បាត់ដំបង ៖ យ៉ាងហោចណាស់ក៏មានយុវសិស្សចំនួន២នាក់ដែរ ដែលរងរបួសធ្ងន់ព្រមទាំងបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈដែលពួកគេទាំង២នាក់ កំពុងជិះម៉ូតូនៅតាមដងផ្លូវ ក៏ស្រាប់តែរថយន្តដ៏ទំនើបដែលកំពុងធ្វើដំណើរស្របទិសគ្នានៅពីមុខ បានបត់ឆ្វេងបម្រុងត្រឡប់ក្រោយដោយគ្មានផ្តល់សញ្ញាអ្វីបន្តិចទាល់តែសោះ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០១៨ ត្រង់ចំណុចក្រុមទី២ ភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង រវាងរថយន្តម៉ាកលុចស៊ីស RX 300 ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខ បាត់ដំបង 2B-7749 បើកបរដោយឈ្មោះ សំ យុទ្ធ ភេទប្រុស អាយុ៤៣ឆ្នាំ មានមុខរបរជាអាជីវករ លក់ដូរ រស់នៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ជាមួយនិងម៉ូតូម៉ាកហុងដា សេ125 ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង1S-8992 ក្នុងទិសដៅពីលិចទៅ កើត ដូចគ្នា។
តាមការអះអាងពីសមត្ថកិច្ចបានឲ្យដឹងថា ដំបូងគឺរថយន្តខាងលើ បានបើកបរទៅដល់ត្រង់ចំណុចខាងលើ ក៏បានបត់ឆ្វេងក្នុងគោលបំណងត្រឡប់ក្រោយ ធ្វើឲ្យម៉ូតូដែលកំពុងធ្វើដំណើរក្នុងទិសដៅស្របគ្នា បុកចំពីចំហៀងតែម្តង និងធ្វើឲ្យយុវសិស្សដែលជាភាគីម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរ។
យុវសិស្សទាំងនោះ មានឈ្មោះ វ៉ាន់ ឡា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ជាអ្នកបើកម៉ូតូរងរបួសធ្ងន់ និង ឈ្មោះ ច័ន្ទ សុធា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង អ្នករួមដំណើរក៏រងរបួសធ្ងន់ដែរ ដោយភ្លាមៗនោះពួកគេត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពត្រាង ចំណែករថយន្ត និង ម៉ូតូ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាន នគរបាលស្រុកកំរៀង យកទៅ រក្សាទុកនៅអធិការដ្ឋានជាបណ្តោះអាសន្ន៕
Source: Kampuchea Thmey Daily
0 Comments