Ad Code

គួរ​ស្វែង​យល់ ​៖​ តើ​មេដឹកនាំ​គណបក្ស​ទាំង​២០ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​អាណត្តិ​នេះ ទៅ​បោះឆ្នោត​នៅ​ទី​ណា​ខ្លះ ?



​មាន​ប្រធាន​គណបក្ស​មួយ មិនបាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ដ្រ ហើយ​មិនមាន​ឈ្មោះ​បោះឆ្នោត​ទៀតផង​
​ភ្នំពេញ ​៖ ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នឹង​ប្រព្រឹត្តិ​ទៅ​តែមួយ​ថ្ងៃ​គត់ គឺ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ ចាប់ពី​ម៉ោង​៧ ព្រឹក​ដល់​ម៉ោង​៣​រសៀល ហើយ​ការឃោសនា​រក​សំឡេងឆ្នោត មាន​រយៈពេល​២១​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​០៧ ខែកក្កដា ដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ ជាមួយគ្នានេះ ការបោះពុម្ព​សន្លឹកឆ្នោត ក៏ត្រូវ​បានបញ្ចប់ និង​បាន​ដឹកចេញទៅ​កាន់​ការិយាល័យ​បោះឆ្នោត​ទាំង​២២៩៦៧ នៅ​ទូទាំងប្រទេស​ផងដែរ​។​

ការបោះឆ្នោត​នេះ មាន​គណបក្ស​នយោបាយ​ចំនួន​២០ បាន​ចូលរួម គឺ​គណបក្ស “​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​” លេខ​រៀង​ទី​១, គណបក្ស “​គណបក្ស​មាតុភូមិ​យើង​” លេខ​រៀង​ទី​២, គណបក្ស “​គណបក្ស​ពន្លឺ​ថ្មី​” លេខ​រៀង​ទី​៣, គណបក្ស “​សញ្ជាតិ​កម្ពុជា​” លេខ​រៀង​ទី​៤, គណបក្ស “​ខ្មែរ​ក្រោក​” លេខ​រៀង​ទី​៥, គណបក្ស “​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​” លេខ​រៀង​ទី​៦, គណបក្ស “​ប្រជាធិបតេយ្យ​មូលដ្ឋាន​” លេខ​រៀង​ទី​៧, គណបក្ស “​ខ្មែរ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​” លេខ​រៀង​ទី​៨, គណបក្ស “​រស្មី​ខេមរា​” លេខ​រៀង​ទី​៩, គណបក្ស “​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​” លេខ​រៀង​ទី​១០, គណបក្ស “​ខ្មែរ​សាធារណរដ្ឋ​” លេខ​រៀង​ទី​១១, គណបក្ស “​ខ្មែរ​ឈប់​ក្រ​” លេខ​រៀង​ទី​១២, គណបក្ស “​ហ្វ៊ុនស៊ិនប៉ិច​” លេខ​រៀង​ទី​១៣, គណបក្ស “​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​” លេខ​រៀង​ទី​១៤, គណបក្ស “​យុវជន​កម្ពុជា​” លេខ​រៀង​ទី​១៥, គណបក្ស “​ធម្មាធិបតេយ្យ​” លេខ​រៀង​ទី​១៦, គណបក្ស “​ឆន្ទៈ​ខ្មែរ​” លេខ​រៀង​ទី​១៧, គណបក្ស “​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា​” លេខ​រៀង​ទី​១៨, គណបក្ស “​ខ្មែរ​តែមួយ​” លេខ​រៀង​ទី​១៩ និង​គណបក្ស “​ប្រជាជន​កម្ពុជា​” លេខ​រៀង​ទី​២០។

ជាមួយនឹង​ព័ត៌មាន​ខាងលើនេះ មាន​ប្រជាពលរដ្ឋ​មួយចំនួន ក៏​មិនទាន់​ដឹង​ពី​ទីតាំង ឬ​ការិយាល័យ​បោះឆ្នោត របស់​មេដឹកនាំ ឬ​ប្រធាន​គណបក្ស​ទាំង​២០ ដែល​ចូលរួម​ប្រកួត​ប្រជែង​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នេះ នៅទីណា​ផងដែរ ខាងក្រោម​នេះ ជាទី​តាំង ឬ​ការិយាល័យ​បោះឆ្នោត របស់​មេដឹកនាំ ឬ​ប្រធាន​គណបក្ស​ទាំង​២០ គឺ​
​ទី​១. ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ (​បេក្ខជន​តំណាងរាស្ដ្រ​មណ្ឌល​ខេត្តបន្ទាយមានជ័យ​) ទៅ​បោះឆ្នោត​នៅ​មណ្ឌល​ខេត្តបន្ទាយមានជ័យ (​នៅ​ការិយាល័យ "​សាលា​បឋម សិក្សា​សែ​សិន​" សង្កាត់​អូរ​អំបិល ក្រុង​សិរី សោភ័ណ​)​។

ទី​២. ប្រធាន​គណបក្ស​មាតុភូមិ​យើង លោក ច័ន្ទ ប៊ុន​ហន (​បេក្ខជន​តំណាងរាស្ដ្រ​មណ្ឌល​ខេត្តព្រៃវែង​) ទៅ​បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ (​នៅ​ការិយាល័យ "​អនុ​វិ​.+​បឋម​. សុធារស​" សង្កាត់​ទន្លេ បាសាក់ ខណ្ឌចំការមន​)​។​

ទី​៣. ប្រធាន​គណបក្ស​ពន្លឺ​ថ្មី លោក នួន សុខា​វី (​បេក្ខជន​តំណាងរាស្ដ្រ​មណ្ឌល​រាជធានី​ភ្នំពេញ​) ទៅ​បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ (​នៅ​ការិយាល័យ "​វិទ្យាល័យ ជា ស៊ីម សាមគ្គី​" សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​)​។​

ទី​៤. ប្រធាន​គណបក្ស​សញ្ជាតិ​កម្ពុជា លោក សេង សុ​ខេង (​បេក្ខជន​តំណាងរាស្ដ្រ​ខេត្តកំពង់ចាម​) ទៅ​បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ (​នៅ​ការិយាល័យ "​ក្បែរ​វិមាន​សុភមង្គល​" សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ​)​។​

ទី​៥. ប្រធាន​គណបក្ស​ខ្មែរ​ក្រោក លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង (​មិន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ដ្រ​) ទៅ​បោះឆ្នោត​នៅ​មណ្ឌល​ខេត្តកណ្ដាល​។​

ទី​៦. ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ (​បេក្ខជន​តំណាងរាស្ដ្រ​មណ្ឌល​ព្រៃវែង​) ទៅ​បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ (​នៅ​ការិយាល័យ "​សាលារៀន វត្ត​ដំបូក​ខ្ពស់​" សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌ មានជ័យ​)​។​

ទី​៧. ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉េ​ង វីរៈ (​បេក្ខជន​តំណាងរាស្ដ្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ​) ទៅ​បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ (​នៅ​ការិយាល័យ "​វិទ្យាល័យ ហ៊ុន សែន បូរី​១០០​ខ្នង​" សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​)​។​

ទី​៨. ប្រធាន​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ លោកស្រី សុខ រ័ត្ន​សុវណ្ណ​ប​ច្ចៈ​សីលា (​មិន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ដ្រ​) បោះឆ្នោត​នៅ​មណ្ឌល​ខេត្តពោធិ៍សាត់ (​ការិយាល័យ "​សាលាបឋមសិក្សា​អន្លង់ត្នោត​" ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ​)​។​

ទី​៩. ប្រធាន​គណបក្ស​រស្មី​ខេមរា លោក ស៊ិន សុភាព (​បេក្ខជន​តំណាងរាស្ដ្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ​) បោះឆ្នោត​នៅ​មណ្ឌល​ខេត្តកំពង់ស្ពឺ (​នៅ​ការិយាល័យ "​បឋមសិក្សា​ព្រះពុទ្ធ​និ​ពា​ន្វ​" ឃុំ​ព្រះ​និ​ព្វា​ន្ត ស្រុក​គងពិសី​)​។​

ទី​១០. ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា (​មិន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ដ្រ​) ទៅ​បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ (​នៅ​ការិយាល័យ "​សាលា​វិចិត្រសិល្បៈ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​)​។​

ទី​១១. ប្រធាន​គណបក្ស​ខ្មែរ​សាធារណរដ្ឋ លោក លន់ ឫទ្ធិ (​មិន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ដ្រ​) មិនមាន​ឈ្មោះ​បោះឆ្នោត​នោះទេ ព្រោះ​មិនបាន​ចុះឈ្មោះ​។ នេះ​តាម​ការបញ្ជាក់​របស់លោក អាង ផានិត ជំនួយការ​លោក លន់ ឫទ្ធិ​។​

ទី​១២. ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ លោក ក្រវ៉ា​ញ ដា​រ៉​ន (​មិន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ដ្រ​) មិនមាន​ឈ្មោះ​បោះឆ្នោត​នោះទេ ព្រោះ​មិនបាន​ចុះឈ្មោះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ស៊ិន វណ្ណា​រិ​ទ្ធ អគ្គលេខាធិការ​គណបក្ស​ខ្មែរ​ឈប់​ក្រ​។​

ទី​១៣. ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សម្ដេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ (​បេក្ខជន​តំណាងរាស្ដ្រ​មណ្ឌល​ខេត្តកំពង់ចាម​) យាង​ទៅ​បោះឆ្នោត​នៅ​មណ្ឌល​ខេត្តកំពង់ចាម​។​

​ទី​១៤. ប្រធាន​គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច លោក ហួន រាជ​ចំរើន (​បេក្ខជន​តំណាងរាស្ដ្រ​មណ្ឌល​ខេត្តកណ្ដាល​) ទៅ​បោះឆ្នោត​នៅ​មណ្ឌល​ខេត្តតាកែវ (​ការិយាល័យ "​សាលា​វត្ត​ស្ពឺ​" ឃុំ​អង្គ​ខ្នុរ ស្រុក​ទ្រាំង​)​។​

ទី​១៥. ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ (​បេក្ខជន​តំណាងរាស្ដ្រ​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ​) ទៅ​បោះឆ្នោត​នៅ​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ (​នៅ​ការិយាល័យ "​បឋមសិក្សា​ចក​" ឃុំ​ចក ស្រុក​អូររាំងឪ​)​។​

ទី​១៦. ប្រធាន​គណបក្ស​ធម្មាធិបតេយ្យ លោកស្រី ពោធិ​តី សាវត្ថី (​បេក្ខជន​តំណាងរាស្ដ្រ​មណ្ឌល​រាជធានី​ភ្នំពេញ​) ទៅ​បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ​។​

ទី​១៧. ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក គង់ មុនី​កា (​បេក្ខជន​តំណាងរាស្ដ្រ​មណ្ឌល​រាជធានី​ភ្នំពេញ​) ទៅ​បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ (​នៅ​ការិយាល័យ "​អនុ​វិ​.+​បឋម​. សុធារស​" សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​)​។​

ទី​១៨. ប្រធាន​គណបក្ស​គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា លោក ប្លា​ង សី​ន (​មិន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ដ្រ​) ទៅ​បោះឆ្នោត​នៅ​មណ្ឌល​ខេត្តមណ្ឌលគិរី (​នៅ​ការិយាល័យ "​បឋមសិក្សា​ស្រែ​ក្លេ​ង​" ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា​)​។​

ទី​១៩. ប្រធាន​គណបក្ស​ខ្មែរ​តែមួយ លោក កែម រិ​ទ្ធិ​សិត (​បេក្ខជន​តំណាងរាស្ដ្រ​មណ្ឌល​ខេត្តតាកែវ​) ទៅ​បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ (​នៅ​ការិយាល័យ "​ផ្លូវ​១១៨ (​ក្រោយ​ផ្សា​របាយ​យ័ន្ត​)" សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា​)​។​

ទី​២០. ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន (​បេក្ខជន​តំណាងរាស្ដ្រ​មណ្ឌល​ខេត្តកណ្ដាល​) ទៅ​បោះឆ្នោត​នៅ​មណ្ឌល​ខេត្តកណ្ដាល (​នៅ​ការិយាល័យ "​សាលា​គរុកោសល្យ​វិ​ក្រិ​ត្យ​ការ​ក្រុង​" សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​)​។​

សូម​បញ្ជាក់​ថា ក្នុង​ចំណោម​ប្រធាន​គណបក្ស​ទាំង​២០ មាន​ប្រធាន​គណបក្ស​ចំនួន​៦ មិន​ឈរ​ជា​តំណាងរាស្ដ្រ ខណៈ​ប្រធាន​គណបក្ស​ចំនួន​១៤​ផ្សេងទៀត ឈរឈ្មោះ​បេក្ខភាព​តំណាងរាស្ត្រ​នៅ​៨​មណ្ឌល​ផ្សេងគ្នា ហើយ​ក៏​មាន​ប្រធាន​គណបក្ស​មួយ​មិន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ដ្រ និង​មិនមាន​ឈ្មោះ​បោះឆ្នោត​ទៀតផង​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu