ភ្នំពេញ ៖ ខណៈពេលមួយរយៈចុងក្រោយនេះ បញ្ហាគ្រោះទឹកជំនន់កំពុងតែបន្តជន់លិចនៅតាមបណ្តាខេត្តមួយចំនួន នៃប្រទេសកម្ពុជាបង្កការព្រួយបារម្ភ ពីសំណាក់ប្រជាពលរដ្ឋដែលប្រឈមចំពោះការបាត់បង់ផលដំណាំ និងលិចលង់ខូចផ្ទះសំបែងជាច្រើនគ្រួសារនោះ ភ្លាមៗនេះក៏មានការសម្តែងក្តីព្រួយបារម្ភផងដែរ ពីសំណាក់តារាសិល្បៈខ្មែរមួយចំនួនដែលទទួលព័ត៌មានខាងលើ។
ជាក់ស្តែងតារាចម្រៀងប្រុសភ្នែកតឹងកូនកាត់ចិនលោក ណុប បាយ៉ារិទ្ធ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថ្មីៗនេះ ក៏បានចេញសារបង្ហាញក្តីព្រួយបារម្ភនិងប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលស្ថិតនៅតាមតំបន់នៃទឹកជំនន់ជន់លិចនាបណ្តាខេត្តមួយចំនួនត្រូវបង្កើតការប្រុងប្រយ័ត្នខ្ពស់លើបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួនក៏ដូចជាកូនចៅតូចៗ។ពិសេសគឺប្រជាពលរដ្ឋដែលមានទីលំនៅជាប់ព្រំប្រទល់ឡាវតែម្តង។
លោក ណុប បាយ៉ារិទ្ធ បានលើកជាមតិថា សូមពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន ចំពោះគ្រោះទឹកជំនន់ដែលហូរចេញមកពីប្រទេសឡាវ។ ពិសេសបងប្អូនដែលរស់នៅតាមបណ្តាខេត្តដែលជាប់ព្រំប្រទល់ឡាវ និង សូមនាំគ្នាទៅរស់នៅជាបណ្តោះអាសន្ននៅទីទួលខ្ពស់ជាទីដែលនាំមកនូវសុវត្ថិភាពដល់បងប្អូន និង ក្រុមគ្រួសារនិងកុំភ្លេចបង្កើនការប្រុងប្រយ័ត្នបន្ថែមទៅលើកូនតូចៗកុំឲ្យលេងទឹក ហូបទឹកស្អាត បង្កើនអនាម័យ ការពារពីសត្វអាសិរពិសគ្រប់ប្រភេទ។
តារាចម្រៀងហង្សមាសលោក ណុប បាយ៉ារិទ្ធ បន្ថែមទៀតថា សូមបងប្អូនបង្កើនការចេះជួយគ្នាស្រលាញ់គ្នា យកអាសាគ្នា ក្នុងគ្រាមានអាសន្ន កុំរើសអើងគ្នា ចេះមើលថែគ្នា ដើម្បីឆ្លងផុតនូវការលំបាកឲ្យបានទាំងអស់គ្នា។ សូមបួងសួង កុំឲ្យទឹកជំនន់មកយាយីដល់ប្រទេសកម្ពុជាយើងពិសេសកុំឲ្យបំផ្លាញដល់សេចក្តីសុខ ទ្រព្យសម្បត្តិ និងអាយុជីវិត ពុកម៉ែ បងប្អូនប្រជាពលរដ្ឋយើងបានសោះ។
សូមរម្លឹកថា បច្ចុប្បន្នបញ្ហានៃគ្រោះទឹកជំនន់ដែលហូរចេញពីប្រទេសឡាវ គឺកំពុងតែធ្វើការវាយលុកកាន់តែខ្លាំងមកលើខេត្តមួយចំនួននៃប្រទេសកម្ពុជា ស្របពេលដែលខេត្តស្ទឹងត្រែងដែលមានព្រំប្រទល់កៀកគ្នាជាមួយនឹងប្រទេសឡាវបានរងគ្រោះថ្នាក់ខ្លាំងជាងបណ្តាខេត្តនានាឯទៀត៕
Source: Kampuchea Thmey Daily
0 Comments