ភ្នំពេញ ៖ ស្របពេលដែលពាក្យនិន្ទារិះគន់ជាច្រើនកំពុងតែបាញ់ចាក់ស្រោចយ៉ាងគំហុកលើតារាស្រីនាងស្រីម៉ុច ចំពោះសកម្មភាពគឃ្លើននៃការស្លៀកពាក់សិចស៊ីស្ទើរលេចចេញតំបន់ពិសេសនាឱកាសចូលរួមកម្មវិធីមួយដែលរៀបចំឡើងដោយហាងថែរក្សាសម្ផស្ស ឌែម៉ូ គ្លីនិកនៅឯសណ្ឋាគារសូហ្វីតែលភ្នំពេញកាលពីថ្មីៗនោះ ពេលនេះស្រាប់តែមានការទម្លាយមកថានាងត្រូវប្រឈមនឹងការកោះហៅទៅអប់រំ ឬព្រមានបិទផ្លូវសិល្បៈពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ចំពោះរឿងរ៉ាវនៃការបញ្ចេញភាពសិចស៊ីជ្រុលវ័យរបស់អតីតតួឯករឿងជីដូនកាកី អ្នកនាង ស្រីម៉ុច នាពេលនេះ បានក្លាយជាប្រធានបទក្តៅ ខណៈសំឡេងរិះគន់ក៏កំពុងតែផ្ទុះឡើងខ្លាំងអំឡុងពេលប៉ុន្មានថ្ងៃនេះ។ មិនតែប៉ុណ្ណោះក៏មានការចែករំលែកយ៉ាងកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុកជាមួយការស្នើឲ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវមានវិធានការកោះហៅតារាស្រីរូបនេះទៅអប់រំឬព្រមានបិទផ្លូវសិល្បៈផងនោះ។
ជាការឆ្លើយតបលើសំណូមពរ និងការស្នើរបស់មហាជនដើម្បីឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកោះហៅ ស្រីម៉ុច ទៅព្រមានឬអប់រំនេះដែរ លោក ថៃ នរៈសត្យា អ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបញ្ជាក់ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ថា ជុំវិញរឿងរ៉ាវរបស់តារាស្រីខ្មែរនាង ស្រីម៉ុច ដែលកំពុងតែផ្ទុះការរិះគន់លើបណ្តាញសង្គមប៉ុន្មានថ្ងៃនេះខ្ញុំនិងខាងក្រសួងពិតជាបានដឹង និងឃើញហើយអំពីសកម្មភាពស្លៀកពាក់សិចស៊ីរបស់នាង។
លោក ថៃ នរៈសត្យា បានមានប្រសាសន៍ទៀតថា ករណីតារាសិចស៊ី ស្រីម៉ុច ក្រសួងពិតជាបានដឹងច្បាស់ណាស់ថា ទង្វើរបស់នាងធ្វើនេះបាននិងកំពុងតែប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍ទស្សនិកជនជាមួយការរិះគន់ជាច្រើន។ ម្យ៉ាងទៀតក្រសួងក៏បានកត់សម្គាល់ឃើញមានមហាជនមួយចំនួនបានទទូចស្នើឲ្យក្រសួងចាត់វិធានការអប់រំណនាំលើទង្វើនៃការស្លៀកពាក់របស់តារាស្រីរូបនេះផងដែរ។
រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈលោកថៃ នរៈសត្យា បានលើកឡើងថា ក្រសួងអាចគ្រោងនឹងធ្វើទៅតាមគោលការណ៍តាមរយៈការប្រជុំឬដាក់លិខិតស្នើសុំថ្នាក់ដឹកនាំក្រសួងដើម្បីពិភាក្សាអំពីចំណុចអវិជ្ជមានមួយចំនួនពីសំណាក់តារាស្រីនាង ស្រីម៉ុច ហើយលទ្ធផលយ៉ាងណានោះយើងនឹងត្រូវបន្តការងារនេះអំឡុងពេលការបោះឆ្នោតថ្នាក់ជាតិរួចរាល់នាពេលឆាប់ៗខាងមុខ៕
Source: Kampuchea Thmey Daily
0 Comments