ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចស្នើឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធចាត់វិធានការលើលោក ជួង ជូងី អតីតមេធាវីលោក សម រង្ស៊ី តាមច្បាប់ ទាក់ទងសកម្មភាពគាំទ្រលោក សម រង្ស៊ី និងអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើពហិការ កុំចូលរួមការបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ខាងមុខ នេះបើតាមការបញ្ជាក់ពី គ.ជ.ប។
តាមសេចក្តីប្រកាសរបស់ គ.ជ.ប ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថា គ.ជ.ប បានទទួលសំណើពីគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ស្នើសុំចាត់វិធានការលើលោក ជួង ជូងី ដែលបានប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (facebook) ប្រព្រឹត្តអំពើទុច្ចរិត បំពានច្បាប់ ក្នុងគោលបំណងរារាំងប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅបោះឆ្នោត។ គ.ជ.ប បញ្ជាក់ថា បន្ទាប់ពីបានពិនិត្យពិចារណាយ៉ាងយកចិត្តទុកដាក់លើសំណើនេះរួចមក យល់ឃើញថា សកម្មភាពរបស់លោក ជួង ជូងី ជាសកម្មភាពគាំទ្រលោក សម រង្សី ដែលបានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យធ្វើពហិការមិនទៅបោះឆ្នោត ដោយចោទប្រកាន់ថា ជាការបោះឆ្នោតក្លែងក្លាយ និងជាឆាកល្ខោន ដែលសកម្មភាពនេះ ធ្វើឲ្យមានការភាន់ច្រឡំ និងនាំឲ្យបាត់ទុកចិត្តលើការបោះឆ្នោត។
គ.ជ.ប បញ្ជាក់ថា យោងលើមាត្រា៤២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំណុច១ ដែលពាក់ព័ន្ធ និងសមត្ថកិច្ចរបស់ គ.ជ.ប “ចាត់វិធានការគ្រប់រូបភាព ដើម្បីធានាអោយការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតាមវិធីជ្រើសរើសឆ្នោតដោយសម្ងាត់”។
ដោយអនុលោមតាមមាត្រានេះ ទី១, គ.ជ.ប បានស្នើឲ្យក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងក្រសួងព័ត៌មាន បិទបណ្ដាញទំនាក់ទំនងសង្គមរបស់លោក ជូង ជូងី ស្របតាមប្រកាសអន្តរក្រសួងលេខ១៧០។ ទី២, គ.ជ.ប បានស្នើឲ្យក្រសួងយុត្តិធម៌ពិនិត្យ និងចាត់វិធានការចំពោះលោក ជូង ជូងី ដែលត្រូវបានតុលាការកំពូលហាមធ្វើសកម្មភាពនយោបាយ ពីព្រោះ លោក ជូង ជូងី ក្នុងចំណោមមនុស្សទាំង១១៨នាក់។ ទី៣, គ.ជ.ប បានស្នើឲ្យគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ពិនិត្យ និងចាត់វិធានការលើសកម្មភាពរបស់លោកមេធាវី ជូង ជូងី ដែលបានប្រើប្រាស់បណ្ដាញសង្គម facebook បកស្រាយរដ្ឋធម្មនុញ្ញ ក្រមព្រហ្មទណ្ឌ និងច្បាប់បោះឆ្នោតពាក់ព័ន្ធនឹងសិទ្ធិបោះឆ្នោត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ លោក ជូង ជូងី បានធ្វើអត្ថាធិប្បាយលើគេហទំព័រហ្វេសប៊ុករបស់ខ្លួន ដោយពន្យល់រដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌរបស់កម្ពុជា និងថាគ្មានមាត្រាណា ចែងពីការដាក់ទោសទណ្ឌ ដល់អ្នកអំពាវនាវ កុំឲ្យពលរដ្ឋទៅបោះឆ្នោតនោះទេ លើកលែងតែធ្វើសកម្មភាពរារាំង។
តាមមាត្រា១៤២ នៃច្បាប់ស្តីពីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របានបញ្ជាក់ថា ត្រូវផាកពិន័យជាប្រាក់ពី៥លានរៀលទៅ២០លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណា ដែលតាមគ្រប់មធ្យោបាយទុច្ចរិត រារាំងប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតមិនឲ្យទៅចុះឈ្មោះបោះឆ្នោត ឬរារាំងមិនឲ្យចុះឈ្មោះប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោត, បង្កការអុកឡុក ឬរារាំងសកម្មភាពជាប្រក្រតី ក្នុងទីកន្លែងសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅក្នុងអំឡុងពេលនៃការពិនិត្យបញ្ជី និងចុះឈ្មោះបោះឆ្នោត, ឲ្យអ្នកគាំទ្រ ឬអ្នកបោះឆ្នោតប្រព្រឹត្តអំពើរំលោភបំពាន អំពើគំរាមកំហែង អំពើហិង្សា ទៅលើបេក្ខជន ឬទៅលើគណបក្សនយោបាយដទៃ, រារាំងប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត, រារាំងបេក្ខជន ឬអ្នកគាំទ្រគណបក្សនយោបាយមិនឲ្យឃោសនាបោះឆ្នោតតាមការកំណត់, ធ្វើឲ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត, ធ្វើឲ្យមានការភាន់ច្រឡំនាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត, បង្កការរំខានមិនឲ្យដំណើរការបោះឆ្នោតបាន, បង្កការរំខានមិនឲ្យរាប់សន្លឹកឆ្នោតបាន, ធ្វើឲ្យខូចរបៀបរៀបរយក្នុងពេលបោះឆ្នោត, ទិញសន្លឹកឆ្នោតដោយសម្ភារៈ ឬដោយប្រាក់កាស, ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬលុបបេក្ខភាពរបស់សាមីខ្លួន ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្ថែមលើទណ្ឌកម្ម ដែលបានចែងក្នុងកថាខណ្ឌទី១ ខាងលើ ចំពោះជនដែលបានប្រព្រឹត្តអំពើល្មើសដូចមានចែងក្នុងកថាខណ្ឌទី១ ខាងលើនេះ៕
Source: Kampuchea Thmey Daily
0 Comments