Ad Code

ក្លិប​វិសាខា ដាក់​គោលដៅ​រៀបចំ​កម្មវិធី​សប្បុរសធម៌​ស្ដីពី​កីឡាបាល់ទាត់​ នៅ​ខេត្ត​ផ្សេងទៀត​ក្រោយ​រៀបចំ​ជោគ​ជយ​នៅ​ខេត្តព្រៃវែង



ក្លិប​បាល់ទាត់​វិសាខា សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា បាន​សហការ​ជាមួយនឹង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រៃវែង (​ស​.​ស​.​យ​.​ក​) រៀបចំ​កម្មវិធី​សប្បុរសធម៌​ស្ដីពី​កីឡាបាល់ទាត់ ធ្វើឡើង​នៅ​ទីលាន​បាល់ទាត់​ភូមិ​លេខ​៦ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្តព្រៃវែង នា​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ សប្ដាហ៍​នេះ​ ដោយ​ជោគជ័យ ដែលមាន​កុមារ​ចូលរួម​សរុប​ជាង​១០០​នាក់ ខណៈ​ថ្នាក់ដឹកនាំ​ក្លិប​គ្រោង​បន្តធ្វើ​សកម្មភាព​ដូចគ្នានេះ​នៅ​ខេត្ត​ផ្សេងៗ​ទៀត​។​

លោក ហុក សុចិ​ត្រា អ្នកចាត់ការ​ទូទៅ​របស់​ក្លិប​បាល់ទាត់​វិសាខា បានលើកឡើង​ក្រោយ​បញ្ចប់​សកម្មភាព​នេះ​ដោយ​ជោគជ័យ​ថា ​៖ «​ជា​ទិសដៅ​របស់​ក្លិប​។ យើង​មាន​ទិសដៅ​២​គឺ​ទី​១ ជម្រុះ​ឱ្យ​ក្លិប​ជា​ក្លិប​អាជីព និង​ទី​២​គឺ​ចូលរួម​ក្នុង​ការងារ​សង្គម​។ នៅពេល​ក្លិប​ទំនេរ​គឺ​យើង​ចូលរួម​។ យើង​ធ្វើ​នេះ​គឺ​គោលដៅ​១​ផ្តល់​បទពិសោធន៍​ឱ្យ​ក្មេង​។ យើង​ត្រៀម​ប៉ុន្មាន​ខេត្ត​ទៀត ដូចជា​បាត់ដំបង បន្ទាយមានជ័យ នៅ​ខែ​បន្តបន្ទាប់​។ ការ​ធ្វើ​នេះ​គឺជា​បង្ហាញ​ពី​មូលដ្ឋាន​បាល់ទាត់​»​។

ចំណែក​លោក ប៉ាវ សុធី អនុប្រធាន​មន្ទីរអប់រំ យុវជន និង កីឡា ខេត្តព្រៃវែង វិញ​បាន​បង្ហាញ​ទស្សនៈវិជ្ជា​មាន​ថា ​៖ «​ដំណើរ​មកដល់​របស់​ក្លិប​បាល់ទាត់​វិសាខា​នេះ​គឺ​ធ្វើឱ្យ​កុមារ​ជាច្រើន​បាន​ស្គាល់​ក្លិប​វិសាខា ទី​២​គឺ​បំផុស​អោយ​កុមារ​ចូលចិត្ត​កីឡា​ជាពិសេស​គឺ​បាល់ទាត់​តែម្តង​។ ពេល​គាត់​បាន​ជួប​កីឡាករ​ល្បីៗ​ឃើញថា​គាត់​ពេញចិត្ត​និង​រីករាយ​ក្នុង​ការ​លេង​ជាមួយគ្នា»។

ដោយឡែក​ឯកឧត្តម ស សុខា ប្រធាន​ក្លិប​បាល់ទាត់​វិសាខា វិញ​បាន​លើក​ឡើង​ជុំវិញ​សកម្មភាព​របស់​ក្លិប​នៅ​តាម​ខេត្ត​ថា​ ៖ «​នេះ​ជា​លើក​ទី​២​ហើយ​ដែល​យើង​ធ្វើឡើង​នៅ​ទឹកដី​ខេត្តព្រៃវែង ហើយ​គោលដៅ​បន្ទាប់​នៅ​ខេត្ត​ផ្សេង​គឺ​យើង​បន្ត​ធ្វើ​ឡើង​ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​កុមារ​ស្គាល់​បាល់ទាត់។ គោលដៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ របស់​យើង​គឺ​ចេញ​ធ្វើ​សកម្មភាព​ពី​នេះ ​តទៅ​ដោយ​មិន​ចាំបាច់​ដល់ពេល​នោះ​ទើប​យើង​ធ្វើ​នោះ​ទេ​»​។​

នេះ​ជា​លើក​ទី​២​ហើយ ដែល​ក្រុម​ដឹកនាំ​ដោយ​លោក ហុក សុ​ជីវ័ន ជា​គ្រូ​បង្គោល បាន​ធ្វើ​ដំណើរ​ទៅកាន់​ខេត្តព្រៃវែង ខណៈ​កាលពី​លើកដំបូង​ធ្វើឡើង​នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ មាន​រៀបចំ​ជា​ការ​ចែករំលែក​បទពិសោធន៍​​​បាល់ទាត់​អំឡុង​ពេល​សង្ក្រាន្ត​ព្រៃវែង តែ​ពុំ​មាន​ការចែក​សម្ភារៈ​ទេ តែ​ពេលនេះ​បន្ថែម​កម្មវិធី​ពិសេស​ច្រើនជាង​មុន​។​

ក្រុម​វិសាខា បាន​បង្កើត​ឡើង​ពី​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​ឯកឧត្ដម ស សុខា។ បច្ចុប្បន្ន​ក្លឹប​មាន​កីឡាករ​ជិត​៣០​នាក់ ដែល​មាន​លោក ហុក សុចិ​ត្រា អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ដើរតួ​​ធ្វើជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម ខណៈ​លោក ហុក សុ​ជីវ័ន ជា​ប្អូនប្រុស​បង្កើត​ធ្វើជា​គ្រូបង្វឹក។ ក្រុម​វិសាខា បាន​កសាង​កីឡដ្ឋាន​ថ្មី​ផ្ទាល់ខ្លួន មាន​ទីតាំងនៅ​តាមផ្លូវ​លេខ​៥៩៨ ខាងឆ្វេង​ដៃ​ខ្លោងទ្វារ Grand Phnom Penh​។ កីឡដ្ឋាន​នេះ​អាច​ផ្ទុក​ទស្សនិកជន​ប្រមាណ​ជាង​៥០០០​នាក់ ដែលមាន​ទីលាន​ជា​ស្មៅ​ធម្មជាតិ​។​

ក្រុម​នេះ​ជា​បេក្ខភាព​មួយ​មិនអាច​មើល​រំលង​បាន​ក្នុង​ការ​ប្រជែង​យក​ជើងឯក​នៅ​ឆ្នាំ​ចាស់​នេះ​ ខណៈ​ឆ្លងកាត់​១៤​ប្រកួត​មកនេះ​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា វិសាខា ឈរ​លេខ​២​ក្នុង​តារាង​រួម​ដែល​មាន​១២​ក្រុម​ក្រោយ​ប្រកួត​ឈ្នះ​១១ លើក​ស្មើគ្នា​២​លើក និង​ចាញ់​៣​លើក មាន​៣៥​ពិន្ទុ​ក្នុង​ដៃ​។ សម្រាប់​ប្រកួត​បន្ទាប់​ក្រុម​វិសាខា ត្រូវ​ប៉ះ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ នៅ​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ស្តា​ត​ចាស់​នៅ​ថ្ងៃ​សៅរ៍ ទី​៤ ខែសីហា ឆ្នាំ​២០១៨ ខាងមុខ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu