ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបង្ហាញពីរបៀបការពារសុខភាពដល់ប្រជាពលរដ្ឋនៅមុននិងក្រោយទឹកជំនន់ ខណៈដែលនៅតាមបណ្តារាជធានីខេត្តមួយចំនួននៅប្រទេសកម្ពុជាកំពុងទទួលរងនូវការលិចលង់ដោយទឹកជំនន់នៅឡើយ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ត្រូវប្រកាន់ខ្ជាប់នូវហូបស្អាត រស់នៅស្អាត និងផឹកស្អាតដើម្បីការពារកុំឲ្យឆ្លងនូវជំងឺផ្សេងៗ ដែលបណ្តាលមកពីទឹកខ្វក់ និងមានមេរោគជាច្រើននៅពេលទឹកស្រក។
ការបង្ហាញពីរបៀបការពារសុខភាពនៅមុននិងក្រោយទឹកជំនន់របស់ក្រសួងសុខាភិបាលនេះ បន្ទាប់ពីមានខេត្តរាជធានីមួយចំនួននៃប្រទេសកម្ពុជា បានទទួលរងដោយជំនន់ទឹកភ្លៀង និងការបាក់ទំនប់វារីអគ្គិសនីពីប្រទេសឡាវ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្លះប្រឈមនឹងបញ្ហាសុខភាព និងសត្វអាសិរពិសផ្សេងៗ។
ថ្លែងនៅក្នុងសេចក្តីណែនាំមួយកាលពីថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០១៨ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា នៅពេលដែលមានទឹកជំនន់ នឹងធ្វើឲ្យមានឆ្លងជំងឺផ្សេងៗដែលបង្កឡើងដោយសារទឹកមិនស្អាត ការពុលចំណីអាហារ ជំងឺរាគ អាសន្នរោគ និងជំងឺដែលបង្កឡើងដោយភ្នាក់ងារចម្លងមួយចំនួនដូចជា គ្រុនចាញ់ គ្រុនឈាម ជំងឺរមាស់ ភ្នែកក្រហម រលាកផ្លូវដង្ហើម របួសដោយសារការប៉ះទង្គិចនឹងវត្ថុផ្សេងៗ ពស់ចឹក លង់ទឹក និងវិបត្តិផ្លូវចិត្តផងដែរ។
លោករដ្ឋមន្ត្រីបានណែនាំឲ្យប្រជាពលរដ្ឋត្រូវសម្រាន្តនៅក្នុងមុងគ្រប់ពេលដើម្បីការពារជំងឺគ្រុនឈាម គ្រុន ចាញ់និងជំងឺផ្សេងៗ ត្រូវប្រុងប្រយ័ត្នចំពោះសត្វពស់ ឬសត្វអសិរពិសផ្សេងៗ ត្រូវធ្វើអនាម័យបរិស្ថានជុំវិញនិងក្នុងផ្ទះ ត្រូវស្តារនិងលាងសំអាតអណ្តូងទឹកឡើងវិញមុននឹងប្រើប្រាស់ និងជួសជុល និងសាងសង់ឡើងវិញ និងត្រូវបន្ទោរបង់ក្នុងបង្គន់គ្រប់ពេល។
ជាមួយគ្នានេះដែរក្រសួងសុខាភិបាលក៏បានណែនាំដល់ប្រជាពលរដ្ឋត្រូវចេះតាមដានពីស្ថានភាពទឹកជំនន់ដើម្បីត្រៀមរកទីទួលសុវត្ថិភាពនិងស្បៀងអាហារឲ្យបានគ្រប់គ្រាន់នៅពេលមានទឹកជំនន់។
ចំពោះស្ត្រីមានផ្ទៃពោះត្រូវតាមដាន និងពិនិត្យផ្ទៃពោះទៅតាមការកំណត់របស់មណ្ឌលសុខភាពឬមន្ទីរពេទ្យបើស្ត្រីជិតគ្រប់ខែដល់ពេលសម្រាលត្រូវស្វែងរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាពមន្ទីរពេទ្យ ដែលនៅជិតបំផុត។ ត្រូវនាំកូនៗទៅទទួលថ្នាំបង្ការទៅតាមការកំណត់របស់គ្រូពេទ្យនិងផ្តល់ចំណីអាហារដល់កុមារឲ្យបានត្រឹមត្រូវនិងត្រូវការពារកុមារកុំឲ្យលេងទឹក និងត្រូវចេះជួយដល់ស្ត្រី មានផ្ទៃពោះ កុមារ មនុស្សចាស់ និងជនពិការ នៅក្នុងកំឡុងពេលទឹកជំនន់។
យ៉ាងណាក៏ដោយលោកសាស្ត្រាចារ្យម៉មប៊ុនហេងបានណែនាំថា មុនពេល ក្នុងពេលនិងក្រោយពេលទឹកជំនន់ប្រសិនបើប្រជាពលរដ្ឋមានបញ្ហាសុខភាពសូមស្វែងរកការពិគ្រោះនិងពិនិត្យព្យាបាលជំងឺជាបន្ទាន់នៅប៉ុស្តិ៍សុខភាពក្បែរទីទួលសុវត្ថិភាពឬមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតបងបង្អូនបំផុត។
ក្នុងករណីមានជំងឺឆ្លងរាតត្បាតសូមទាក់ទងមកកាន់លេខ១១៥ដោយឥតគិតថ្លៃទាក់ទងទៅលោកវេជ្ជបណ្ឌិត កុល ហេរ៉ូ លេខ០១៧៩៩៩៥៨៦ឬលោកស្រីវេជ្ជបណ្ឌិត ឡាក់ មួយ ស៊ាង ០១២៩២៥៧៤១៕
Source: Kampuchea Thmey Daily
0 Comments