Ad Code

លោក ត្រាំ សរសើរ​លោក គីម​ លើ​ការ​ប្រគល់​អ្នក​ស្លាប់​ក្នុង​សង្គ្រាម​ចំ​ពេល​មានការ​សង្ស័យ​អំពី​កិច្ចប្រជុំ​កំពូល



ស្របពេល​មានការ​សង្ស័យ​ចំពោះ​ទំនាក់ទំនង​របស់គាត់​ជាមួយ​លោក​គីម​ជុង​អ៊ុន​, លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដូ​ណា​ល់​ត្រាំ​ បាន​កោតសរសើរ​មេដឹកនាំ​កូរ៉េខាងជើង​កាលពី​ថ្ងៃ​សុក្រ​សម្រាប់​ការបញ្ជូន​ត្រឡប់​នូវ​អដ្ឋិធាតុ​ដែល​គេ​ជឿថា​ ជា​របស់​កងទ័ព​អាមេរិក​ជាង​៥០​នាក់​។​

លោក ត្រាំ បានចង្អុលបង្ហាញ​ថា ការប្រគល់​ប្រអប់​ចំនួន​៥៥​ដែល​គេ​និយាយថា​មាន​ផ្ទុក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ដែល​ត្រូវ​សម្លាប់​អំឡុង​សង្គ្រាម​កូរ៉េ​គឺជា​ភស្តុតាង​ថា គោលការណ៍​របស់គាត់​ចំពោះ​បុរស​ខ្លាំង​របស់​កូរ៉េខាងជើង​គឺ​ទទួលបាន​ផ្លែផ្កា​ហើយ​។​

លោក ត្រាំ បាន​និយាយ​ក្នុងអំឡុងពេល​បង្ហាញខ្លួន​នៅ​សេត​វិមាន​ថា “​ខ្ញុំ​ចង់​អរគុណ​ដល់​លោក​ប្រធាន​គីម​ដែល​បាន​រក្សា​ពាក្យសំដី​របស់គាត់​”​។​

លោក​ត្រាំ​បាន​កោតសរសើរ​កិច្ចប្រជុំ​កំពូល​កាលពី​ខែមិថុនា​ជាមួយ​លោក​គីម​នៅ​ប្រទេស​សិង្ហ​បុរី​ថា​ជាការ​បញ្ចប់​ការគំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ប្រកបដោយ​ប្រសិទ្ធភាព​។​

ខណៈពេលដែល​លោក​ត្រាំ​កំពុង​ទទួលរង​ការ​រិះគន់ថា ដំណើរ​ជឿនលឿន​ក្រោយ​កិច្ចប្រជុំ​ទទួលបាន​លទ្ធផល​តិចតួច​នោះ គាត់​បាន​ស្វាគមន៍​ការធ្វើ​មាតុភូមិនិវត្តន៍​នៃ​អដ្ឋិធាតុ​ទាំងនេះ​ថា​ជា​ភស្ដុតាង​ដែលថា កិច្ចពិភាក្សា​បានទទួល​ជោគជ័យ​។ ការធ្វើ​មាតុភូមិនិវត្តន៍​នេះ​បាន​កើតឡើង​ចំ​ខួប​លើក​ទី​៦៥​នៃ​ការបញ្ចប់​សង្គ្រាម​។​

អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី Sarah Sanders បាន​និយាយថា រដ្ឋបាល​ត្រូវបាន​លើកទឹកចិត្ត​ដោយ​សកម្មភាព​របស់​កូរ៉េខាងជើង​និង​សន្ទុះ​សម្រាប់​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​។​
​គួរបញ្ជាក់​ឡើងវិញ​ថា ជនជាតិ​អាមេរិក​ជាង​៣៥,០០០​នាក់​ត្រូវបាន​សម្លាប់​ក្នុងអំឡុង​សង្គ្រាម ឆ្នាំ​១៩៥០-៥៣​និង​៧,៧០០​នាក់​នៅតែ​ត្រូវបាន​គេ​ចុះបញ្ជី​ថា​បាត់​ខ្លួន​ដែល​ភាគច្រើន​នៅក្នុង​ប្រទេស​កូរ៉េខាងជើង​។​

យន្តហោះ​ដឹកទំនិញ C-17 របស់​យោធា​អាមេរិក​ដែល​ផ្ទុក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ជាង​៥០​នាក់​បាន​ចុះចត​នៅឯ​មូលដ្ឋាន​ទ័ពអាកាស​អាមេរិក​ក្នុងប្រទេស​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ព្រហស្បតិ៍៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu