Ad Code

អ្នក​ស្លាប់​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​នៅ​ប្រទេស​ក្រិក​ កើន​ដល់​៨១​នាក់​ ខណៈ​ការស្វែងរក​អ្នក​នៅ​រស់​កំពុង​បន្ត



អាជ្ញាធរ​ក្រិ​ក​ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា មនុស្ស​យ៉ាងតិច​៨១​នាក់ ​បាន​ស្លាប់​នៅក្នុង​ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​នៅ​ជុំវិញ​ទីក្រុង​អា​តែ​ន​ ខណៈ​ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​ឆែកឆេរ​ផ្ទះ​ដែល​ឆេះ​ខ្ទេច​និង​រថយន្ត​ដែល​ត្រូវ​ដុត​បំផ្លាញ​ដើម្បី​រក​អ្នក​រស់រាន​មានជីវិត​ពី​អគ្គិភ័យ​មួយ​ក្នុងចំណោម​អគ្គិភ័យ​ដែល​សម្លាប់​មនុស្ស​ច្រើន​បំផុត​នៅក្នុង​ពិភពលោក។

អ្នកស្រុក​និង​អ្នកទេសចរ​ជាច្រើន​នាក់​បាននាំគ្នារ​ត់ទៅ​សមុទ្រ​ដើម្បី​គេច​ឲ្យ​ផុតពី​អណ្តាតភ្លើង​នៅពេលដែល​វា​លេប​ត្របាក់​តាម​ទីប្រជុំជន​និង​ភូមិ​នានា​ក្បែរ​រដ្ឋធានី​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្រិ​កបាន​ហៅ​គ្រោះមហន្តរាយ​នេះ​ថា​ជា “​សោកនាដកម្ម​ជាតិ​” ខណៈដែល​លោកនាយក​រដ្ឋមន្ត្រី Alexis Tsipras បាន​បញ្ឈប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​ខ្លី​ទៅកាន់​ប្រទេស​បូ​ស្នៀ​និង​បានប្រកាស​ពី​ការ​កាន់ទុក្ខ​ជាតិ​រយៈពេល​បី​ថ្ងៃ​។​

អ្នកនាំពាក្យ​សេវា​អគ្គិភ័យ​លោកស្រី Stavroula Maliri បាន​និយាយថា ឥឡូវនេះ​មនុស្ស​ចំនួន​៨១​នាក់​ត្រូវបាន​គេ​ដឹងថា​ស្លាប់​។ ចំនួន​អ្នកស្លាប់​នេះ​បាន​កើនឡើង​លើស​ចំនួន​ជាង​៧៧​នាក់​ដែល​ត្រូវបាន​សម្លាប់​នៅក្នុង​អគ្គិភ័យ​ដែល​សម្លាប់​មនុស្ស​ច្រើន​បំផុត​របស់​ក្រិ​ក​កាល​ឆ្នាំ​២០០៧​នៅ​កោះ Evia ភាគខាងត្បូង​។​

លោកស្រី Maliri បាន​និយាយថា ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​បន្ត​ស្វែងរក​សាកសព​បន្ទាប់ពី​ទទួលបាន​ការហៅ​ទូរស័ព្ទ​ជាច្រើនលើក​ដែល​រាយការណ៍​អំពី​មនុស្ស​ដែល​បាត់​ខ្លួន​។​

លោកស្រី Maliri បាន​និយាយថា វា​អាចទៅរួច​ដែលថា​អ្នក​ដែល​មិនបាន​រាប់បញ្ចូល​គឺ​ប្រហែលជា​ស្លាប់​។ លោកស្រី​បាន​បន្ថែមថា សាច់ញាតិ​របស់​អ្នក​ដែល​បាត់​ខ្លួន​ត្រូវ​បានស្នើ​ឲ្យ​ផ្តល់​សំណាក DNA ដើម្បី​ជួយ​អាជ្ញាធរ​ក្នុងការ​កំណត់​អត្តសញ្ញាណ​សាកសព​។​

នៅពេល​អគ្គិភ័យ​បាន​ផ្ទុះឡើង​កាលពី​យប់​ថ្ងៃ​ចន្ទ ពលរដ្ឋ​និង​អ្នកទេសចរ​ត្រូវបាន​លេប​ត្របាក់​ដោយ​អណ្តាតភ្លើង​នៅផ្ទះ​របស់​ពួកគេ​ឬ​ខណៈពេល​កំពុងធ្វើដំណើរ​ដោយ​ថ្មើរជើង​ឬ​នៅក្នុង​រថយន្ត​របស់​ពួកគេ​។ អ្នក​ថតរូប AFP បានឃើញ​សព​ដុត​ឆេះ​ខ្លោច​របស់​មនុស្ស​និង​សត្វ​ឆ្កែ​។​

ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​និយាយថា សព​ឆេះ​ខ្លោច​នៃ​មនុស្ស​ចំនួន​២៦​នាក់​រួមទាំង​កុមារ​តូចៗ​ផងដែរ​ត្រូវបាន​គេ​រកឃើញ​ក្នុង​វីឡា​មួយ​នៅ​ភូមិ Mati ដែលមាន​ចម្ងាយ​៤០​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ទីក្រុង​អា​តែ​ន​។​

កាលពី​ថ្ងៃ​ពុធ​ក្រុម​ជួយសង្គ្រោះ​បានធ្វើ​ការឆែកឆេ​រ​តាម​ផ្ទះ​ដើម្បី​ស្វែងរក​អ្នក​នៅរស់​នៅក្នុង​ភូមិ​នេះ​៕ AFP





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu