ភ្នំពេញ ៖ កំណត់ផ្លូវបេតុងចូលវត្តកំពង់ក្ដុល ស្ថិតក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ដែលទទួលរងទឹកជំនន់ស្ទឹងព្រែកត្នោតហូរច្រោះ បាក់ស្រុតធ្ងន់ធ្ងរកាលពីប៉ុន្មានថ្ងៃមុននោះ បាននិងកំពុងស្ថាបនាឡើងវិញហើយ ក្រោយពីមានការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលលោកចុះពិនិត្យមើលជាក់ស្តែងកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា បន្ទាប់ពី លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យមើលផ្លូវបេតុងចូលវត្តរនតៈតេជៈ ហៅវត្តកំពង់ក្ដុល ស្ថិតនៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ដែលរងទឹកជំនន់ស្ទឹងព្រែកត្នោតហូរច្រោះ បាក់ស្រុតធ្ងន់ធ្ងរ មិនអាចធ្វើចរាចរបាន នៅព្រឹកថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៨នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចុះជួសជុលឡើងវិញជាបន្ទាន់ហើយ ដើម្បីជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ផងដែរថា លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ត្រីពាក់ព័ន្ធ អាជ្ញាធរដែនដីនារសៀលថ្ងៃទី២១ ខែកក្កដា និងព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានចុះពិនិត្យមើលស្ថានភាពទឹកជំនន់ទឹកភ្លៀងនិងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងទទួលរងការលិចលង់ផ្ទះសំបែងនៅតំបន់១ចំនួនក្នុង ខណ្ឌដង្កោ ក្រោយពីប្រជាពលរដ្ឋចំនួន២៦ភូមិ នៅក្នុងសង្កាត់ចំនួន០៩ខណ្ឌនេះ ទទួលរងការលិចលង់។ ក្នុងនោះសង្កាត់ដែលទទួលរងការលិចលង់ធ្ងន់ធ្ងរជាងគេ គឺ សង្កាត់សាក់សំពៅ មាន០៦ភូមិ ៤៥៤គ្រួសារ មនុស្សចំនួន២០៤៩នាក់ និងធ្វើអោយហេដ្ឋារចនាសម្ព័ន្ធមួយចំនួនបានទទួលរងការខូចខាតធ្ងន់ធ្ងរផងដែរ។
ជាក់ស្តែង កំណាត់ផ្លូវបេតុងមួយខ្សែ ចូលវត្តកំពង់ក្ដុលក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ដែលទទួលរងបាក់ស្រុតធ្ងន់ធ្ងរដោយទឹកជំនន់ស្ទឹងព្រែកត្នោតហូរច្រោះនោះ បាននិងកំពុងស្ថាបនាឡើងវិញហើយ ពោលគឺ បន្ទាប់ពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យមើលជាក់ស្តែងកាលពីប៉ុន្មានថ្ងៃបន្តបន្ទាប់គ្នានេះ៕
Source: Kampuchea Thmey Daily
0 Comments