Ad Code

លោក​Trump ពន្យារពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក Putin ខណៈ​លោក Pompeo ការពារ​ជំហរ​របស់​អាមេរិក​លើ​ប្រទេស​រុស្ស៊ី



ប្រធានាធិបតី​អាមេរិក​លោក Donald Trump កាលពី​ថ្ងៃ​ពុធ​ បាន​ពន្យារពេល​កិច្ចប្រជុំ​កំពូល​លើក​ទី​២​ជាមួយ​លោក Vladimir Putin របស់​ប្រទេស​រុស្ស៊ី ​ខណៈ​ដែល​អ្នកការទូត​ជាន់ខ្ពស់​របស់​គាត់​បាន​ការពារ​គាត់​អំពី​ឥរិយាបថ​របស់​គាត់​បន្ទាប់​ពី​ជំនួប​ដ៏​ចម្រូងចម្រាស​របស់​មេដឹកនាំ​ទាំងពីរ​នៅក្នុង​ទីក្រុង​ហេ​ល​ស៊ីន​គី។

ខណៈ​ពេល​ប្រឈមមុខ​នឹង​ការ​អំពាវនាវ​ឲ្យ​បញ្ចេញ​ព័ត៌មាន​លម្អិត​អំពី​កិច្ចពិភាក្សា​បិទទ្វា​របស់លោក Trump ជាមួយ​លោក Putin, រដ្ឋបាល​អាមេរិក​បាន​បង្កើន​ប្រតិបត្តិ​ការគ្រប់គ្រង​ការខូចខាត​របស់ខ្លួន​ដោយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក Mike Pompeo នឹង​បង្ហាញខ្លួន​នៅ​ចំពោះមុខ​សភា​ដើម្បី​និយាយ​ការពារ​មេ​របស់គាត់។

​យោងតាម​ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក John Bolton បាន​ឲ្យ​ដឹងថា បន្ទាប់ពី​រង​ការរិះគន់​អំពី​ផែនការ​អញ្ជើញលោក Putin មកកាន់​សេត​វិមាន​នា​រដូវ​ស្លឹកឈើ​ជ្រុះ​, លោក​ប្រធានាធិបតី​ខ្លូន​ឯង​បានសម្រេច​ចិត្ត​ពន្យារពេល​រហូតដល់​ឆ្នាំ​២០១៩​នៅពេលដែល​លោក Robert Mueller បញ្ចប់​ការស៊ើបអង្កេត​របស់គាត់​ចូលក្នុង​ការ​ជ្រៀតជ្រែក​របស់​ក្រុង​មូ​ស្គូ​ក្នុង​ការ​បោះឆ្នោត​។​

លោក Pompeo បាន​និយាយថា គាត់​នឹង​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​គណបក្ស​ទាំងពីរ​នៅក្នុង​សភា​ដើម្បី​ដាក់ទណ្ឌកម្ម​ថ្មី​លើ​ប្រទេស​រុស្ស៊ី​ក្នុងការ​ឆ្លើយតប​ចំពោះ​ការជ្រៀតជ្រែក​របស់​ពួកគេ​នៅក្នុង​ការបោះឆ្នោត​អាមេរិក​ឆ្នាំ​២០១៦​និង​ជាការ​រារាំង​មិន​ឲ្យ​ចូល​ជ្រៀតជ្រែក​ក្នុងឆ្នាំនេះ​ឬ​នៅ​ឆ្នាំ​២០២០​។​

លោក​បាន​ថ្លែង​នៅក្នុង​សេចក្តីថ្លែងការណ៍​បើក​របស់គាត់​ថា “​ខ្ញុំ​សូមបញ្ជាក់​ឲ្យ​រុស្ស៊ី​ដឹង​ច្បាស់​ថា ពួកគេ​នឹងមាន​ផលវិបាក​ធ្ងន់ធ្ងរ​ចំពោះ​ការជ្រៀតជ្រែក​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​របស់​យើង​”​។ ប៉ុន្តែ​លោក Pompeo នៅតែ​មិន​ច្បាស់​អំពី​សំណួរ​ធំ​បំផុត​ដែល​គេ​ចោទ​សួរថា តើ​អ្វីដែល​បាន​កើតឡើង​នៅក្នុង​កិច្ចប្រជុំ​ជា​លក្ខណៈ​ឯកជន​រវាង​លោក Trump និង​លោក Putin?

ចំណែក​ពាក់ព័ន្ធ​បញ្ហា​ប្រទេស​កូរ៉េខាងជើង​វិញ លោក Pompeo ក៏បាន​បង្ហាញ​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ផងដែរ​ដោយ​ព្រមាន​ថា ក្រុង​វ៉ាស៊ីនតោន​មិន​អនុញ្ញាត​ឲ្យ​ការចរចា​នុយក្លេអ៊ែរ​បន្ត​ដោយ​គ្មាន​ជោគជ័យ​នោះទេ​ស្របពេល​មានការ​រិះគន់ថា ជំនួប​កំពូល​របស់លោក Trump នៅ​ប្រទេស​សិង្ហ​បុរី​កាលពី​មិថុនា​ជាមួយ​លោក​គីម​ជុង​អ៊ុន​បានផ្តល់​លទ្ធផល​តិចតួច​គិត​មកទល់ពេលនេះ​។​

សមាជិកសភា​និង​សម្ព័ន្ធមិត្ត​របស់​អាមេរិក​នៅ​ជុំវិញ​ពិភពលោក​មានបំណង​ចង់ដឹង​ពី​ព័ត៌មាន​លម្អិត​នៃ​កិច្ចប្រជុំ​របស់លោក Trump កាលពី​ថ្ងៃទី​១៦​ខែកក្កដា​ជាមួយនឹង​លោក Putin រួមទាំង​ថា​តើ​លោក Trump បានធ្វើ​ការសន្យា​ជាសម្ងាត់​ណាមួយ​ដល់​លោក Putin ឬ​កិច្ចព្រមព្រៀង​ពាក្យសំដី​ដែរ​ឬក៏​អត់​ផងដែរ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu