ភ្នំពេញ ៖ នៅតាមបណ្តាផ្លូវជាច្រើនក្នុងរាជធានីភ្នំពេញ មានការចរាចរយ៉ាងមមាញឹក ដោយសារបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរត្រឡប់ពីមកស្រុកកំណើតវិញ បន្ទាប់ពីពួកគាត់បានទៅស្រុកកំណើត ដើម្បីចូលរួមការបោះឆ្នោត។
ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋមកពីបណ្តាខេត្តនានា ចូលមករាជធានីភ្នំពេញវិញនេះហើយ បានធ្វើឲ្យបណ្តាផ្លូវមួយចំនួននៅក្នុងរាជធានីភ្នំពេញ មានការកកស្ទះចរាចរណ៍ខ្លះៗផងដែរ ប៉ុន្តែរាល់បញ្ហាកកស្ទះទាំងនេះ ត្រូវបានកម្លាំងសមត្ថកិច្ចសម្រួលចរាចរណ៍បានយ៉ាងរលូន មិនឲ្យមានការកកស្ទះចរាចរនោះទេ។
ជាក់ស្តែង កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ជាតិលេខ៥ និងផ្លូវជាតិលេខ៦ ជាពិសេសនៅចំណុចស្ពានជ្រោយចង្វា ត្រើយខាងលិច មានបងប្អូនប្រជាពលរដ្ឋវិលត្រឡប់មកពីបណ្តាខេត្តផ្សេងៗ ធ្វើដំណើរតាមរថយន្តតាក់ស៊ី និងតាមមធ្យោបាយផ្សេងៗក្តី សម្រុកចូលមកកាន់រាជធានីភ្នំពេញ ដើម្បីចូលបម្រើការងារ ដូច្នេះធ្វើឲ្យតាមបណ្តោយផ្លូវមួយចំនួន មានការកកស្ទះចរាចរណ៍ខ្លះៗផងដែរ។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ជាតិលេខ៥ គឺមិនសូវសំបូរប្រជាពលរដ្ឋធ្វើដំណើរនោះទេ ដោយឡែក នៅលើកំណាត់ផ្លូវជាតិលេខ៦ ជាពិសេសនៅចំណុចស្ពានជ្រោយចង្វា ត្រើយខាងលិច មានបងប្អូនប្រជាពលរដ្ឋវិលត្រឡប់មកពីបណ្តាខេត្តផ្សេងៗ ធ្វើដំណើរតាមរថយន្តតាក់ស៊ី និងតាមមធ្យោបាយផ្សេងៗ សម្រុកចូលមកកាន់រាជធានីភ្នំពេញ ដើម្បីចូលបម្រើការងារ ដូច្នេះធ្វើឲ្យតាមបណ្តោយផ្លូវមួយចំនួន នៅក្នុងរាជធានីភ្នំពេញ មានការកកស្ទះចរាចរខ្លះៗដែរ ប៉ុន្តែត្រូវបានសមត្ថកិច្ចសម្រួលចរាចរ មិនឲ្យមានការកកស្ទះចរាចរណ៍នោះឡើយ។
សមត្ថកិច្ចប្រាប់បន្តឲ្យដឹងថា តាមការសង្កេតមើល បងប្អូនក្រុមអ្នកបើកបររថយន្តតាក់ស៊ី ក៏ដូចជា យានយន្តផ្សេងៗ ភាគច្រើន មានការយល់ដឹងខ្ពស់ ចេះគោរពច្បាប់ចរាចរណ៍ ទាំងទៅទាំងមក ដោយមិនសូវមានការដឹកអីវ៉ាន់សំពីងសំពោង និងមិនសូវមានការផ្ទុកមនុស្សលើដំបូលនោះទេ ដែលបញ្ហាទាំងនេះ គឺអាចបង្ការភាពគ្រោះថ្នាក់ចរាចរណ៍បានច្រើន។
សូមបញ្ជាក់ឲ្យដឹងថា ស្ថាប័ន ក្រសួង មន្ទីរ សហគ្រាស រោងចក្រ ជាដើម ត្រូវបានធ្វើការឈប់សម្រាករយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីអនុញ្ញាតអោយបុគ្គលិក កម្មករ បានទៅចូលរួមបោះឆ្នោតនៅតាមស្រុកកំណើតរៀងៗខ្លួន។ ដោយឡែក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ពួកគាត់ ត្រូវចូលបម្រើការងារវិញធម្មតា ហេតុដូច្នេះហើយបានជាពួកគាត់ធ្វើដំណើរ ចេញពីតាមបណ្តាខេត្តនានា មកកាន់រាជធានីភ្នំពេញ ដើម្បីចូលបម្រើការងារវិញ៕
Source: Kampuchea Thmey Daily
0 Comments