សហរដ្ឋអាមេរិកកំពុងតែតស៊ូដើម្បីធ្វើឲ្យរួចរាល់ត្រឹមពេលវេលាកំណត់ថ្ងៃព្រហស្បតិ៍សម្រាប់ការ ជួបជុំឪពុកម្តាយអន្តោប្រវេសន៍ និងកូនៗដែលត្រូវបានបំបែកចេញពីគ្នា បន្ទាប់ពីឆ្លងកាត់ព្រំដែនម៉ិកស៊ិក ប៉ុន្តែគ្រួសាររាប់រយទំនងជានឹងមានការខកចិត្ត។
ការបំបែកបំបាក់ដ៏ចម្រូងចម្រាសបានចាប់ផ្តើមនៅក្នុងខែឧសភាក្រោមគោលនយោបាយ “គ្មានការអត់ឱន” របស់លោកប្រធានាធិបតី Donald Trump នៅពេលជនអន្តោប្រវេសន៍ដែលចូលមកសហរដ្ឋអាមេរិកដោយខុសច្បាប់ត្រូវបានឃុំខ្លួនហើយកូនៗរបស់ពួកគេត្រូវបានគេយកទៅជ្រកកោននៅកន្លែងផ្សេង។
គោលនយោបាយនេះបានបង្កឲ្យមានការតវ៉ានៅសហរដ្ឋអាមេរិកនិងក្រៅប្រទេសជាពិសេសបន្ទាប់ពីការបញ្ចេញនៃសំឡេងក្មេងតូចៗនៅក្នុងជម្រកយំស្រែករកឪពុកម្តាយរបស់ពួកគេ។
រយៈពេល៦សបា្ដហ៍ក្រោយមក មេដឹកនាំគណបក្សសាធារណរដ្ឋបាននាំឲ្យមានការជួបជុំគ្នាឡើងវិញនៃមនុស្សរាប់រយនាក់ប៉ុន្តែល្បឿនមានភាពយឺតយ៉ាវ។ កូននិងឪពុកម្តាយរបស់ពួកគេត្រូវបានគេដាក់នៅក្នុងផ្នែកផ្សេងៗនៃប្រទេសហើយមនុស្សពេញវ័យខ្លះត្រូវបាននិរទេស។
ចៅក្រមសហព័ន្ធរដ្ឋកាលីហ្វ័រនីញ៉ាលោក Dana Sabraw បានទាមទារឲ្យមានដំណោះស្រាយយ៉ាងឆាប់រហ័សចំពោះរឿងនេះដោយបានចេញបទបញ្ជាឲ្យក្រុមគ្រួសារដែលមានសិទ្ធិគ្រប់គ្រាន់ទាំងអស់ត្រូវជួបជុំគ្នាវិញត្រឹមថ្ងៃព្រហស្បតិ៍។
លោកស្រី Kirstjen Nielsen រដ្ឋលេខាធិការក្រសួងសន្តិសុខមាតុភូមិបាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលមានបំណងបង្រួបបង្រួមក្រុមគ្រួសារទាំងអស់ដែលមានលក្ខណៈសមរម្យ។
លោកស្រីបានប្រាប់ Fox News ថា ក្រសួងរបស់លោកស្រីកំពុងធ្វើការជាមួយក្រសួងសុខាភិបាលនិងសេវាមនុស្សដែលបានបើកជម្រកនៅទូទាំងប្រទេសដែលកុមារត្រូវបានបញ្ជូនទៅ។
រដ្ឋាភិបាលបានកំណត់អត្តសញ្ញាណកុមារចំនួន២,៥៥១នាក់ដែលមានអាយុពី៥ឆ្នាំទៅ១៧ឆ្នាំដែលអាចទទួលផលពីបទបញ្ជានេះ។ រដ្ឋាភិបាលបាននិយាយថា ក្រុមគ្រួសារចំនួន១,៦៣៤គ្រួសារត្រូវបានគេរំពឹងថានឹងបានជួបជុំគ្នាវិញត្រឹមថ្ងៃកំណត់។
ចំណែក៩១៧គ្រួសារដែលនៅសេសសល់គឺត្រូវធ្លាក់ទៅប្រភេទនៃ “ករណីមិនមានសិទ្ធិ” ដែលមានន័យថា កុមារមិនអាចជួបជុំគ្នាវិញបានទេដោយសារតែទំនាក់ទំនងគ្រួសារមិនអាចត្រូវបានបញ្ជាក់ឬឪពុកម្តាយមានកំណត់ត្រាព្រហ្មទណ្ឌ ជំងឺឆ្លងឬមិនអាចត្រូវបានរកឃើញ។
ទិន្នន័យរដ្ឋាភិបាលបានបង្ហាញថា ឪពុកម្តាយជាង៤៦០នាក់ប្រហែលជាត្រូវបាននិរទេសរួចទៅហើយដោយពួកគេខ្លះធ្វើទាំងស្ម័គ្រចិត្ត៕ AFP
Source: Kampuchea Thmey Daily
0 Comments