Ad Code

គម្រោង​ស្តារ​វិញ​ផ្លូវ​ខេត្ត​លេខ​២៥៦៣ ថ្មពួក​បឹង​ត្រកួន ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ រួចរាល់​និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ



បន្ទាយមានជ័យ ៖ គម្រោង​ស្តារ​វិញ​ជាបន្ទាន់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​គឺ​ផ្លូវ​ខេត្ត​លេខ​២៥៦៣ ថ្មពួក​បឹង​ត្រកួន​មាន​ប្រវែង​២២,៣​គីឡូម៉ែត្រ​ក្រោម​ហិរញ្ញប្បទាន​របស់​ធានា​គារ​អភិវឌ្ឍន៍​អា​ស៊ី​(ADB) និង​ជំនួយឥតសំណង​ប្រទេស​អូស្ត្រាលី​តាមរយៈ​(ADB) បាន​រួចរាល់​និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ហើយ​កាលពី​ថ្ងៃទី​២៣ ​ខែកក្កដា ​ឆ្នាំ​២០១៨ ដែល​មាន​អ្នកចូលរួម លោកជំទាវ​ម៉ៅ​ម៉ា​ល័យ​កែ​គឹមយ៉ាន លោក​សួន​ បវរ ​អភិបាលខេត្ត​បន្ទាយមានជ័យ លោកជំទាវ​សុង ​ផល្លី​ន ​ភរិយា​របស់​លោក​សួន​បវរ អភិបាលរង​ខេត្ត និង​មន្ត្រី​អ្នកមុខអ្នកការ​និង​ប្រជាពលរដ្ឋ​ជាច្រើន​ពាន់​នាក់​បាន​ចូលរួម​ផង​ដែរ​។



លោក សួន រចនា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​និយាយ​ក្នុង​ពិធី​មាន​ពលរដ្ឋ​និង​មន្ត្រី​ចូលរួម​រាប់​ពាន់​នាក់ នា​អនុវិទ្យាល័យ​តា​យឹ​ង ព្រៃវែង ​ឃុំ​គំរូ​ ស្រុក​ថ្មពួក​ថា គម្រោង​ស្តារ​ឡើង​វិញ ​ជាបន្ទាន់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ឆ្នាំ​២០១៣ គឺ​ផ្លូវ​ខេត្ត​លេខ​២៥៦៣ ពី​បំបែក​ផ្លូវជាតិ​លេខ​៥៦​ត្រង់​ទីប្រជុំជន​ស្រុក​ថ្មពួក ទៅ​ផ្លូវជាតិ​លេខ​៥៨ ភូមិ​បឹង​ត្រកួន​ឃុំ​គោក​រមៀត ប្រវែង​២២,៣​គីឡូម៉ែត្រ​ក្រោម​ហិរញ្ញប្បទាន​របស់​ធានា​គារ​អភិវឌ្ឍន៍​អា​ស៊ី(ADB) និង​ជំនួយឥតសំណង​ប្រទេស​អូស្ត្រាលី​(AusAid) តាមរយៈ​(ADB ) បាន​ស្ថាបនា​ជា​២​ដំណាក់កាល​។



លោក​បាន​បញ្ជាក់​ទៀត​ថា ​មុន​ស្ថាបនា ផ្លូវ​នេះ​ជា​ផ្លូវ​តូច ហើយ​ធ្លាប់​ស្តារឡើង​វិញ ​ដោយ​ជំនួយ​សហរដ្ឋអាមេរិក​និង​ប្រទេស​ដៃគូ​អភិវឌ្ឍន៍​នានា តែ​ជា​ផ្លូវ​ក្រាល​គ្រួស ហើយ​តែងតែ​ខូចខាត​ដោយ​ទឹកជំនន់ បង្ក​ការ​លំបាក​ដល់​ពលរដ្ឋ​ដឹកជញ្ជូន​និង​ធ្វើដំណើរ។ ​ដូច្នេះ​ទើប​ធ្វើការ​ឡើងវិញ​និង​ស្ថាបនា​ដំឡើង​ក​ម្រឹត​មាន ដំណាក់កាល​ទី​១ បាន​ចូល​ជា​ធរមាន​និង​ស្ថាបនា​ជា​ផ្លូវ​ក្រាល​គ្រួស ពី​ថ្ងៃ​ទី​៣០​ឧសភា​ឆ្នាំ​២០១៥ បញ្ចប់​នៅ​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០១៧ ដោយ​ក្រុមហ៊ុន​ស្វី ខេ​មដេច​( SWEE CAMDEG )។ និង​ដំណាក់កាល​ទី​២ ត្រូវ​ស្ថាបនា​ដំឡើង​កម្រិត​ពី​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ទៅជា​ផ្លូវ​ក្រាល​កៅស៊ូ​២​ជាន់ (DBST) មាន​ទទឹង​៩​ម៉ែត្រ និង​សល់​ថ្ម​មិច​សង្ខាង​គន្លង​ផ្លូវ​០,៥​ម៉ែត្រ ដាក់​លូ​ប្រអប់​ថ្មី​៦​កន្លែង និង​លូ​មូល​៥០​កន្លែង។ លើក​នេះ​ស្ថាបនា​ដោយ​ក្រុមហ៊ុន​ហេង សម្បត្តិ អាហរ័ណ នីហរ័ណ និង​ដឹកជញ្ជូន​។ ឯ​ការ​ចំណាយ​សាងសង់​អស់​សរុប​ទាំង​២​ដំណាក់កាល​ចំនួន​៥,៥​លាន​ដុល្លា​ជា​ហិរញ្ញប្បទាន​និង​ថែម​ថវិកាបដិភាគ​រាជរដ្ឋាភិបាល​០,៥​លាន​ដុល្លា ដែល​ចំណាយ​ដាក់​សម្ភារៈ​បរិក្ខារ​បំពាក់​ផ្លូវថ្នល់។



លោក​បន្ត​ថា នេះ​ជា​គម្រោង​១ ក្នុងចំណោម​៣ នៃ​គម្រោង​ស្តារ​វិញ​ជាបន្ទាន់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ផ្លូវថ្នល់​នៅ​ខេត្តបន្ទាយមានជ័យ​ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ឆ្នាំ​២០១៣ ក្រោម​ហិរញ្ញប្បទាន​ដោយ​ធនាគារ​អភិវឌ្ឍន៍​អា​ស៊ី​(ADB) និង​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី​តាម​រយៈ​ADB លេខ 0285-CAM(EF)។



លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល អ្នកតំណាងរាស្ត្រ ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ បាន​និយាយ​ថា ផ្លូវ​ខេត្ត​លេខ​២៥៦៣ ពី​បំបែក​ផ្លូវជាតិ​លេខ​៥៦ ត្រង់​ទីរួមស្រុក​ថ្មពួក​ទៅ​ផ្លូវជាតិ​លេខ​៥៨ ភូមិ​បឹង​ត្រកួន​និង​ព្រំដែន​ថៃ​នេះ ជា​ខ្សែ​ផ្លូវ​យុទ្ធសាស្ត្រ​ខាង​វិស័យ​ការពារ​ជាតិ ខាង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គមកិច្ច ក៏ដូចជា​ធ្វើ​សមាហរណកម្ម​ជាមួយ​ប្រទេសជិតខាង​ គឺ​ច្រកព្រំដែន​តំបន់​បឹង​ត្រកួន និង​តា​ប្រា​យ៉ា។



លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែង​អំណរ​គុណ​ដល់​ធនាគារ​អភិវឌ្ឍន៍​អា​ស៊ី​(ADB) និង​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី​ ដែល​ផ្តល់​ហិរញ្ញប្បទាន​និង​ផ្តល់​ជំនួយឥតសំណង​ដល់​ការ​ស្តារ​និង​លើក​កម្រិត​ផ្លូវ​នេះ។ និង​ក៏​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ហ៊ុន សែន​ដែល​ធ្វើ​ឲ្យ​ប្រទេស​មាន​សុខ​សន្តិភាព ការអភិវឌ្ឍន៍​និង​ក៏​អគុណ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ដែល​បាន​ចាត់​អាទិភាព​និង​អនុម័ត​គម្រោង​ស្តារ​និង​ស្ថាបនា​ផ្លូវ​នេះ​។

ដូច្នេះ​សូម​បងប្អូន​ពលរដ្ឋ​និង​អ្នកប្រើប្រាស់​ផ្លូវថ្នល់​នេះ ទាញ​យក​ប្រយោជន៍​ឲ្យ​អស់​លទ្ធភាព​និង​ចំ​គោលបំណង ក៏ដូចជា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ និង​កុំ​ដឹកជញ្ជូន​លើក​ទម្ងន់ កុំ​កែ​ច្នៃ​យានយន្ត​ខុស​បច្ចេកទេស មក​ចរាចរណ៍​លើ​ដងផ្លូវ​ជាដើម​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu