ពានរង្វាន់បាល់ទាត់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំទី១២ (Hun Sen Cup 2018) ក្រោមការរៀបចំពីសំណាក់គណៈកម្មការប្រកួតបាល់ទាត់ជាតិ (CNCC) សេនាធិការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងបន្តប្រកួតវគ្គតានតឹង៨ក្រុមចុងក្រោយជើងទី១នៅរសៀលថ្ងៃពុធ ទី១ ខែសីហា ឆ្នាំ២០១៨ នេះហើយលើ៣ទីលានផ្សេងគ្នា។
កម្មវិធីប្រកួតនៅក្នុងជើងទី១នេះវគ្គ១/៤ ផ្តាច់ព្រ័ត្រនេះក្រុមអង្គរថាយហ្គឺរ ទទួលក្រុមភ្នំពេញក្រោន នៅវេលាម៉ោង៣:៣០នាទីរសៀលលើទីលានកីឡដ្ឋានខេត្តសៀមរាប ហើយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវជួបក្រុមសាលាបាល់ទាត់ជាតិបាទី នៅវេលាម៉ោង៣:៣០នាទីរសៀលលើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ(ផ្សាយតាមផេកហ្វេសប៊ុក CNCC) ខណៈក្រុមបឹងកេត ប៉ះក្រុមណាហ្គាវើល នៅវេលាម៉ោង៣:៣០នាទីរសៀលលើទីលានកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) និងក្រុមម្ចាស់ផ្ទះ ក្រសួងការពារជាតិ ជួបក្រុមព្រះខ័នរាជស្វាយរៀង នៅវេលាម៉ោង៦:៣០នាទីល្ងាចលើទីលានស្តាតចាស់មានផ្សាយតាមប៉ុស្តិ៍ BTV Newsដូចគ្នា។
គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ធ្លាប់បានបញ្ជាក់ថា ពានរង្វាន់សម្តេចតេជោឆ្នាំនេះរៀបចំចំនួន២វគ្គដោយវគ្គទី១ ហៅថាវគ្គជម្រុះថ្នាក់ខេត្ត និងវគ្គទី២ហៅថាវគ្គជម្រុះថ្នាក់ជាតិ ដែលការប្រកួតចាប់ដំណើរការពីថ្ងៃទី៧ ខែមីនា រហូតដល់ថ្ងៃទី៦ខែតុលា ឆ្នាំ២០១៨។ ចំពោះវគ្គជម្រុះតាមថ្នាក់ខេត្តបែងចែក ការប្រកួតជា២វគ្គខុសគ្នាទៀតគឺវគ្គជម្រុះតាមពូល (វគ្គជម្រុះបឋម) និងជម្រុះចុងក្រោយ។ ជាលទ្ធផលក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ជាម្ចាស់ជើងឯក ហើយក្រុមគីរីវង់សុខសែនជ័យ ជាក្រុមជើងឯករង។
សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិវិញមានក្រុមចំនួន១២ជាសមាជិកពានរង្វាន់លីគកំពូលកម្ពុជា បូកជាមួយក្រុមចំនួន៤ខ្លាំងជាងគេមកពីការប្រកួតជម្រុះជើងឯកថ្នាក់ខេត្ត មានដូចជាក្រុមសាលាបាល់ទាត់ជាតិ គីរីវង់អែហ្វស៊ី កំពត និងកោះកុង។ ក្រុមទាំងអស់ចំនួន១៦ ដោយចាប់ឆ្នោតរើសគូប្រកួតប្តូរទឹកដីគ្នា (ចំនួន២លើក) បន្តស្វែងរកក្រុមឡើងទៅវគ្គ៨ក្រុមចុងក្រោយរហូតដល់វគ្គផ្ដាច់ព្រ័ត្រតែម្តង៕
Source: Kampuchea Thmey Daily
0 Comments