ខ្សែការពារ ស្រាំង ទិត្យឈី កំពុងប្រកបអាជីពនៅក្លិបបាល់ទាត់ភ្នំពេញក្រោន សមាជិកពានរង្វាន់លីគកំពូលកម្ពុជា បានប្រកាសនៅល្ងាចថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះលើទំព័រហ្វេសប៊ុករបស់ខ្លួនស្វែងរកជំនួយជូនដល់ជនរងគ្រោះដោយសារទឹកជំនាន់ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលជាខេត្តកំណើតរបស់ខ្លួន។
កីឡាករវ័យក្មេងរូបនេះបានបញ្ជាក់ថា «ខ្ញុំពិតជារន្ធត់ណាស់ ពេលឃើញខេត្តកំណើតរបស់ខ្ញុំលិចលង់ដោយទឹកជំនន់បែបនេះ ព្រោះខ្ញុំផ្ទាល់ធ្លាប់ជួបស្ថានភាពហ្នឹង អញ្ចឹងខ្ញុំដឹងថា វាពិតជាពិបាក ហើយគួរឲ្យភ័យខ្លាចណាស់។ ខ្ញុំសូមសំណូមពរដល់សប្បុរសជនទាំងអស់ ចូលរួមជាសម្ភារៈក្ដី គ្រឿងឧបភោគបរិភោគក្ដី ថវិកាក្ដី ទោះតិចឬច្រើន ដើម្បីជួយសម្រាលទុក្ខលំបាកដល់ប្រជាជនស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង»។
ប៉ុន្មានថ្ងៃនេះមានទឹកជំនន់ហូរចេញពីការបាក់ទំនប់ Se-Pian Se Nam Noi ក្នុងខេត្ត Attapeu ប្រទេសឡាវ ហើយជំរុញឲ្យកម្ពស់ទឹកទន្លេសេកុង កើតឡើងដល់ដំណាក់កាលប្រកាសអាសន្នត្រឹម១១,៥០ម៉ែត្រ កើនដល់កម្ពស់១២,១០ម៉ែត្រ ហើយកំពុងជន់ពន្លិចឃុំជាច្រើនក្នុងស្រុកសៀមប៉ាង និង ស្រុកសេសាន ខេត្តស្ទឹងត្រែង។ យោងតាមរបាយការណ៍បឋមរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថាទឹកជំនន់នេះបានបង្ខំឲ្យប្រជាជនប្រមាណ២ម៉ឺននាក់ ត្រូវជម្លៀសទៅរកទីសុវត្ថិភាព។
កីឡាករដែលដុះចេញពីយុវជនថ្នាលក្លិបភ្នំពេញក្រោន រូបនេះបន្តថា «ខ្ញុំបាទសូមប្រកាសស្វែងរកជំនួយពីរសប្បុរសជនទាំងឡាយដើម្បីជួយដល់ប្រជាពលរដ្ឋដែលដែលរស់នៅ ស្រុក សៀមប៉ាង ខេត្តស្ទឹងត្រែង ដែលរកគ្រោះដោយសារទឹកជំនន់។ សូមជួយទាំងអស់គ្នាតិចក្ដីច្រើនក្ដីហើយថវិកាដែលបានពីរសប្បុរសជនទាំងអស់នឹងយកទៅទិញគ្រឿងឧបភោគបរិភោគនិងស្បៀងអាហារដែលប្រជាពលរដ្ឋកំពុងនិងខ្វះខាត។ សូមទំនាក់ទំនងលេខទូរស័ព្ទ0962796900, 0315837766,
0714622227,015535933»។
ទិត្យឈី ជាខ្សែការពារសំខាន់មួយប្រចាំក្លិបភ្នំពេញក្រោន ខណៈសកម្មភាពរ៉ៃអង្គាសនេះគឺកើតចេញពីការសហការគ្នារវាងរូបគេជាមួយមិត្តភាពរួមជំនាន់របស់ខ្លួនដែលជាកូនចៅអ្នកខេត្តស្ទឹងត្រែង៕
Source: Kampuchea Thmey Daily
0 Comments