Ad Code

ឡៅ ចន្ទ្រា ជួប ក្វាន់​ណះ​ខន ខ​ណៈ​ ឯម ឡេង​លី ជួប កាំ​ឡៃ​ផេ​ត នៅ​សង្វៀន​ស្ទឹងមានជ័យ​



​អ្នក​ប្រដាល់​កម្ពុជា​ឡៅ ចន្ទ្រា ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ក្វាន់​ណះ​ខន​(Kvannakkhorn) នា​យប់​ថ្ងៃ​សុក្រ​ទី​០៣ ខែ​សីហា ​ឆ្នាំ​២០១៨​នេះ នៅក្នុង​កម្មវិធី​ប្រដាល់​គូ​បូ​តា លើ​ស​ង្វៀន​បាយ័ន​ស្ទឹងមានជ័យ។ អ្នក​ទាំងពីរ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​។

ឡៅ ចន្ទ្រា និង​ក្វាន់​ណះ​ខន នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ដោយសារតែ​អ្នក​ប្រដាល់​ថៃ​រូបនេះ ជា​អ្នក​ចំណូល​ថ្មី។

ក្វាន់​ណះ​ខន គេ​ជា​ជើង​ខ្លាំង​នៅ​ស្រុកថៃ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​៧៣​លើក ឈ្នះ​៦២​លើក ចាញ់​១១​លើក មិនដែល​ស្មើ ហើយ​គេ​ធ្លាប់​ផ្តួល​ដៃគូ​ប្រកួត​អោយ​សន្លប់​បាន​ចំនួន​១៥​លើក។

យ៉ាងណា ក្វាន់​ណះ​ខន​មកជួប​ឡៅ​ចន្ទ្រា​លើក​នេះ មិនជា​ស្រួលខ្លួន​ប៉ុន្មាន​ទេ ព្រោះថា ចន្ទ្រា​គេ​ល្អ​ទាំង​កណ្តាប់ដៃ ជង្គង់ និង​កែង ។ ចន្ទ្រា​ធ្លាប់​ជួប​ប្រកួត​ជាមួយ​ថៃ​ជាង​៥០ លើក​ហើយ​កន្លងមក ដែល​ការប្រកួត​ចុងក្រោយ​របស់គេ នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​នេះ គឺ​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ Beer Singha Sor.Borisuth ក្នុង​ទឹក​ទី​៤។

ចន្ទ្រា គេ​ទទួលជោគជ័យ​ជា​បន្តបន្ទាប់​ក្នុងការ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​កន្លងមក ។ តែ​លើក​នេះ ចន្ទ្រា​ត្រូវ​ជួប​ជើង​ខ្លាំង​លើស​គូប្រកួត​លើក​មុន​ទៅទៀត ហេតុនេះ​មិនជា​ការងាយស្រួល​ប៉ុន្មាន​ឡើយ។

ទោះជា​យ៉ាងណា ឡៅ ចន្ទ្រា គេ​ធ្លាប់​ជួប​ប្រកួត​ជាមួយ​ថៃ​ច្រើន​ហើយ ដូច្នេះ​បទពិសោធន៍​របស់គេ​ក៏មាន​ច្រើន​ដែរ ។ ចាំមើល ការប្រកួត​លើក​នេះ​ជាមួយ​ក្វាន់​ណះ​ខន ឡៅ​ចន្ទ្រា​អាច​យកឈ្នះ​លើ​អ្នក​ប្រដាល់​ថៃ​រូបនេះ​បានដែរ​ឬ​អត់ ?។

ចំពោះ ឯម ឡេង​លី ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ជើង​ខ្លាំង​ឈ្មោះ​កាំ​ឡៃ​ផេ​ត​(Khamlaipetch Phakthung chai)​។ ពួកគេ​ទាំងពីរ នឹង​ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧០​គីឡូក្រាម។​
​កាំ​ឡៃ​ផេ​ត អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​មក​វាយ​នៅ​ស្រុក​ខ្មែរ​ច្រើនលើក​ហើយ​កន្លងមក។ យ៉ាងណា កាំ​ឡៃ​ផេ​ត ជា​ជើង​ខ្លាំង​មួយរូប​ដែរ​នៅ​ស្រុកថៃ ហើយ​មក​វ៉ៃ​នៅ​ស្រុក​ខ្មែរ ក៏​កម្រ​មាន​អ្នក​យកឈ្នះ​បានដែរ ។​នេះ​បើតាម​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត។

អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ធ្លាប់​វាយ​ឈ្នះ​រឿង សោ​ភ័​ណ្ឌ​ពីរលើក ឈ្នះ​ឡុង សុ​ភី​មួយ​លើក ឈ្នះ​ឡុង សុវណ្ណ​ឌឿ​ន​មួយ​លើក ឈ្នះ​ផុន ផាន់​ណាមួយ​លើក និង​មក​លើកចុងក្រោយ​នេះ ឈ្នះ​ពេជ្រ សីហា ក្នុង​ទឹក​ទី​២ តែ​គេ​ក៏​ធ្លាប់​ចាញ់​មឿ​ន សុខ​ហ៊ុ​ចមួយ​លើក ចាញ់​ព្រំ សំណាង ពីរលើក​ផងដែរ។ ដូច្នេះ ឯម ឡេង​លី មិនអាច​ធ្វេសប្រហែស​បានឡើយ។

ឯម ឡេង​លី ពិបាក​សង្ឃឹម​ឈ្នះ​កាំ​ឡៃ​ផេ​ត ណាស់។ តែបើ​ធៀប​ជាមួយ​ប្រវត្តិ​ប្រកួត​របស់​ពួកគេ​ទាំងពីរ​វិញ ឯម ឡេង​លី រឹតតែ​ចាញ់​កាំ​ឡៃ​ផេ​តទៅទៀត ដោយ​ឡេង​លី មានកំនត់​ត្រា​ប្រកួត​ទើបតែ​៣៨​លើក​នោះ តែ​គេ​វាយ​ឈ្នះ​៣០​លើក ដោយ​ចាញ់​តែ ០៧ លើក​និង​ស្មើ​០១​លើក​ប៉ុណ្ណោះ ខ​ណះ​ដែល​កាំ​ឡៃ​ផេ​ត មានកំនត់​ត្រា​ប្រកួត​ចំនួន ១០៩​លើក ឈ្នះ​៨៩​លើក ចាញ់​១៨​លើក ស្មើ​២​លើក​នោះ។

ប៉ុន្តែ​យ៉ាងណា កាំ​ឡៃ​ផេ​ត​មិនអាច​មើលងាយ​ឯម ឡេង​លី បានឡើយ ព្រោះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​របស់​កម្ពុជា​រូបនេះ មិន​សាមញ្ញ​នោះទេ ព្រោះ​គេ​ធ្លាប់​ឈ្នះ​ជើង​ខ្លាំង​របស់​ថៃ​ច្រើន​រូប​ហើយ គឺ​បញ្ជាក់ថា​គេ​មិន​អន់​នោះទេ រឿង​អី​គេ​ខ្លាច​ជួប​ជាមួយ​កាំ​ឡៃ​ផេ​ត នោះ​?។

ចាំមើល ឯម ឡេង​លី អាច​យកឈ្នះ​កាំ​ឡៃ​ផេ​ត បានដែរ​ឬ​អត់​។ ឡេង​លី គេ​ប្រកួត​ជាមួយ​ថៃ​ចុងក្រោយ​នេះ បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ ផេ​ត​ដាំ ក្នុង​ទឹក​ទី​២ កាលពី​ថ្ងៃទី ០៨ កក្កដា​កន្លងទៅនេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu