Ad Code

អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង​ ប្រកាស​​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​លើកកម្ពស់​សុវត្ថិភាព​នៅ​ពេល​​​ទឹកទន្លេ​មេគង្គ​ឡើង​លើស​កម្រិត​ប្រកាស​អាសន្ន​នៅ​ថ្ងៃនេះ



ស្ទឹងត្រែង ​៖ ​មក​ដល់​ថ្ងៃទី​៣១​ ខែ​កក្កដា ​ឆ្នាំ​២០១៨​នេះ លោក​ម៉ុម​ សារឿន ​អភិបាល​ខេត្ត​ស្ទឹងត្រែង​នៅតែ​បន្ត​ឱ្យ​កម្លាំង​ប្រដាប់​អាវុធ​ទាំង​៣​ប្រភេទ ​រួម​នឹង​អាជ្ញាធរ​ឃុំ​សង្កាត់​ចាត់ចែង​កម្លាំង​ប្រជា​ការពារ​ប្រចាំការ នៅ​តាម​ទី​ទួល​សុវត្ថិភាព និង​តំបន់​គោលដៅ បើ​មាន​បញ្ហា​ប្រឈម​ ត្រូវ​ផ្តល់​ព័ត៌មាន​ឱ្យ​បាន​ឆាប់​ជូន​អាជ្ញាធរ​ ដែល​នៅ​ជិត​ដើម្បី​យើង​រួមគ្នា​ជួយ​ប្រជា​ពលរដ្ឋ​យើង​ឱ្យ​ទាន់​ពេល​វេលា ក្នុង​ពេល​ ដែល​ទឹក​មាន​កម្ពស់​ជិត​១១​ម៉ែត្រ។

លោក​អភិបាលខេត្ត​បញ្ជាក់​ថា ​ ៖ ​កម្ពស់​ទឹកទន្លេ​មេគង្គ​នេះ ​ប្រជាពលរដ្ឋ​យើង​ត្រូវ​ប្រុងប្រយ័ត្ន​រៀងៗ​ខ្លួន ព្រោះ​អាជ្ញាធរ​បាន​ធ្វើ​សេចក្តី​ប្រកាស​រួច​មក​ហើយ ឱ្យ​អាជ្ញាធរ​ភូមិ​ឃុំ​នីមួយៗ ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ មើលថែ​កូនចៅ​- បរិភោគ​ទឹកស្អាត - ចំណីអាហារ​មាន​អនាម័យ -​និង​ប្រុងប្រយ័ត្ន​ចំពោះ​សត្វ​មាន​ពិស ទិច​ឬ​ខាំ។

លោក​ដែង​ ភា​រម្យ ​ចៅសង្កាត់​ស្រះ​ឬ​ស្សី​ក្រុង​ស្ទឹងត្រែង​បាន​បញ្ជាក់​ថា ​៖​ ផល​ប៉ះពាល់​ពី​ទឹកជំនន់​នេះ​អាជ្ញាធរ​ បាន​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​ជា​ញឹកញាប់ ហើយ​បើ​តាម​ការពិនិត្យ​សន្ទុះ​ទឹក​ ដែល​កំពុង​ជំរុញ​ឡើង​នេះ​គួរ​ឱ្យ​មានការ​ព្រួយបារម្ភ ព្រោះ​វា​នៅតែ​បន្ត​ឡើង​ជាង​មួយ​សប្ដាហ៍​មក​ហើយ​។​

លោក​ចៅសង្កាត់​បញ្ជាក់ថា ​៖​ តាម​សន្ទះ​ទឹកបាន​ហូរ​ចូល​ក្រុង​ខ្លះៗ​ហើយ ព្រោះ​នៅ​សង្កាត់​សាមគ្គី​ប្រជាពលរដ្ឋ​នៅ​តា​ជួរ​មាត់ទន្លេ​មួយចំនួន​នៅ​ចំណុច​ជួរ​មាត់ទន្លេ​ទាំងអស់​ ត្រូវ​រក​ទីទួល​សុវត្ថិភាព​ជាពិសេស​នៅតាម​តំបន់​ទំនាប ចំណែក​នៅក្នុង​ក្រុង​អាច​ប៉ះពាល់​ប្រជាពលរដ្ឋ រួមមាន​-​ភូមិ​ព្រែក​- ភូមិ​កណ្តាល​-​នឹង​ភូមិ​ស្ពានថ្ម ក្នុង សង្កាត់​ស្ទឹងត្រែង - ភូមិ​ថ្ម​លាត ភូមិ​ស្រែ​ពោធិ ភូមិ​លើ​ក្នុង​សង្កាត់​ស្រះ​ឬ​ស្សី​- ភូមិ​ខាំ​ផាន់ ភូមិ​កោះ​ខន​ឌិន ភូមិ​ហាង​ខូ​បាន ភូមិ​ហាង​ខូ​សួន ភូមិ​ថ្មី ក្នុង​សង្កាត់​សាមគ្គី។​

លោកស្រី លក្ខិណា ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្ពានថ្ម​សង្កាត់​ក្រុង​ស្ទឹងត្រែង​បានបញ្ជាក់​ថា​ ៖ ​ប្រជាពលរដ្ឋ​យើង​បាន​ប្រុងប្រយ័ត្ន​គ្រប់ៗ​គ្នា​ហើយ ចំណែក​ខ្លះទៀត​ក៏បាន​ជម្លៀស​ចេញពីផ្ទះ​ទី ទួល​សុវត្ថិភាព​បញ្ចៀស​ពី​គ្រោះ​ទឹកជំនន់​លិច​ផ្ទះសម្បែង កុំឱ្យ​កើត​គ្រោះថ្នាក់។

លោក​ប៉ាង​ ប៉េង​ប្រធាន​មន្ទីរ​ធនធានទឹក​បាន​បញ្ជាក់​ថា ​៖​ ទឹកទន្លេ​មេគង្គ​បាន​ឡើង​ដល់​លើស​កម្រិត​ប្រកាសអាសន្ន​កម្ពស់​១០,៨៤​ម៉ែត្រ​នៅ​ព្រឹក​ថ្ងៃទី​៣១ ​កក្កដា​។ នេះ​បើតាម​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក​ ដូចនេះ​ចូរ បងប្អូន​ប្រុងប្រយ័ត្ន និង​អាច​ជម្លៀស​ទ្រព្យសម្បត្តិ សត្វ​ចិញ្ចឹម​ផ្សេងៗ​ទៅរក​ទីទួល​សុវត្ថិភាព​ឱ្យបាន​ជាមុន​។​

សូម​បញ្ជាក់​ថា ​៖ ​ក្នុង​កម្រិត​កម្ពស់​ទឹក​១១​ម៉ែត្រ​នេះ ​ភូមិ​ទាំង​ចំនួន​៨១​នៅ​តាម​ដង​ទន្លេមេគង្គ​ នឹង​ត្រូវ​លិច ផ្លូវ​ធ្វើដំណើរ​មួយចំនួន​ ក៏​ត្រូវ​កាត់ផ្តាច់ ក្នុងពេលដែល​ផលដំណាំ​បាន​លិចលង់​ទៅ​ហើយ​នោះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu