Ad Code

តំណាង​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​ ៖ ប្រទេស​កម្ពុជា​ជា​ប្រទេស​ក្នុងចំណោម​ប្រទេស ដែល​បាន​បរិច្ចាគ​កម្លាំង​មួក​ខៀវ​ច្រើនជាងគេ ក្នុង​សហគមន៍​អាស៊ាន



ភ្នំពេញ​ ៖ ប្រទេស​កម្ពុជា​ជា​ប្រទេស​ក្នុងចំណោម​ប្រទេស ដែល​បាន​បរិច្ចាគ​កម្លាំង​មួក​ខៀវ​ច្រើនជាងគេ ក្នុង​សហគមន៍​អាស៊ាន​។ នេះ​បើតាម​ប្រសាសន៍​លោក អា​ឡិច​ហ្សែ​ន​ឌឺ ហ៊ូ​យិន (Alexandre Huynh) តំណាង​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា ថ្លែង​នៅក្នុង​ពិធី​ទទួល​ដំណើរ​មាតុភូមិនិវត្តន៍​កងកម្លាំង​​កម្ពុជា ដែល​បាន​បញ្ចប់​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ចំនួន ៣​កង គឺ​កងវិស្វកម្ម​ព្រលាន​យន្តហោះ​លេខ ១៨៩ កង​កំទេច​គ្រាប់​មិនទាន់​ផ្ទុះ​លេខ ១២៣ នៅ​សាធារណរដ្ឋ​ម៉ាលី និង​កង​អាវុធហត្ថ​លេខ ៦១៨ នៅ​ស៊ូដង់​ខាងត្បូង ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​-​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី ២៣ ខែកក្កដា​នេះ នៅ​សាលប្រជុំ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

តំណាង​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា លោក អា​ឡិច​ហ្សែ​ន​ឌឺ ហ៊ូ​យិន បាន​លើកឡើងថា ក្នុង​សេចក្តី​ថ្លែង​ការ​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ​២០១៨ នៃ​ទិវា​រក្សា​សន្តិភាព ខណៈដែល​លោក​បានផ្តល់​មេដាយ​ដល់​បុរស និង​នារី​ចំនួន ១២៨​នាក់ ដែល​បាន​ពលី​ជីវិត ក្នុងពេល​កំពុង​បេសកកម្ម ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​បាន​លើកឡើងថា ខណៈដែល​យើង​បាន​រម្លឹក​ដល់​អ្នក​ពលី​ជីវិត យើង​ក៏​នាំ​ស្នាដៃ​ដែល​ពួកគេ​សម្រេចបាន​ដើម្បី​សន្តិភាព និង​ស្ថិរភាព​ជុំវិញ​ពិភពលោក​អស់​រយៈពេល ៧០​ឆ្នាំ​។ លោក​សូម​អរគុណ​ដល់​ការចូលរួម និង​ការលះបង់ ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​បន្ត​ស្ថិតនៅ​ជា​សកម្មភាព​ដាច់ខាត​របស់​អង្គការសហប្រជាជាតិ ហើយក៏​ជា​ផ្នែក​មួយ​បង្ហាញ​ពី​សកម្មភាព​អន្តរជាតិ និង​ពហុភាគី​ដ៏​រឹងមាំ​។ ក្នុងនាម​ជា​បុគ្គលិក​រក្សា​សន្តិភាព គឺ​មានន័យថា​ជា​អ្នកចូលរួម​ក្នុង​បេសកកម្ម ដែលមាន​ភាព​ឧ​ត្ត​ម ប៉ុន្តែ​ជាការ​ងារ ដែល​ប្រឈម​នឹង​ហានិភ័យ​។ គិត​ត្រឹម​ឆ្នាំនេះ​កម្លាំង​រក្សា​សន្តិភាព​ចំនួន ៥២​នាក់ បាន​បាត់​បង់ជីវិត​អំឡុងពេល​ស្វែងរក​សន្តិភាព​ក្នុង​បេសកកម្ម ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​។ សាធារណរដ្ឋ​មាលី និង​ស៊ូដង់​ខាងត្បូង​ស្ថិតក្នុង​ចំណោម​ប្រទេស ដែល​ប្រឈម​នឹង​ភាព​ស្មុគស្មាញ ហានិភ័យ ព្រមទាំង​ងាយ​នឹង​រង​គ្រោះ ជាក់ស្តែង​កង​រក្សា​សន្តិភាព​បង់​ក្លា​ដេ​ស ដែល​បាត់​បង់ជីវិត​កាលពី​ខែ​មុន ដោយ​ការវាយប្រហារ​មក​លើ​ក្បួន​យុទ្ធជន​តំណាង​អង្គការសហប្រជាជាតិ ខណៈ​ពួកគេ​ផ្តល់​ការ​ការពារ​ដល់​បុគ្គលិក​មនុស្សធម៌ ដែល​កំពុង​ផ្តល់ជំនួយ​មនុស្សធម៌​ក្នុង​រដ្ឋ​វ៉ា​សា​ឌា នៃ​សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង​។ ប្រទេស​កម្ពុជា​ក៏បាន​លះបង់​នូវ​តម្លៃ​ដ៏​ធំធេង​ក្នុងការ​ប្តេជ្ញា​ដើម្បី​សន្តិភាព ហើយ​កាលពី​ឆ្នាំ​កន្លងទៅនេះ​កង​រក្សា​សន្តិភាព​កម្ពុជា​ចំនួន ៥​នាក់ បាន​បាត់​បង់ជីវិត​ក្នុងពេល​បំពេញបេសកកម្ម​អង្គការសហប្រជាជាតិ ក្នុង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​។ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​កងទ័ព​ពលី ព្រមទាំង​ថ្គោល​ទោស​ដល់​ការ​សម្លាប់​នេះ​ផងដែរ​។ តាងនាម​ឱ្យ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា សូម​ចូលរួម​រម្លឹក​គុណ​ដល់​យុទ្ធជន ដែល​បាន​ពលី​ជីវិត ដើម្បី​ការពារ​សន្តិភាព​ដល់​ប្រទេស ដែល​ជា​ប្រទេស​មិនមែន​ប្រទេស​របស់ខ្លួន​។ ទោះបី​ជា​មាន​សោកនាដកម្ម​បែបនេះ​ក៏ដោយ ក៏​មិនបាន​រារាំង​កង​រក្សា​សន្តិភាព​កម្ពុជា​មិន​ឱ្យ​ធ្វើការ​នៅ​កន្លែង​ដែល​ត្រូវការ​ពួកគេ​បំផុត​នោះ​ទេ​។ អង្គការសហប្រជាជាតិ​ដឹងគុណ​ការ​បរិច្ចាគ​របស់​អ្នក​។ លោក​មាន​សេចក្តី​រីករាយ​ដោយ​ដឹងថា ប្រទេស​កម្ពុជា​ជា​ប្រទេស​ក្នុងចំណោម​ប្រទេស ដែល​បាន​បរិច្ចាគ​កម្លាំង​មួក​ខៀវ​ច្រើន​ជាង​គេ ក្នុង​សហគមន៍​អាស៊ាន​។ ក្នុង​ឆ្នាំ​១៩៩០ ប្រទេស​កម្ពុជា​ធ្លាប់តែ​ទទួល​ការ​គាំទ្រ​ពី​កង​រក្សា​សន្តិភាព ក្នុងការ​នាំមក​នូវ​សន្តិភាព ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ក្រោយមក​ប្រទេស​កម្ពុជា ក៏បាន​ចាប់ផ្តើម​បញ្ជូន​កម្លាំង​ក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព​ពាសពេញ​ពិភពលោក​។ លោក​សូម​កោតសរសើរ​ដល់​កងក​ម្លាំ​ង​រក្សា​សន្តិភាព​កម្ពុជា តាំងពី​អតីតកាល បច្ចុប្បន្ន និង​អនាគត​ចំពោះ​ការតាំង​ចិត្ត នៅក្នុង​ការបរិច្ចាគ​បេសកកម្ម​អង្គការសហប្រជាជាតិ ដើម្បី​សន្តិភាព និង​សន្តិសុខ​នៅ​ពាសពេញ​ពិភពលោក​។​

បើ​របាយការណ៍​របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សវណ្ណ​នី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​បាន​ឱ្យដឹង​ថា នៅក្នុង​រយៈពេល​១២​ឆ្នាំ​មកនេះ កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​សរុប​ចំនួន ៥.៤៩៨​នាក់ នារី​ចំនួន ២៥៧​នាក់ លើ​ជំនាញ​បោសសំអាត​មីន វិស្វកម្ម​សំណង់​ផ្តេក​-​សំណង់​បញ្ឈរ អាវុធហត្ថ មន្ទីរពេទ្យ​កម្រិត​២ វិស្វកម្ម​ព្រលានយន្តហោះ កំទេច​គ្រាប់​មិនទាន់​ផ្ទុះ នាយទាហាន​សេនាធិការ និង​សង្កេតការណ៍​យោធា ទៅកាន់​បេសកកម្ម​ចំនួន ១០ នៅក្នុង​ប្រទេស​ចំនួន ៨ មាន​ជាអាទិ៍ សាធារណរដ្ឋ​ស៊ូដង់ ឆាដ អាហ្វ្រិក​កណ្តាល ស៊ូដង់​ខាងត្បូង លី​បង់ ម៉ាលី ស៊ី​រី និង សាយ​ប្រឺស​។ បច្ចុប្បន្ន​កម្លាំង​កម្ពុជា​កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​នៅ​ប្រទេស​ចំនួន ៥ រួមមាន សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង ស៊ូដង់ លី​បង់ អាហ្វ្រិក​កណ្តាល និង​ម៉ាលី៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu