Ad Code

ប្រដាល់​ម៉ា​រ៉ា​តុង​ដណ្តើមពាន​រង្វាន់​បាយ័ន​ទម្ងន់​៥៤​គីឡូក្រាម​



ការប្រកួត​ដណ្តើមពាន​អនុស្សាវរីយ៍​ទូរទស្សន៍​បាយ័ន​ទម្ងន់​៥៤​គីឡូក្រាម​តាម​លក្ខណៈ​ម៉ា​រ៉ា​តុង​លើក​នេះ មាន​អ្នក​ប្រដាល់​ជើង​ថ្មី​២​រូប និង​ជើងចាស់​២​រូប ចូលរួម​ប្រជែង​គ្នា​ដណ្តើមយក។ ការប្រកួត​នឹង​ចាប់ផ្តើម​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ទី​២៨ ខែ​​កក្កដា ឆ្នាំ​២០១៨​នេះ នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។

អ្នក​ប្រដាល់​ជើង​ថ្មី​២​រូប​នោះ គឺ​ជី ឆៃលី មកពី​សមាគម​ប្រដាល់​ក្រសួងការពារជាតិ និង វ៉ន វ៉ុ​ន ក្លិប​អេ​ភូ​ថង​កីឡា ហើយ​ជើងចាស់​២​រូបនោះ គឺ សំណាង សម្បត្តិ ក្លិប​កងចក្រ​រាជសីហ៍ និង ជុន សា​វិធ ក្លិប​កុសល​កីឡា។

ក្នុងចំណោម​អ្នក​ប្រដាល់​ទាំង​៤​នាក់​នេះ ខ្លះ​ធ្លាប់​ជួបគ្នា ខ្លះ​មិន​ធ្លាប់​ជួបគ្នា​នោះទេ កន្លងមក​។​ បើតាម​ការកត់សម្គាល់​ពី​សមត្ថភាព របស់​អ្នក​ប្រដាល់​ទាំង​៤​នាក់​នេះ គេ​បាន​សន្និដ្ឋាន​និង​វាយតម្លៃថា ជើង​ថ្មី វ៉ន វ៉ុ​ន ទំនងជា​នឹង​ឈ្នះ​បាន​ពានរង្វាន់​អនុស្សាវរីយ៍​បាយ័ន​ទម្ងន់​៥៤​គីឡូក្រាម​នេះ។​

ដូច្នេះ​ចាំមើល សម្រាប់​ការជួប​ប្រកួត​គ្នា រវាង​ជី ឆៃលី , វ៉ន វ៉ុ​ន , ជុន សាវុធ និង សំណាង​សម្បត្តិ តើ​វ៉ន វ៉ុ​ន គេ​អាច​យកឈ្នះ​ដូច​ការរំពឹងទុក​បាន​ឬ​អត់​?។

វ៉ន វ៉ុ​ន គេ​ធ្លាប់​វាយ​ឈ្នះ​ជើងចាស់​ជុន សាវុធ ដោយ​ពិន្ទុ។ តែ​យ៉ាងណា​វ៉ន វ៉ុ​ន មិន​ប្រាកដ​ថា​វាយ​ឈ្នះ ជី ឆៃលី ដែលជា​ដៃគូ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​លើកដំបូង​នោះទេ។ ចំពោះ​ជុន សាវុធ និង​សំណាង សម្បត្តិ ដែល​ជួបគ្នា​ក្នុង​វគ្គ​ជម្រុះ​លើ​ដំបូង​ដែរនោះ ក៏​ពុំទាន់​អាច​សន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នោះដែរ។

ជុន សាវុធ ថ្វីត្បិតតែ​ជា​ជើងចាស់​មាន​ទិច​និ​ច​ប្រកួត​ល្អ​ក្តី ប៉ុន្តែ​គេ​អន់​កម្លាំង​ស៊ុ​ហ្វ ឯ សំណាង សម្បត្តិ គេ​ស្រករ​ក្រោយ​សាវុធ​មែន តែ​គេ​វាយ​ខ្លាំង​ជាង។ តែ​យ៉ាងណា មិនទាន់​ប្រាកដថា នរណា​ឈ្ណះ នរណា​ចាញ់ នោះទេ។​

គួរ​បញ្ជាក់ថា ការប្រកួត​ដណ្តើម​ប្រាក់​លាន​នេះ ប្រព្រឹត្តិ​ទៅតាម​រូបមន្ត​ជា​Marathon គឺ​ចាញ់​ហាលអាវ ឈ្នះ​ត្រូវ​បន្ត​ការប្រកួត​ទៀត ទាល់តែ​រកឃើញ​ជើងឯក​ម្ចាស់​ពាន​ក្នុងពេល​តែមួយ។ ការប្រកួត​ចែកចេញជា​ពីរ​ដំណាក់កាល ដែល​ដំណាក់កាល​ទី​១​ប្រកួត​ជម្រុះ ដើម្បី​ជម្រុះ​ចោល​ពីរ​នាក់​ដែល​ចាញ់ ហើយពីរ​នាក់​ដែល​ឈ្នះ​នោះ ត្រូវ​ឡើងទៅ​ជួបគ្នា​ក្នុងដំណាក់កាល​ទី​២ ដែលជា​ការប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើមពាន​អនុស្សាវរីយ៍​របស់​ស្ថានីយ៍ទូរទស្សន៍​បាយ័ន។​
​គួរ​បញ្ជាក់ថា ការប្រកួត​ក្នុងដំណាក់កាល​ទី​១ គឺ​ប្រកួត​តែ​៣​ទឹក​ប៉ុណ្ណោះ​ដោយ​ក្នុង​មួយ​ទឹក​មាន​៣​នាទី និង​ការប្រកួត​ក្នុងដំណាក់កាល​ផ្តាច់ព្រ័ត្រ គឺ​វាយ​៥​ទឹកតែ​មួយ​ទឹក​វាយ​តែ​២​នាទី​ទេ ។​

ដោយឡែក សម្រាប់​ការប្រកួត​គូ​ឯក​វិញ​នោះ គឺ​ស៊ូ វ​ណ្ណះ អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ ត្រូវគេ​ផ្តល់​ឪ​កាស​អោយ​ជួប ជម្រះបញ្ជី​ជាមួយ ហួន សុខ​នី​ម អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​តា​ដំបង​ដែក ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម ។

ពីរ​នាក់​នេះ ធ្លាប់​ជួប​ប្រកួត​គ្នា​៣​ដង​ហើយ ដោយ​ហួន សុខ​នី​ម វាយ​ឈ្នះ​ទាំង​២​លើក និង​ស្មើ​ពិន្ទុ​គ្នា​មួយ​លើក​។ ដូច្នេះ ចាំមើល​ការជួបគ្នា​លើក​នេះ តើ​ស៊ូ វ​ណ្ណះ អាច​យកឈ្នះ​លើ​ហួន សុខ​នី​ម​បាន​ឬ​អត់​នោះ ? ។​

ហួន សុខ​នី​ម មាន​ស្នៀត​ទាត់​និង​កណ្តាប់ដៃ​ខ្លាំង និង​វាយ​ល្អ ហើយ​មានចិត្ត​ប្រដាល់​ធំ និង​មាន​ទិច​និ​ច​ប្រកួត​ច្រើន ដើម្បី​យកឈ្នះ​លើ​គូប្រកួត​។ ដោយសារតែ​យ៉ាង​ដូច្នេះហើយ ទើប​ឡើង​ប្រកួត​ឈ្នះ​ច្រើនជាង​ចាញ់ ។ តួយ៉ាង ការប្រកួត​លើកចុងក្រោយ​នេះ សុខ​នី​ម​បាន​ផ្តួល​យ៉ុ​ន ដា​រ័ត្ន អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​អោយ​សន្លប់​ក្នុង​ទឹក​ទី​១។​

ស៊ូ វ​ណ្ណះ គេ​ក៏មាន​ចិត្ត​ប្រដាល់​ធំ​ដែរ ហើយ​មាន​កម្លាំង​ស៊ុ​ហ្វ​រឹងមាំ​ថែមទៀត ។ វ​ណ្ណះ វ៉ៃ​មិនចេះ​ថយ​ទេ គឺ​សម្រុកចូល​ជានិច្ច ប៉ុន្តែ​រាល់​ការ​វាយ​ចេញ​របស់គេ ភាគច្រើន​មិនសូវ​ចំ​គោលដៅ គឺ​បានត្រឹមតែ​សម្រុក​ប៉ុណ្ណោះ។ ការប្រកួត​ចុងក្រោយ​គេ​នេះ ស៊ូ វ​ណ្ណះ វាយ​ឈ្នះ​ចេង គា អ្នក​ប្រដាល់​ក្លិប​ពន្លឺ​វិបុល​មាន​រិ​ទ្ធ ដោយ​ពិន្ទុ។ ចាំមើល តើ​ស៊ូ វ​ណ្ណះ អាច​សងសឹក​យកឈ្នះ​ហួន សុខ​នី​ម បាន​ឬ​អត់ នៅក្នុង​ការ​ជយ​ប​គ្នា​លើក​ទី​៤​នេះ ?៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu