ចូលមកដេកវិញ។ លុះពេលព្រឹកឡើងនៅម៉ោងប្រហែល៦ គាត់ទៅពិនិត្យមើលរថយន្តមានស្នាមរបើកខូចសោទ្វារខាងឆ្វេង និងបាត់លុយចំនួន៣៦ម៉ឺនរៀល ក៏មកប្តឹងសមត្ថកិច្ចប៉ូលិសមូលដ្ឋានឲ្យជួយអន្តរាគមន៍។
ប៉ូលិសនិយាយថា ក្រោយពីបានទទួលពាក្យបណ្តឹងរួច សមត្ថកិច្ចបានធ្វើការស្រាវជ្រាវតាមរយៈបណ្តាញកម្លាំងសម្ងាត់ និងបានស្គាល់មុខអត្តសញ្ញាណជនសង្ស័យខាងលើរួចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ នៅចំណុចតាមផ្លូវលេខ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ប៉ុន្តែជនសង្ស័យបានបដិសេធថា គាត់មិនបានលួចយកលុយទាំងនោះទេ ឯប៉ូលិសផ្អែកទៅសាក្សីជាជនសម្ងាត់មិនច្បាស់លាស់៕
Source: Kampuchea Thmey Daily
0 Comments