ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រសួងសុខាភិបាលនឹងដាក់ពង្រាយក្រុមគ្រូពេទ្យនៅតាមការិយាល័យបោះឆ្នោត ដែលនៅតំបន់ដាច់ស្រយាលដើម្បីត្រៀមជួយសង្គ្រោះបឋមដល់ប្រជាពលរដ្ឋ ដែលទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខដ៏ខ្លីនេះ។
ថ្លែងកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល និង ជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានណែនាំដល់មន្ទីរសុខាភិបាលរាជធានីខេត្តត្រូវរៀបចំរថយន្តសង្គ្រោះ គ្រូពេទ្យ ឱសថនិងបរិក្ខារពេទ្យដាក់ពង្រាយនៅតាមការិយាល័យបោះឆ្នោតដែលនៅតំបន់ដាច់ស្រយាលដើម្បីត្រៀមជួយសង្គ្រោះបឋមដល់ប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតដែលជួបបញ្ហាសុខភាពពិសេសជនចាស់ជរា ជនពិការនិងស្ត្រីមានផ្ទៃពោះជាដើម។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីនបានមានប្រសាសន៍ថា «ពាក់ព័ន្ធបញ្ហានេះក្រសួងបានណែនាំរួចហើយដល់មន្ទីរសុខាភិបាលរាជធានីខេត្តទាំងអស់ត្រូវសហការជាមួយអាជ្ញាដែនដីនិងគ.ជ.ប ថ្នាក់ឃុំ ដើម្បីដាក់រថយន្តសង្គ្រោះនៅតាមការិយាល័យបោះឆ្នោតទៅតាមតម្រូវការជាក់ស្តែងខណៈនៅមណ្ឌលបោះឆ្នោតនៅភ្នំពេញក្រសួងបានដាក់រថយន្តសង្គ្រោះចំនួន១២គ្រឿង តង់សុខភាព៨និងពង្រាយគ្រូពេទ្យចល័ត៥០ក្រុមដើម្បីចាំជួយសង្គ្រោះដល់អ្នកបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតនីមួយៗ»។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលហៅកាត់ថា គ.ជ.បបានឲ្យដឹងកាលពីព្រឹកថ្ងៃទី២៦កក្កដាថា គ.ជ.ប ដាក់ពង្រាយគ្រូពេទ្យនៅតាមការិយាល័យបោះឆ្នោតណា ដែលមានទីតាំងនៅឆ្ងាយដាច់ស្រយាលប៉ុណ្ណោះដើម្បីត្រៀមចាំជួយសង្គ្រោះដល់អ្នកទៅបោះឆ្នោតណាដែលជួបបញ្ហាសុខភាពដូចជាវិលមុខ ឈឺក្បាល រាករូសនិងជំងឺស្រាលៗមួយចំនួនទៀត ខណៈដែលការិយាល័យបោះឆ្នោតនៅតាមទីប្រជុំជននិងទីក្រុងមានមណ្ឌលសុខភាព ឬ មន្ទីរពេទ្យនៅក្បែរៗនោះរួចហើយ។
ចំណែកលោក សម គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វីកបានមានប្រសាសន៍ថា នេះគឺជាគំនិតដ៏ប្រសើរណាស់ ដែលគ.ជ.បបានដាក់ពង្រាយគ្រូពេទ្យនៅតាមការិយាល័យបោះឆ្នោតនេះព្រោះបានជួយសង្គ្រោះដល់អ្នកទៅចូលរួមបោះឆ្នោត ដែលមានជំងឺស្រាលៗបានទាន់ពេលវេលា។
តែយ៉ាងណាក៏ដោយលោកសម គន្ធាមីបានស្នើឲ្យគជបគួរតែដាក់ពង្រាយគ្រូពេទ្យឲ្យបានច្រើននៅតាមការិយាលល័យបោះឆ្នោតនៅដាច់ស្រយាលកាន់តែច្រើនកាន់តែល្អពិសេសនៅខេត្តមណ្ឌលគីរី រតនគីរីដែលសម្បូរដោយជនជាតិភាគតិចរស់នៅតាមព្រៃភ្នំ។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី៦នេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ដោយមានប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតចំនួន៨៣៨០២១៧នាក់នៅតាមការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសចំនួន២២៩៦៧ការិយាល័យក្នុងនោះ នៅមណ្ឌលរាជធានីភ្នំពេញមានច្រើនជាងគេ គឺមានរហូតដល់ទៅ២១៣៨ការិយាល័យ៕
Source: Kampuchea Thmey Daily
0 Comments