សៀមរាប ៖ ផ្លូវមិត្តភាពកម្ពុជា-កូរ៉េ (ផ្លូវស្វាយធំ) រងការខូចខាតយ៉ាងដំណំដោយសាររថយន្តធំៗដឹកទំនិញឆ្លងកាត់ហើយពលរដ្ឋមានការលំបាកធ្វើដំណើរ ទើបអាជ្ញាធរជាតិអប្សរា ចាប់ផ្តើមការជួសជុលឡើងវិញ។
បច្ចុប្បន្នអាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលទ្រង់ទ្រាយធំលើកំណាត់ផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ដែលមានទីតាំងផ្លូវបំបែកផ្លូវជាតិលេខ៦ ពីចំណុចផ្សារស្វាយធំខាងកើត កាត់តាមរង្វង់មូលព្រៃគុយទៅដល់ផ្សារព្រះដាក់ ដែលមានប្រវែងសរុប៧៥០ម៉ែត្រ ក្រោមថវិកាមូលនិធិប្រចាំឆ្នាំ២០១៨។ គម្រោងជួសជុលនេះ នឹងត្រូវជួសជុលចាក់គ្រឹះឡើងវិញត្រង់ចំណុចដែលខូចខាតខ្លាំង ហើយចាក់បំពេញចំណុចដែលមានជង្ហុកតូចធំ ធ្វើយ៉ាងណាឲ្យកំណាត់ផ្លូវជាតិនេះមានសភាពល្អប្រសើរឡើងវិញ។
លោក ហេង គឹមឡេង ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យនៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្រុមការងារនឹងត្រូវចំណាយពេលវេលាអនុវត្តគម្រោងនេះរយៈពេលចំនួន១ខែ។ រីឯការជួសជុលកែលម្អផ្លូវនេះ គឺធ្វើឡើងជាអន្លើរៗទៅតាមស្ថានភាពផ្លូវដែលខូចខាតជាក់ស្តែង។ ម្យ៉ាងទៀតដោយសារសងខាងផ្លូវ ប្រព័ន្ធបង្ហូរទឹក ត្រូវបានកកស្ទះដោយសារការចាក់ដីលុប និងខ្ពស់ជាងផ្លូវនៅតាមមុខផ្ទះរបស់ប្រជាជនមួយចំនួន បណ្តាលឲ្យផ្លូវរងការខូចខាតមួយកម្រិតថែមទៀត ដូច្នេះជាជំហានបន្ទាប់ក្រុមការងារក៏មានគម្រោងស្តារប្រព័ន្ធបង្ហូរឡើងវិញដើម្បីរំដោះទឹក និងរក្សាគុណភាពផ្លូវ។
លោកបានបញ្ជាក់ថា នៅពេលខាងមុខអាជ្ញាធរជាតិអប្សរានឹងមានវិធានការស្តារប្រព័ន្ធបង្ហូរទឹកទាំងអស់នៅតាមផ្លូវដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក្រោយពីបញ្ចប់ការជួសជុលលើកំណាត់ផ្លូវនេះ។ លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលនៅសងខាងផ្លូវទាំងអស់មានការយោគយល់ និងចូលរួមសហការដើម្បីថែរក្សាផ្លូវឲ្យស្ថិតនៅគង់វង្សយូរអង្វែង។
គួររំឭកដែរថា ផ្លូវមួយខ្សែនេះដើមឡើយ គឺជាផ្លូវដី និងបានកែប្រែជាផ្លូវគ្រួសក្រហមតាមរយៈគម្រោង ទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការកូរ៉េ ហៅកាត់ថា KOICA។ នៅឆ្នាំ២០០៩ ក្រោមជំនួយឥតងរបស់សាធារណរដ្ឋកូរ៉េ តាមរយៈ KOICA ដដែល បានកែប្រែផ្លូវនេះមកជាផ្លូវក្រាលកៅស៊ូវិញ ដើម្បីងាយស្រួលដល់ប្រជាជនធ្វើដំណើរឆ្លងកាត់បានប្រសើរជាងមុន៕
Source: Kampuchea Thmey Daily
0 Comments