Ad Code

ចត​រថយន្ត​គ្មាន​ដាក់​សញ្ញា​សម្គាល់ ត្រូវ​ម៉ូតូ​បុក​ពីក្រោយ​ស្លាប់​ម្នាក់



បាត់ដំបង​ ៖​ យុវជន​ម្នាក់​ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ ដោយមាន​ទាំង​មួក​សុវត្ថិភាព​នៅជាប់​នឹង​ក្បាល​ផង ខណៈដែល​ជនរងគ្រោះ​រូបនេះ កំពុង​បើកបរ​ម៉ូតូ​នៅក្នុង​ពេលយប់ ហើយ​ក៏បាន​ពើបប្រទះ​ជាមួយនឹង​រថយន្ត​ធុន​ធ្ងន់​ដែល​ឈប់​សំចត​នៅលើ​ទ្រូងផ្លូវ​ដោយ​គ្មាន​ដាក់​ស្លាក​សញ្ញា​អ្វី​ជា​សម្គាល់ ទើប​ធ្វើអោយ​ម៉ូតូ​នេះ​បុក​ចំ​ពីក្រោយ​យ៉ាង​ពេញ​ទំហឹង​តែម្តង។

ហេតុការណ៍​នេះ​ដែរ បាន​កើត​ឡើង​នៅ​ថ្ងៃទី​២៤​ ខែ​កក្កដា ឆ្នាំ​២០១៨ ​វេលា​ម៉ោង​១០និង ៣០ នាទី​យប់​ ស្ថិតនៅ​ចំណុច​ក្រុម​ទី​៨ ​ភូមិ​ពោធិ​២ ឃុំ​គារ ​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ​ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​២៤៩ ​និង​២៥០​ រវាង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​មធុ​ន​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០១៧​ ពាក់​ស្លាក​លេខ​បាត់ដំបង​1X.7099 ជាមួយ​នឹង​រថយន្ត ម៉ាក​ហ្វូ​សូ ធុន​ដឹកជញ្ជូន ពាកស្លាក​លេខ PP- 2466 ក្នុង​ទិសដៅ​ស្របគ្នា។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​អោយ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​ គឺ​រថយន្ត​បង្ក​បាន​បើកបរ​ក្នុង​ទិសដៅ​ពី​ភ្នំពេញ ​ទៅ​បាត់ដំបង ដោយសារ​រថយន្ត​មាន​បញ្ហា​ ទើប​គេ​បាន​ឈប់​សំចត​នៅ​លើ​ទ្រូងផ្លូវ​នោះ​តែម្តង ប៉ុន្តែ​ជា​ចៃដន្យ​ក៏​ស្រាប់​តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ ដែល​បើកបរ​ដោយ​ឈ្មោះ សរ សុខ​ដា​រ៉ា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ស្នាក់នៅ​បណ្ដោះអាសន្ន​នៅ​ភូមិ​កន្សៃ​បន្ទាយ​ ឃុំ មោង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ដែល​កំពុង​បើក​មកពី​ក្រោយ​ក្នុង​ទិសដៅ​ស្របគ្នា បាន​បុក​គូទ​រថយន្ត​នោះ​តែម្តង​ បណ្ដាល​អោយ​ជនរងគ្រោះ​បែក​មួក​សុវត្ថិភាព និង​ទំនងជា​បាក់.ក ​បាន​ស្លាប់​នៅ​នឹង​កន្លែង​តែម្តង។

នៅ​មុនពេល​សមត្ថកិច្ច​ជំនាញ​ចុះទៅ​ដល់ គឺ​អ្នកបើកបរ​រថយន្ត​បាន​រត់​គេចខ្លួនបាត់​ ស្រមោល​ទាំងយប់ ទៅ​ហើយ ដោយ​សមត្ថកិច្ច​ក៏បាន​ធ្វើការ​ប្រគល់​សព ទៅ​អោយ​ក្រុម​គ្រួសារ នាំ​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ចំណែក​មធ្យោបាយ​ធ្វើដំណើរ​ទាំង​២ក៏​ត្រូវបាន​នាំ​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន រង់ចាំ​ធ្វើការ​ប្រគល់​បន្ត​ទៅ​កាន់ ការិយាល័យ​នគរបាល ចរាចរណ៍​ផ្លូវគោក ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិ​វិធី៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu