Ad Code

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ណែនាំ​ដល់​មន្ទីរ​សុខាភិបាល​ចុះ​ចែក​មុង​ជ្រលក់​ថ្នាំ និង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង ជូន​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ខេត្តស្ទឹងត្រែង



ភ្នំពេញ ​៖ ​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ធ្វើការ​ណែនាំ​ដល់​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង​ប្រញាប់​ចុះ​ចែក​មុង​ជ្រលក់​ថ្នាំ និង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​ផ្សេងៗ ពិសេស​ជំងឺគ្រុនចាញ់​ជូន​ដល់​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ងាយ​រងគ្រោះ​ដោយសារ​ទឹកជំនន់​។



ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​មួយ​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា​ឆ្នាំ​២០១៨​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​មានប្រសាសន៍ថា «​ខ្ញុំ​បាន​ប្រាប់​ឲ្យ​មន្ទីរ​សុខាភិបាល​ខេត្ត ឲ្យ​ចុះ​ចែក​មុង​ជ្រលក់​ថ្នាំ និង​ចាក់​វ៉ាក់សាំង​ដល់​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ ដើម្បី​ការពារ​ជំងឺ​ផ្សេងៗ ពិសេស​ជំងឺគ្រុនចាញ់​គ្រុនឈាម​ខណៈពេល​ដែ ល​មាន​បញ្ហា​ទឹកជំនន់​នៅ​ខេត្តស្ទឹងត្រែង »​។

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង​បាន​បន្ត​ថា ក្រសួងសុខាភិបាល បាននឹង​កំពុង​បញ្ជូន​មុង​ចំនួន​៤០០០​មុង​ថែមទៀត ដើម្បី​ទៅ​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ខេត្តស្ទឹងត្រែង។

លោក​រដ្ឋមន្ត្រី ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ទាំងអស់ ការពារ​សុខភាព​តាមរយៈ​ការ​ហូប​ស្អាត​ទឹក​ស្អាត និង​កុំ​ឲ្យ​កូនតូចៗ លេង​ទឹក​ដោយ​ធ្វេសប្រហែស​ដោយ​សោះ ព្រោះ​អាចមាន​គ្រោះថ្នាក់​ជាយថាហេតុ​។

សូម​ជម្រាប​ថា គិត​មកដល់​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៨​ទឹកជំនន់​ដែល​ហូរ​ចេញពី​ការ​បាក់​ទំនប់ Se-Pian Se Nam Noi ក្នុង​ខេត្ត Attapeu ប្រទេស​ឡាវ បាន​មកដល់​ព្រំដែន​ប្រទេស​កម្ពុជា​ជា​បណ្តើរៗ​ហើយ និង​បាន​លិច​ចូល​តំបន់​មួយចំនួន​នៅក្នុង​ឃុំ​ថ្មកែវ ឃុំ​សន្តិភាព និង​ឃុំ​សេកុង នៃ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​បង្ខំ​ឲ្យ​អាជ្ញាធរ​ជម្លៀស​ប្រជាជន​ទៅរក​កន្លែង​សុវត្ថិភាព​មួយចំនួន​ផងដែរ​។



លោក មុំ សារឿន អភិបាលខេត្ត​ស្ទឹងត្រែង បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ម៉ោងជាង​៩ ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៨​ទឹកទន្លេ​សេកុង​នៅសល់​១​តឹក ទៀត​ប៉ុណ្ណោះ នឹង​ត្រូវ​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន​ហើយ ដែល​កម្រិត​ត្រូវ​ប្រកាស​អាសន្ន​គឺ​១១​និង​៥០​ម៉ែត្រ​។

លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា រហូតមកដល់​ម៉ោង​នេះ មិនទាន់​អាច​កំណត់​ចំនួន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ជម្លៀស​នោះ​ទេ ប៉ុន្តែ​មាន​រាប់រយ​គ្រួសារ​ដែល​មាន​ទីលំនៅ​ក្នុង​ឃុំ​ចំនួន​៤ នៅ​ស្រុក​សៀម​ប៉ាង ដែល​ត្រូវ​ទឹក​លិច​បណ្តើរៗ ដោយ​ត្រូវបញ្ជូន​ពួកគាត់​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព ដែលមាន​ចំងាយ​ប្រមាណ​១​គីឡូម៉ែត្រ ឬ​ឆ្ងាយ​ជាង​នេះ ពី​កន្លែង​ទឹក​លិច​។

ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា គិត​មកដល់​វេលា​ព្រឹក​ព្រលឹម​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៨​នេះ ទឹកជំនន់​ដែល​ហូរ​ចេញពី​ការ​បាក់​ទំនប់ Se-Pian Se Nam Noi ក្នុង​ខេត្ត Attapeu ប្រទេស​ឡាវ បាន​មកដល់​ព្រំដែន​ប្រទេស​កម្ពុជា​ជា​បណ្តើរៗ​ហើយ និង​បាន​លិច​ចូល​តំបន់​មួយចំនួន​នៅក្នុង​ឃុំ​ថ្មកែវ ឃុំ​សន្តិភាព និង​ឃុំ​សេកុង នៃ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu