Ad Code

សំបុក​ចាប​នៅ​តាម​ព្រៃ ​តាម​មាត់ទន្លេ ត្រូវ​បាន​អ្នកភូមិ​ព្រៃ​ខ្មែរ ​ស្រុក​រលាប្អៀរ​ ដាក់​តាំង​លក់



កំពង់ឆ្នាំង​ ៖ ​សំបុកចាប​ព្រៃ​ដែល​សំបូរ​មាននៅ​តាម​ដើមឈើ​នៅតាម​ព្រៃ​មាត់ទន្លេ ត្រូវបាន​អ្នកភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ជួល​អោយ​គេររកមក​តាំង​លក់​តាម​ដងផ្លូវ​ជាតិ​លេខ​៥ មាន​រយៈពេល​២​ឆ្នាំ​ហើយ ព្រោះ​តែមាន​ភ្ញៀវ​នៅក្នុង​ប្រទេស​មាន​ចំណាប់​​​អារម្មណ៍ ទិញ​យកទៅ​តាំង​នៅតាម​ផ្ទះ​ដើម្បីអោយ​សត្វ​ចាបស្រុក​រស់នៅ។

ប្អូនស្រី​ឈ្មោះ ទឹម ទុំ រស់នៅ​ភូមិ​ព្រៃ​ខ្មែរ ដែល​បាន​តាំង​សំបុក​ចាបព្រៃ​លក់​នៅមុខ​ភូមិ​ជាប់​ផ្លូវជាតិ​លេខ​៥ បាន​និយាយ​អោយដឹងថា ​៖ ប្អូន​បាន​ជួល​អ្នកស្រុក​នៅក្នុង​ភូមិ​ ដែល​ទៅ​ឃ្វាល​គោក្របី អោយជួយ​យក​សំបុក​ចាបព្រៃ ដែល​នៅតាម​ដើមឈើ​មាត់ទន្លេ​ឬ​បឹងបួ​​យកមក​លក់​បោះ​អោយ​គាត់ ដោយ​នៅក្នុង​សំបុកចាប​១​គាត់​ទិញ​ថ្លៃ​២៥០០​រៀល ពេល​លក់​ចេញ​អោយ​អ្នកធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៥ បាន​មួយ​ថ្លៃ ៣៥០០ ទៅ​៤០០០​រៀល​។​
​ ​
ដោយឡែក​នៅក្នុង​រដូវ​រំហើយ​នេះ ​គាត់​លក់​សំបុកចាប​សរុប​បាន​ពី​២០០​ទៅ​៣០០​សំ បុក​ផងដែរ។ ក្រៅពី​មុខរបរ​នេះ គាត់​ក៏បាន​ទៅ​ច្រូត​ស្បូវ​មក​ក្រង​ជា​ស្លឹកកណ្តប​លក់​ដោយ​លក់​ចេញ​ក្នុង​១០០​កណ្តប ថ្លៃ​១៥​ម៉ឺន​រៀល តែ​ស្បូវ​កណ្តប​នេះ​មិនសូវ​លក់ដាច់​ទេ ព្រោះថា​ភាគច្រើន​គេ​ទិញ​យកទៅ​ប្រក់​ខ្ចុះ​សម្រាប់​អង្គុយលេង​កម្សាន្ត​ នៅតាម​កន្លែង​កម្សាន្ត។

ដោយឡែក​ប្អូនប្រុស​ឈ្មោះ សុខ សៅ អាយុ​៣៨​ឆ្នាំ ជា​អ្នកលក់​សំបុក​ចាបព្រៃ​នេះដែរ បាន​និយាយ​អោយដឹងថា​ ៖ សំបុកចាប​ព្រៃ​នេះ​មាន​២​ប្រភេទ ១​ប្រភេទ​ជា​សំបុកចាប​ញី​វា​ធ្វើ​សំបុក​សម្រាប់​ពង ឯ​សំបុកចាប​ឈ្មោល​វិញ​គឺមាន​ឈើ​ទទឹក​មួយ​នៅ​មាត់​សំបុក ដែល​ចាប​ឈ្មោល​វា​ធ្វើ​សំបុក​សម្រាប់​​ជ្រក​ភ្លៀង​តែប៉ុណ្ណោះ។ ដោយឡែក​នៅ​រដូវភ្លៀង​បែបនេះ​ពួក​ចាបព្រៃ​លែង​រស់​នៅ​តាម​មាត់ទន្លេ​ហើយ​ព្រោះ​គ្មាន​ចំណី​ស៊ី​គឺ​វា​ឡើងទៅ​រស់​នៅឯ​ព្រៃភ្នំ​វិញ ហើយ​នៅ​រដូវរំហើយ​ទើប​វា​នាំគ្នា​ចុះមក​រស់នៅ​តាម​មាត់ទន្លេ​វិញ ព្រោះ​មាន​ស្រូវ សណ្តែក ពោត ដែល​អ្នកស្រុក​ដាំ​ដុះ សម្រាប់​ស៊ី​ជា​ចំណី​។​

ប្អូនប្រុស បាន​បន្ត​អោយដឹងថា​ ៖ នៅក្នុង​រដូវរំហើយ​នេះ​ប្អូន​អាច​លក់​សំបុកចាប​ព្រៃ​បាន​ប្រមាណ​៣០០​សំបុក តែ​ក្នុង​រដូវវស្សា​ភ្លៀង​ធ្លាក់​ជោកជាំ​បែបនេះ គេ​រក​សំបុកចាប​លែង​បាន​ហើយ។ ក្រៅពីនេះ ប្អូន​បាន​ទ​ទួល​ឧបករណ៍​នេសាទ​ស្រុកស្រែ​នៅក្នុង​ខេត្តកំពង់ឆ្នាំង មក​តាំង​លក់​នៅតាម​មាត់​ផ្លូវជាតិ​លេខ​៥ គឺ​ប៉ោង​ដាក់​អន្ទង់​ធ្វើ​អំពី​ឬ​ស្សី ១​លក់​ថ្លៃ​៨០០០​រៀល ទ្រុង​ដាក់​ត្រី ១​ថ្លៃ​១៤០០០​រៀល គឺ​ចំណេញ​បាន​១​តែ​១០០០ ទៅ​១៥០០​រៀល​តែប៉ុណ្ណោះ ហើយ​ឧបករណ៍​នេះ​ក៏​លក់ដាច់​គ្រាន់បើ​ដែរ ដែល​អ្នកទីក្រុង​គេ​និយម​ទិញ​យកទៅ​តាំង​លំអ​នៅក្នុង​ខ្ចុះ​​​អង្គុយលេង​នៅក្នុង​ភូមិឋាន៕ ​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu