ភ្នំពេញ ៖ លោកតាក្នុងវ័យ៩៦ឆ្នាំ ឈ្មោះឡៅ ភី រស់នៅក្នុងភូមិក្រាំងដៃ ឃុំធ្លក ស្រុកទ្រាំងខេត្តតាកែវ បានមានប្រសាសន៍ប្រាប់ដល់កូនចៅរបស់លោកតាថា សូមកូនចៅ ចៅទួត ទាំងអស់សូមនាំគ្នារក្សាឲ្យបាននូវសុខសន្តិភាព ដែលមានសព្វថ្ងៃឲ្យគង់វង្សជារៀងរហូតកុំចង់ផ្លាស់ប្តូរបបឲ្យសោះ ព្រោះគ្មានរបបណាសម្បូរសប្បាយដូចសម័យសម្តេចតេជោនេះទេ។
លោកតាបានបន្តថា លោកតាមានដើមកំណើតក្នុងខេត្តតាកែវនេះ គឺជំនាន់លោកតាគ្មានសាលារដ្ឋដើម្បីបានសិក្សានោះទេ គឺបានត្រឹមរៀននៅក្រោមកុដ្ឋិព្រះសង្ឃតាមទីអារាមប៉ុណ្ណោះ។
មូលហេតុដែលចាស់ៗជំនាន់មុនមិនបានសិក្សាច្រើនដូចក្មេងជំនាន់នេះ គឺដោយសារឪពុក ម្តាយគ្មានលទ្ធភាពផ្គត់ផ្គង់ដល់កូន ដូច្នេះហើយទើបចាស់ៗជំនាន់មុនមិនសូវមានតំរិះវិជ្ជាខ្ពង់ខ្ពស់នោះទេ តែបើមានគឺគេជាកូនអ្នកមាន។
រហូតមកដល់អំឡុងប្រទេសកម្ពុជាយើងរស់នៅក្រោមអាណានិគមបារាំងយុវជនជំនាន់នោះរឹតតែលំបាកដោយសារតែពុំមានសិទ្ធិពេញលេញ ព្រោះបារាំងជំនាន់នោះកាចៗណាស់មិនដូចបច្ចុប្បន្ននេះទេ។
ក្នុងវ័យយុវជន លោកតាត្រូវបានគេបង្ខំឲ្យចូលបម្រើក្នុងកងស្វយត្រាន(ប្រជាការពារ)ចំពោះកូនអ្នកក្រដោយឡែកកូនអ្នកមានគេបានទៅរៀនក្នុងសាលារដ្ឋដែលកាលជំនាន់នោះមានតែក្រុងភ្នំពេញប៉ុណ្ណោះមានសាលារដ្ឋច្រើន។ ពុំមានច្រើនសន្ធឹកសន្ធាប់ដូចសម័យតេជោសែនទេ គឺខុសមេឃនិងដី។
លោកតាបានបញ្ជាក់ថា ចាប់ពីលោកតាកើតដឹងក្តីមក គឺឃើញតែសង្គ្រាមបែកបាក់ក្រុមគ្រួសារហើយមិននឹកស្មានថា ស្រុកខ្មែរយើងមានសុខសន្តិភាពនិងសម្បូរសប្បាយហើយប្រជាពលរដ្ឋមានជីវភាពធូរធារមានលុយធ្វើផ្ទះធំទ្រនំខ្ពស់មានឡានទំនើបៗជិះកុំនិយាយពីរឿងម៉ូតូសឹងពេញភូមិ។
ជាចុងក្រោយលោកតាសុំឲ្យកូនចៅ ទាំងអស់នាំគ្នាថែរក្សាសន្តិភាព ដែលមាននៅក្នុងដៃហើយកុំឲ្យរលាយបាត់ទៅវិញ ព្រោះបើប្រទេសគ្មានសន្តិភាព គឺកុំសង្ឃឹមថា ដល់ថ្ងៃបុណ្យទានបានជួបជុំគ្នាដូចសព្វថ្ងៃនេះ។
លោកតាក៏បានលើកដៃបួងសួងសូមឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យភ្លូកទឹកភ្លូកដីនាអាណត្តិទី៦នេះ ដើម្បីឲ្យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បន្តដឹកនាំប្រទេសកម្ពុជាឲ្យសម្បូរសប្បាយជារៀងរហូត៕
Source: Kampuchea Thmey Daily
0 Comments