ភ្នំពេញ ៖ នៅក្នុងថ្ងៃនៃការបិទបញ្ចប់យុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជានាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ក្រោមវត្តមាន និងដឹកនាំក្បូនឃោសនាពីសំណាក់សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេកត់សម្គាល់ឃើញ មានប្រជាពលរដ្ឋនិងសមាជិកគាំទ្រប្រមាណ២៥ម៉ឺននាក់ ដែលបានចូលរួមហែក្បូនឃោសនានៅរាជធានីភ្នំពេញ។
ជាមួយគ្នានៃវត្តមានរបស់ប្រជាពលរដ្ឋខ្មែរក្នុងរាជធានីភ្នំពេញរាប់ម៉ឺននាក់ដែលបានចូលរួមគាំទ្រនិងហែក្បួនឃោសនាគណបក្សប្រជាជនកម្ពុជានេះដែរ គេក៏សង្កេតឃើញមានវត្តមានចូលរួមពីសំណាក់សិល្បករ-សិល្បការិនីល្បីៗជាច្រើនមានដូចជា៖តារាចម្រៀង សម្តែង កំប្លែងរួមទាំងពិធីករ ពិធីការិនីល្បីល្បាញលំដាប់ប្រទេសប្រជ្រៀតគ្នាចូលរួមគាំទ្រ និងហែក្បួនផងដែរ។
បើតាមការកត់សម្គាល់ចំពោះវត្តមានតារាសិល្បៈល្បីៗដែលបានបង្ហាញវត្តមានចូលរួមក្នុងក្បូនឃោសនារបស់គណបក្សប្រជាជនកម្ពុជានាថ្ងៃបិទបញ្ចប់នោះរួមមាន ៖ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ,លោក ខេមរៈ សិរីមន្ត ,កញ្ញា ឱក សុគន្ធកញ្ញា ,អ្នកនាង គង់ សុជាតិ និងស្វាមី,លោក ឆាយ វីរៈយុទ្ធ ,លោក នី រតនា ,តារាកំប្លែងនាយ កុយ ,អ្នកនាង ចន ច័ន្ទលក្ខិណា ,នាយ ពែកមី ,អតីតតារាកំប្លែងនាយ ឃ្លោក ,វីជេ អាឡាស្កូ រួមជាមួយតារាប្រុស-ស្រីល្បីៗជាច្រើនទៀត។
សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍បោះឆ្នោតថ្នាក់ជាតិដើម្បីជ្រើសរើសតំណាងរាស្ត្រក្នុងឆ្នាំ២០១៨នេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ៕
Source: Kampuchea Thmey Daily
0 Comments