ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌសែនសុខ បានចាប់ខ្លួនក្រុមក្មេងស្ទាវចំនួន៤នាក់រួមជាមួយថ្នាំញៀនចំនួន២កញ្ចប់ផង ខណៈដែលកំពុងធ្វើសកម្មភាពប្រើប្រាស់និងចែកចាយថ្នាំញៀនខុសច្បាប់នៅក្នុងផ្ទះទុកចោលគ្មានម្ចាស់ស្នាក់នៅមួយកន្លែងនៅភូមិពោងពាយផ្លូវ១៩៧៤ សង្កាត់ភ្នំពេញថ្មី នៅពីថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០១៨។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្រុមជនដែលត្រូវបានឃាត់ខ្លួនខាងលើនោះ ១.ឈ្មោះ គ្រីស ម៉ៃកូ អាយុ១៧ឆ្នាំ គ្មានមុខរបរ ស្នាក់នៅបន្ទប់ផ្ទះជួលក្នុងសង្កាត់ ស្រះចក ភូមិ១៣ ខណ្ឌដូនពេញ។ ២. ឈ្មោះ សន សុវណ្ណឧត្តម អាយុ២១ឆ្នាំ គ្មានមុខរបរ ទីលំនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ៣.ឈ្មោះ បូរ៉ា ហ្វីន អាយុ២៧ឆ្នាំ(ជនជាតិខ្មែរចាម) គ្មានមុខរបរនិងទីលំនៅពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្នចំណុចឃាត់ខ្លួនផ្ទះទំនេរម្ចាស់ទុកចោលខាងលើ ៤.ឈ្មោះ ហៃ កម៉ា ភេទស្រី អាយុ១៩ឆ្នាំ (ជនជាតិខ្មែរចាម) គ្មានមុខរបរនិងទីលំនៅ ពិតប្រាកដ រត់ចោលផ្ទះ មករស់នៅជាមួយ ឈ្មោះ បូរ៉ា ហ្វីន។
ការឃាត់ខ្លួនពួកគេទាំង៤នាក់នេះ បើតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅមុនពលកើតហេតុ មានប្រជាជនបានរាយការណ៍មកថា មានក្មេងស្ទាវមួយក្រុម កំពុងនាំគ្នាប្រើប្រាស់ថ្នាំញៀន នៅក្នុងផ្ទះទំនេរគ្មានមនុស្សនៅមួយកន្លែងនៅភូមិពោងពាយ ផ្លូវលេខ១៩៧៤ដីឡូត៍លេខ០៤។
ប្រភពខាងលើបានបន្តថា ក្រោយពេលទទួលបានព័ត៌មានរួច ក៏នាំកម្លាំងទៅកាន់ចំណុចនោះ ឃាត់ខ្លួនជាក់ស្តែងបានចំនួន៤នាក់ និងដកហូតបានថ្នាំញៀនចំនួន២កញ្ចប់ ដែលសេសសល់ពីពួកគេសេព(ប្រើប្រាស់)រួច។
បើតាមចម្លើយបានបញ្ជាក់ថា ថ្នាំញៀនទាំងនោះជារបស់ឈ្មោះបូរ៉ា ហ្វីន និងនាងហៃ កម៉ា យកមកលក់ចែកចាយឲ្យឈ្មោះ សន សុវណ្ណឧត្តម និង គ្រីស ម៉ៃកូ មកទិញយកទៅប្រើប្រាស់។
ប៉ូលិសបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនពួកគេបានធ្វើការត្រួតពិនិត្យល្បាយទឹកនោម រកឃើញមានផ្ទុកសារធាតុថ្នាំញៀន នៅក្នុងខ្លួនពួកគេទាំងអស់គ្នា៕
Source: Kampuchea Thmey Daily
0 Comments