ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ផែនការបញ្ចុះតម្លៃអគ្គិសនីជាបន្តបន្ទាប់ដើម្បីលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងថែមទៀតខណៈបច្ចុប្បន្នតម្លៃអគ្គិសនីនៅកម្ពុជានៅមានកម្រិតខ្ពស់នៅឡើយ។
លោកវ៉ិចទ័រ សូណា អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពលមានប្រសាសន៍បានថ្លែងកាលពីព្រឹកថ្ងៃទី២៥កក្កដាឲ្យដឹងថា ចាប់ពីឆ្នាំ២០១៩ខាងមុខនេះតទៅរាជរដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើមបញ្ចុះតម្លៃអគ្គិសនីនៅទូទាំងប្រទេសដើម្បីចូលរួមកាត់បន្ថយការចំណាយប្រចាំខែរបស់ប្រជាពលរដ្ឋក៏ដូចជាទាក់ទាញអ្នកវិនិយោគបរទេសមកបណ្តាក់ទុននៅកម្ពុជាឲ្យកាន់តែច្រើនថែមទៀតផងដែរ។
គម្រោងបញ្ចុះតម្លៃអគ្គិសនីជាបន្តបន្ទាប់នេះដោយសារតែរាជរដ្ឋាភិបាលកម្ពុជាបានសាងសង់ទំនប់វារីអគ្គិសនីនិងប្រភពថាមពលផ្សេងៗជាច្រើនដែលអាចកាត់បន្ថយការបញ្ជាទិញថាមពលពីប្រទេសជិតខាង។
តាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០១៩ខាងមុខនឹងបញ្ចុះតម្លៃមកត្រឹម៣៨០រៀលក្នុង១គីឡូវ៉ាត់ម៉ោងចំពោះ លំនៅឋានប្រើពី១-១០គីឡូវ៉ាត់ម៉ោងក្នុង១ខែនិងតម្លៃ៤៨០រៀលក្នុង១គីឡូវ៉ាត់ម៉ោងសម្រាប់លំនៅឋានប្រើពី១១-៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ។
ដោយឡែកចំពោះលំនៅឋានប្រើពី៥១-២០០គីឡូវ៉ាត់ម៉ោងក្នុង១ខែបញ្ចុះមកនៅតម្លៃ៦១០រៀលនិងប្រើលើសពី២០០គីឡូវ៉ាត់ម៉ោងក្នុង១ខែតម្លៃត្រឹមតម្លៃ៧៤០រៀល ក្នុង១គីឡូវ៉ាត់ម៉ោងដូចគ្នា។
សម្រាប់ឆ្នាំ២០២០ខាងមុខតម្លៃអគ្គិសនីមានតម្លៃដូចនឹងឆ្នាំ២០១៩ដែរប្រែប្រួលតែលំនៅឋានប្រើលើសពី២០០គីឡូវ៉ាត់ម៉ោងក្នុង១ខែចុះពី៧៤០មកនៅត្រឹម៧៣០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះតម្លៃអគ្គិសនីជាប្រភេទលំនៅឋានសម្រាប់នៅរាជធានីភ្នំពេញប្រើចាប់ពី១-១០គីឡូវ៉ាត់ម៉ោងក្នុង១ខែតម្លៃ៦១០រៀល និងតាមខេត្តតម្លៃ៤៨០រៀលនិងប្រើពី១១-៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែនៅទូទាំងប្រទេសតម្លៃ៦១០រៀលក្នុង១គីឡូវ៉ាត់ម៉ោង។
ចំពោះលំនៅឋានប្រើពី៥១-២០០គីឡូវ៉ាត់ម៉ោងក្នុង១ខែតម្លៃ៧២០រៀលក្នុងរាជធានីភ្នំពេញ និងតាមខេត្ត៧៧០រៀល និងប្រើលើសពី២០០គីឡូវ៉ាត់ម៉ោងក្នុង១ខែតម្លៃក្នុងរាជធានីភ្នំពេញ ៧៥០រៀល និងតាមខេត្តតម្លៃ ៧៧០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។
ថ្លែងនៅក្នុងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែនបានថ្លែងឲ្យដឹងថា ដើម្បីអនុវត្តកម្មវិធីបញ្ចុះតម្លៃអគ្គិសនីនេះ រដ្ឋត្រូវលះបង់ចំណូលពន្ធប្រមាណជិត ៤០លានដុល្លារក្នុងមួយឆ្នាំ។
សម្តេចតេជោ មានជំនឿថា គោលនយោបាយមួយនេះនឹងជួយលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ និងជួយកម្ពុជាក្នុងការទាក់ទាញអ្នកវិនិយោគបរទេសផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ «ខ្ញុំសង្ឃឹមថា វិធានការជាក់ស្តែងនេះ មិនត្រឹមតែផ្តល់ការសម្រួលមួយកម្រិតថែមទៀត ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនយើងគ្រប់ស្រទាប់ជាន់ថ្នាក់ប៉ុណ្ណោះទេ តែក៏នឹងជួយលើកកម្ពស់ ភាពប្រកួតប្រជែងរបស់កម្ពុជាថែមទៀត ក្នុងការទាក់ទាញការវិនិយោគ និងការលើកស្ទួយសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេស ដែលនឹងរួមចំណែកយ៉ាងសំខាន់ការទ្រទ្រង់កំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព ព្រមទាំងបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋយើង ពិសេសដល់ស្រទាប់យុវវ័យ»។
សូមរំលឹកថា ក្នុងឆ្នាំ២០១៧កន្លងទៅប្រទេសកម្ពុជា បានប្រើប្រាស់ថាមពលអគ្គិសនីសរុបចំនួនជិត៨លានគីឡូវ៉ាត់ម៉ោងក្នុងនោះទិញថាមពលអគ្គិសនីពីប្រទេសជិតខាងជិតរួមមាន វៀតណាម ថៃនិងឡាវចំនួន ១លាន៥សែនគីឡូវ៉ាត់ម៉ោងនិងថាមពលក្នុងស្រុកមាន ជិត៦លាន៥សែនគីឡូវ៉ាត់ម៉ោងដែលមានប្រភពពីដុតធ្យូងថ្ម វារីអគ្គិសនី ដុតប្រេង ថាមពលកើតឡើងវិញជាដើម៕
Source: Kampuchea Thmey Daily
0 Comments