Ad Code

កីឡាករ​ និង​គ្រូ​ប្រណាំង​កង់ នឹង​ទៅ​បោះ​ជំរំ​ហាត់​នៅ​សាធារណរដ្ឋ​កូរ៉េ



សហព័ន្ធ​ខ្មែរ​កីឡា​ប្រណាំង​ទោចក្រយាន​បាន​ឲ្យ​ដឹងថា កីឡាករ​មួយរូប និង គ្រូបង្វឹក​មួយរូប​ នឹង​ចេញទៅ​បោះ​ជំរំ​ហ្វឹកហាត់​នៅ​សាធារណរដ្ឋ​កូរ៉េ​(​ខាងត្បូង​)​រយៈពេល​៣០​ថ្ងៃ។

នេះ​ជា​ការ​បោះ​ជំរំ​ហ្វឹកហាត់​កម្រិត​ពិភពលោក ដែល​រៀបចំឡើង​ដោយ​សហព័ន្ធ​អន្តរជាតិ​តែម្ដង។​ការបោះ​ជំរំ​នេះ មាន​រយៈពេល​៣០​ថ្ងៃ គឺ​ពី​ថ្ងៃទី​២១ ខែសីហា និង​ត្រឡប់មកវិញ​នៅ​ថ្ងៃទី ២០ កញ្ញា។

លោក វង្ស ខាន់​ពៅ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន បាន​ឱ្យ​ដឹង​ថា ​៖ នេះ​ជា​លើក​ទី ៣ ហើយ ដែល​មជ្ឈមណ្ឌល​កីឡា​ប្រណាំង​កង់​ដ៏​ធំ​របស់​កូរ៉េ​មួយ​នេះ បាន​ជួយ​ឲ្យ​ក្រុម​កង់​កម្ពុជា បាន​ទៅ​បោះជំរំ​ហ្វឹកហាត់​កម្រិត​ពិភពលោក​នេះ។

២​លើក​កន្លងមក សហព័ន្ធ​បាន​បញ្ជូន​ក្រុមកីឡា​ការិនី​ទៅ​ចូលរួម ដែល​លើក​ទី​១ មាន​រយៈពេល ៥០ ថ្ងៃ លើក​ទី ២ មាន​រយៈពេល ៣០ ថ្ងៃ​ដូច លើក​ទី ៣ នេះដែរ​។

លោក អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន បាន​បញ្ជាក់ថា ការ​ទៅ​បោះជំរំ​នេះ វា​មាន​ប្រយោជន៍​ទាំង​គ្រូបង្វឹក និង​កីឡាករ​របស់​យើង ព្រោះ​ក្នុងពេល​បោះជំរំ​នោះ កីឡាករ​ត្រូវ​ហ្វឹកហាត់​កម្មវិធី​ផ្សេងៗ ក្រោម​ការបង្ហាត់បង្ហាញ​ពី​គ្រូ​ជំនាញ​កម្រិត​ពិភពលោក​មកពី​អង់គ្លេស ហេតុនេះ​គ្រូបង្វឹក​របស់​យើង នឹង​ទទួលបាន​ចំណេះដឹង និង​បច្ចេកទេស​ទំនើប ពី​ការ​បោះជំរំ​នេះ​មក​បង្ហាត់​ដល់​អត្ត​ព​លិ​ក​កម្ពុជា​វិញ​។​

លោក វង្ស ខាន់​ពៅ ក៍​បានចាត់ទុក​ការចេញ​ទៅ​បោះជំរំ​រយៈពេល ៣០ ថ្ងៃ នៅ​កូរ៉េ នេះ​ថា វា​ជា​ពេលវេលា​ដ៏​មាន​ប្រយោជន៍ ដែល​នឹង​ជួយ​ឲ្យ​គ្រូបង្វឹក និង កីឡាករ ទទួលបាន​ទាំង​បទពិសោធន៍​និង​ចំណេះដឹង​ថ្មី យកមក​អភិវឌ្ឍ​វិស័យ​កីឡា​ប្រណាំង​កម្ពុជា​នៅ​កម្ពុជា ឲ្យ​កាន់តែ​មានការ​រីកចម្រើន ដើម្បី​ឆ្ពោះទៅកាន់​ការប្រកួត​ស៊ី​ហ្គេម ឆ្នាំ ២០២៣ នៅ​កម្ពុជា​៕​




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu