Ad Code

លី​គ​កំពូល​កម្ពុជា​ ៖​ ទស្សនៈ​របស់​គ្រូបង្វឹក​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ក្រោយ​រកបាន​ពិន្ទុ​លើកដំបូង​គិត​ត្រឹម​១៥​ប្រកួត​មកនេះ



ឆ្លងកាត់​១៥​ប្រកួត​ក្នុងចំណោម​២២​ប្រកួត​ ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League 2018 ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ដែល​ជា​ក្រុម​នៅ​តំបន់​បាត​តារាង​ក្នុងចំណោម​សមាជិក​ទាំង​១២​ក្រុម ទើបតែ​រកបាន​ពិន្ទុ​លើកដំបូង​ប៉ុណ្ណោះ ពោល​គឺ​ក្រោយ​ប្រកួត​ស្មើគ្នា​ជាមួយ​ក្រុម​ក្រសួងការពារជាតិ ៣​ទល់​៣ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​។

លោក FIZOL BIN A.RAZAK គ្រូ​បង្គោល​ក្លិប​វេ​ស្ទើ​ន​ភ្នំពេញ អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថា លទ្ធផល​ស្មើគ្នា​នេះ ឆ្លុះបញ្ចាំង​ពី​ការខិតខំ​ប្រឹងប្រែង និង ជា​កិត្តិយស​សម្រាប់​កូនក្រុម​ទាំងអស់​តែម្ដង​។ លោក​បន្ត​ថា ​កូនក្រុម​របស់ខ្លួន​ស្រេកឃ្លាន​ខ្លាំង​នូវ​លទ្ធផល​វិជ្ជមាន ហើយ​វា​ក៏​បានផ្ដល់​ផ្លែផ្កា​ជា​សន្សឹមៗ​ ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​ទៀត​។ ដូច្នេះ លោក​សង្ឃឹមថា ក្រុម​លោក​នឹង​ធ្វើបាន​កាន់តែ​ល្អ​នៅ​ប្រកួត​បន្តបន្ទាប់ ដែល​នៅសល់​។



​គ្រូបង្វឹក​ជនជាតិ​ម៉ាឡេស៊ី រូប​នេះ​បន្ត​ថា «​សម្រាប់​ខ្ញុំ នេះ​ជា​កិត្តិយស​សម្រាប់​កីឡាករ សម្រាប់​ក្រុម​ទាំងមូល​។ នេះ​ជា​ពិន្ទុ​ដំបូង​សម្រាប់​កូនក្រុម​ទាំងអស់ ជាមួយនឹង​ការ​ខិតខំ​ប្រឹងប្រែង​ក្រាញននៀល​។ ពួកគេ​បាន​បង្ហាញ​សមត្ថភាព​របស់គេ​ពីមួយ​ប្រកួត​ទៅមួយ​ប្រកួត​។ មួយ​ពិន្ទុ​នេះ គឺ​សម្រាប់​អ្នក​ទាំងអស់គ្នា​។ ខ្ញុំ​តែងតែ​ជំរុញ​លើកទឹកចិត្ត​ពួកគេ ព្រោះ​ខ្ញុំ​ជឿជាក់​ថា ពួកគេ​នឹង​មាន​អនាគត​មួយ​ដ៏​ល្អ​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា មាន​អ្នក​នៅចាំ​គាំទ្រ​ពួកគេ​ពីក្រោយ​ជានិច្ច​»​។



​ទោះ​ទទួល​បាន​ត្រឹម​មួយ​ពិន្ទុ​លោក RAZAK ពេញចិត្ត​ចំពោះ​លទ្ធផល​នេះ ព្រោះ​អាច​លេង​ស្មើ​ក្រុម​ដ៏​ខ្លាំង​ដូចជា​ក្រសួងការពារជាតិ​។ ១៥​ប្រកួត​មកនេះ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ប្រកួត​មិនទាន់​ស្គាល់​ជ័យជម្នះ​ទាល់តែសោះ តែ​បាន​១​ពិន្ទុ​ដោយសារ​ស្មើគ្នា​១​លើក​និង​ចាញ់​១៤​លើក ព្រមទាំង​ទាត់​បាល់​ចូល​ទី​គេ​បាន​៨​គ្រាប់ និង​របូត​គ្រាប់​បាល់​វិញ​ចំនួន​៦៨​គ្រាប់​។

​សម្រាប់​ប្រកួត​បន្ទាប់​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ត្រូវ​ប៉ះ​ក្រុម​វិសាខា នៅវេលា​ម៉ោង​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៤ ខែសីហា ឆ្នាំ​២០១៨ លើ​ទីលាន​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​) ប្រចាំ​សប្ដាហ៍​ទី​១៦ នៃពានរង្វាន់​លីគ​កំពូល​កម្ពុជា៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu