បន្ទាយមានជ័យ ៖ ក្រុមក្មេងអ្នកលេង១ក្រុម បានដាក់រហស្សនាមថា ក្រុមភូមិភីជាក្រុមដែលតែងតែកាប់ក្រុមក្មេងប្លែកមុខចូលមកក្នុងទឹកដីរបស់ខ្លួនបណ្តាលឲ្យក្មេង១ក្រុមទៀតភ័យជិះចូលរថយន្តបុកស្លាប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតក្រោយពីបានទទួលពាក្យបណ្តឹងក្រុមគ្រួសាររបស់ជនរងគ្រោះរួចមកលោកបានដឹកនាំកម្លាំងអាវុធហត្ថ១ក្រុមចុះប្រតិបត្តិការបង្ក្រាបជនសង្ស័យបានចំនួន៣នាក់ នៅចំណុចភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងទៀតថា ជនសង្ស័យទាំង៣នាក់១មានឈ្មោះ សាង ហង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ២មានឈ្មោះ យួន ឡុងម៉ា ភេទ ប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ៣ មានឈ្មោះ ស្រ៊ុន តេងរៈ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងវត្ថុតាងរួមមាន ម៉ូតូម៉ាក MSX ពណ៌ខៀវ ០១គ្រឿង កាំបិតបាំងតោ ប្រវែង ៣៦សង់ទីម៉ែត្រ ០១ដើមកាំបិតផ្គាក់ដងដែក ប្រវែង ៤៨សង់ទីម៉ែត្រ ១ដើម កាំបិតឆ្នៃគ្មានដង ប្រវែង ៥៦សង់ទីម៉ែត្រ ០១ដើម បារីអេឡិចត្រូនិច ០១គ្រឿងឧបករណ៍ស្រាប់ជក់គ្រឿងញៀនមួយចំនួន។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា បន្ទាប់ពីធ្វើការឃាត់ខ្លួន ហើយជនសង្ស័យទាំង៣នាក់បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកបានធ្វើការសួរជនសង្ស័យបានសារភាពថា ក្រុមខ្លួន បានដាក់រហ័សនាមថា ក្រុមភូមិភីជាក្រុមដែលតែងតែកាប់ក្រុមក្មេងប្លែកមុខចូលមកក្នុងទឹកដីរបស់ខ្លួននៅមុនពេលកើតហេតុនោះក្រុមខ្លួនមានជម្លោះជាមួយក្រុមជនរងគ្រោះហើយបានបបួលបក្សពួក ទៅកាប់ក្រុមជនរងគ្រោះ ដោយក្រុមជនរងគ្រោះភ័យពេក ក៏ជិះម៉ូតូគេចពីក្រុមខ្លួនរហូតជិះចូលរថយន្តបណ្តាលឲ្យរថយន្តបុកស្លាប់១ម្នាក់ភ្លាមៗហើយក្រុមខ្លួនបានប្រព្រឹត្តចំនួន ៥លើកមកហើយ។
ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃើញជនសង្ស័យទាំង៣នាក់ពិតជាបានប្រព្រឹត្តិ សម្លាប់មនុស្សដោយចេតនា មានស្ថានទម្ងន់ទោសយ៉ាងពិតប្រាកដ។ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments