Ad Code

សព​ពលរដ្ឋ​ឡាវ​៣០​នាក់ ដែល​រក​ឃើញ​នៅ​ស្ទឹងត្រែង ​ ​ត្រូវ​បាន​​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ឡាវ​វិញ​ហើយ



ស្ទឹងត្រែង ​៖ ​សព​ពលរដ្ឋ​ឡាវ​ចំនួន​៣០​នាក់ ​បាន​រក​ឃើញ​ក្នុង​ដង​ទន្លេសេកុង​ស្រុក​សៀម​ប៉ាង​ក្រោយពី​ការ​បាក់​ទំនប់​វារីអគ្គិសនី ​ហើយ​ត្រូវ​បាន​ភាគី​កម្ពុជា​បញ្ជូន​ទៅកាន់​ប្រទេស​ឡាវ​វិញ​កាលពី​ថ្ងៃទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨​នេះ។

កម្ពុជា​ បាន​ធ្វើ​មេត្រីភាព​តាម​ការ​ស្នើ​របស់​អាជ្ញាធរ​ឡាវ ក្នុង​ការ​ជួយ​រក សព​ពលរដ្ឋ​ឡាវ​អណ្ដែត​មក​តាម​ដង​ទន្លេសេកុង​ ក្រោយពី​ការ​បាក់​ទំនប់​វារីអគ្គិសនី​សេ​ពាន​សេណា​មណ​យ​ កាលពី​យប់​ថ្ងៃទី​២៣​ ខែ​កក្កដា ឆ្នាំ​២០១៨​កន្លង​មកនេះ។

គ្រោះមហន្តរាយ​ដ៏​អាក្រក់​បង្ក​ដោយ​ធម្មជាតិ​បណ្ដាល​បាក់​ទំនប់​វារីអគ្គិសនី​នៅ​ខេត្ត​អត្ត​ពឺ​ប្រទេស​ឡាវ​ បាន​បង្ក​​អោយ​លំនៅឋាន ​និង​ជីវិត​ប្រជាពលរដ្ឋ​រាប់​រយ​នាក់​ស្លាប់​ និង​រាប់​រយ​នាក់​ទៀត​បាន​បាត់​ខ្លួន។

តាម​ការ​អោយ​ដឹង​ពី​មន្ត្រី​យោធា​វរៈ​ការពារ​ព្រំដែន​កម្ពុជា​.​ឡាវ បាន​អះអាង​ថា ​សព​ពលរដ្ឋ​ឡាវ​ចំនួន​២៩​នាក់ ត្រូវ​បាន​ខាង​កម្ពុជា​យើង​បញ្ជូន​ទៅ​អោយ​ខាង​ភាគី​ឡាវ​ជា​បន្តបន្ទាប់។

សព​ពលរដ្ឋ​ឡាវ ​ដែល​បាន​បាត់​ខ្លួន​ដោយសារ​បាក់​ទំនប់​វារីអគ្គិសនី​ក្នុង​ខេត្ត​អត្តពឺ​ ប្រទេស​ឡាវ បាន​រកឃើញ​អណ្តែត​តាម​ដង​ទន្លេសេកុង ខាងក្រោម​ទន្លេ​សេ​ពាន និង​ស្ពាន​អូរ​គុ បន្ត​មកដល់​មុខ​ទីបញ្ជាការ​វរៈ​សេនា​តូច​ការពារ​ព្រំដែន​១០១ ក្នុង​ឃុំ​សន្តិភាព​ស្រុក​សៀម​ប៉ាង។

នៅ​រសៀល​ថ្ងៃទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៨​ មាន​សព​ពលរដ្ឋ​​​ឡាវ​ម្នាក់ទៀត​បាន​អណ្ដែត​ទៅដល់​ស្រុក​សៀម​បូក​ ខេត្តស្ទឹងត្រែង​ ហើយ​ត្រូវ​បាន​អគ្គ​កុងស៊ុល​ឡាវ​ប្រចាំ​ខេត្ត​ស្ទឹងត្រែង​​ ​ទៅ​ទទួល​ និង​វេច​ខ្ចប់​នាំទៅ​ខេត្ត​អត្ត​ពឺ ​ប្រទេស​ឡាវ​នៅ​យប់​ថ្ងៃទី​២៩ ​ខែ​កក្កដា ឆ្នាំ​២០១៨។

លោក ស៊ុំ ផន អគ្គ​កុងស៊ុល​ឡាវ​ ប្រចាំ​ខេត្ត​ស្ទឹងត្រែង ​ប្រទេស​កម្ពុជា ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​​​ថ្ងៃ​ទី​៣០​ ខែ​កក្កដា ឆ្នាំ​២០១៨ យោង​តាម​របាយការណ៍​អាជ្ញាធរ​ខេត្ត​អត្តពឺ ​ប្រទេស​ឡាវ ការរកឃើញ​សព​ប្រជាពលរដ្ឋ​របស់​ខ្លួន​ទាំង​នៅ​ខេត្ត​អត្ត​ពឺ​ ប្រទេស​ឡាវ​ និង​កម្ពុជា ​មាន​ចំនួន​តែ​១១​នាក់​និង​បាត់​ខ្លួន​១២១​នាក់​មិនទាន់​រកឃើញ។

តែបើ​តាម​របាយការណ៍​ជាក់លាក់​ ដែល​មន្ត្រី​យោធា​វរៈ​ការពារ​ព្រំដែន​កម្ពុជា បានផ្តល់​ព័ត៌មាន​ថា មាន​សព​ពលរដ្ឋ​ឡាវ​ចំនួន​២៩​នាក់​ បាន​រក​ឃើញ​ និង​ប្រគល់​ជូន​ទៅ​ភាគី​ឡាវ​បន្តបន្ទាប់ ​ហើយ​នៅ​ថ្ងៃទី​២៩​ ខែកក្កដា ឆ្នាំ​២០១៨ ​ខាង​សមត្ថកិច្ច​៧​ខេត្តស្ទឹងត្រែង​ បាន​រក​ឃើញ​សព​បុរស​ម្នាក់​ទៀត​នៅក្នុង​ដង​ទន្លេមេគង្គ​ក្នុងភូមិ​កោះ​ព្រះ​ស្រុក​សៀម​បូក​ខេត្តស្ទឹងត្រែង។

ដូចនេះ​គិត​មកដល់​ថ្ងៃ​៣០​ ខែ​កក្កដា ​ឆ្នាំ​២០១៨ សព​ពលរដ្ឋ​ឡាវ​ទាំងអស់ រក​ឃើញ​នៅ​ស្រុក​សៀម​ប៉ាង​២៩​ និង​រក​ឃើញ​នៅ​សៀមបូក​ម្នាក់ សរុប​មាន​ចំនួន​៣០​នាក់​ហើយ។

ប្រភព​ដដែល​បន្ត​ថា ​អាជ្ញាធរ​ឡាវ​នៅតែ​បន្ត​អោយ​ភាគី​កម្ពុជា​ជួយ​ផ្តល់​ព័ត៌មាន ​ខណៈ​ពលរដ្ឋ​របស់​ខ្លួន​នៅ​បាត់​១៣១​នាក់​មិនទាន់​រក​ឃើញ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu