Ad Code

ពលរដ្ឋ​ជាង​៥០០​គ្រួសារ ​រងគ្រោះ​ដោយ​ទឹកជំនន់​ បាន​ទទួល​អំណោយ​មនុស្សធម៌​ពី​លោក​លី សា​ម៉េ​ត ​និង​លោក​ឧកញ៉ា​ឌី ប៉ូ​



កំពង់ស្ពឺ​ ៖ ​លោក​លី សា​ម៉េ​ត​និង​លោក​ឧកញ៉ា​ឌី ប៉ូ ជា​អគ្គនាយក​ក្រុមហ៊ុន​អេង​ឌី​ប៉ូ​អភិវឌ្ឍន៍ បាន​នាំ​យក​អំណោយ​មនុស្សធម៌​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ ដោយ​ទឹកជំនន់​កើនឡើង​ជាង​៥០០​គ្រួសារ​មកពី​៤​ភូមិ គឺ​ភូមិ​ក្រាំង​រលួស ភូមិ​កុមារ​ពេទ្យ ភូមិ​លួស​ និង​ភូមិ​ត្រពាំង​ក្តុក​គ្រួរ ក្នុង​ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ប្រារព្ធ​ចែក​នៅ​ទីធ្លា​វត្ត​ក្រោលគោ​ពោធិ៍ព្រឹក្ស ដែល​អំណោយ​ចែកជូន​បងប្អូន​រួមមាន គ្រឿង​ឧបភោគ បរិភោគ​មួយចំនួន និង​ថវិកា​២​ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ​នា​ព្រឹក​ថ្ងៃទី​២០​កក្កដា ​ឆ្នាំ​២០១៨។

លោក​លី សា​ម៉េ​ត អគ្គនាយករង​ក្រុមហ៊ុន​អេង​ឌី​ប៉ូ​អភិវឌ្ឍន៍​មានប្រសាសន៍​ថា រូបលោក​កំពុង​ព្យាបាល​ជំងឺ​នៅ​បរទេស ប៉ុន្តែ​បន្ទាប់ពី​ទទួល​ព័ត៌មាន​ថា ​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​លោក​ក៏បាន​បញ្ជា​មក​ក្រុមហ៊ុន​ឱ្យ​ទិញ​មី ត្រីខ​ប្រអប់ សារុង​លេខ​១​ថៃ​និង​ថវិកា​ក្នុង​មួយ​គ្រួសារ​២​ម៉ឺន​រៀល​ដើម្បី​មក​ចែក​ជូន​បងប្អូន​សម្រាល​ការ​លំបាក។

លោក​លី សា​ម៉េ​ត មានប្រសាសន៍​បន្តថា ដោយសារតែ​ទឹក​ជន់​លិច​សូម​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចេះ​ថែ​សុខភាព​ផ្ទាល់ខ្លួន ត្រូវ​ដាំទឹក​ឆ្អិន​ហូប​ចៀសវាង​កុំឱ្យ​មាន​ជំងឺ​រាករុស​ជាន់​លើ​ការលំបាក។​
លោក​អគ្គនាយករង មានប្រសាសន៍​បន្តទៀត​ថា ដោយសារតែ​បងប្អូន​បាន​សេចក្តីសុខ​និង​ទទួល​បានការ​អភិវឌ្ឍន៍ សូម​បងប្អូន​អញ្ជើញ​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ណា​ដែល​បងប្អូន​ស្រឡាញ់​នា​ថ្ងៃទី​២៩​កក្កដា​ខាងមុខនេះ​កុំបី​ខាន​។​

លោកស្រី​តាំង គឹម​ចេង មេឃុំ​អូរ​បានឱ្យដឹងថា រយៈពេល​៣​ថ្ងៃ​មកនេះ​ជំនន់​ទឹកភ្លៀង​ពី​ភ្នំ​ពេជ្រនិល​និង​ភ្នំ​គិរី​រម្យ​ហូរ​ជន់​លិច​ភូមិ​ចំនួន​៤​ក្នុង​ឃុំ​អូរ បណ្តាលឱ្យ​ប្រជាពលរដ្ឋ​ជាង​៥០០​គ្រួសារ​(​ស្ថិតិ​បឋម​៣៦៧​គ្រួសារ​)​រងគ្រោះ​លិចលង់​ផ្ទះសម្បែង​និង​ទ្រព្យសម្បត្តិ សត្វពាហនៈ តែ​មិន​រងគ្រោះ​ដល់​អាយុជីវិត​ពលរដ្ឋ​ឡើយ​។​

លោកស្រី​មេឃុំ​បន្តថា ប្រជាពលរដ្ឋ​រស់នៅ​ទីនេះ ប្រកប​របរ​ជីក​ទំពាំង​លក់ ហើយ​បន្ទាប់ពី​មាន​ទឹកជំនន់​ពួកគាត់​មិនអាច​ទៅ​ជីក​ទំពាំង​បាន ធ្វើឱ្យ​ជួប​ការខ្វះខាត​យ៉ាងខ្លាំង​។​ ប្រជាពលរដ្ឋ​មួយចំនួន​មក​ស្នាក់​នៅក្នុង​វត្ត​ចោលផ្ទះ​សម្បែង។ តាងនាម​ពលរដ្ឋ​រងគ្រោះ​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​លោក​លី សា​ម៉េ​ត​និង​លោក​ឧកញ៉ា​ឌី ប៉ូ ដែល​បាន​នាំ​អំណោយ​មនុស្សធម៌​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងអស់​។​

លោក​អ៊ូ យ៉ុង ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ភ្នំស្រួច បានឱ្យដឹងថា បន្ទាប់ពី​មាន​ទឹក​ជំនន់​ប៉ុន្មាន​ថ្ងៃនេះ ក្រុមការងារ​ថ្នាក់ស្រុក និង​ឃុំ​បាន​ចុះជួយ​ធ្វើ​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​ពីថ្ងៃ​ដំបូង រហូតដល់​ពេលនេះ និង បន្ត​តាមដាន​ជាប់​ជាប្រចាំ។ ទោះយ៉ាងណា​ក៏ដោយ​មិនមាន​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដល់​ជីវិត​នោះឡើយ​។​

លោក​អ៊ូ យ៉ុង​បន្តថា តាងនាម​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ លោក​សូម​ថ្លែង​អំណរ​គុណ​ដល់​លោក​លី សា​ម៉េ​ត​និង​លោក​ឧកញ៉ា​ឌី ប៉ូ ដែល​បាន​នាំ​អំណោយ​មនុស្សធម៌​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​នាពេលនេះ ហើយ​សង្ឃឹមថា នឹងមាន​សប្បុរសជន​ដទៃទៀត​មកជួយ​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់។ លោក​បញ្ជាក់ថា ទោះបី​មាន​ទឹកជំនន់​យ៉ាងណា​ក៏​មិន​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​នា​ថ្ងៃទី​២៩​ ខែ​កក្កដា ​ឆ្នាំ​២០១៨​នោះទេ។

នាឱកាស​នោះ​លោក​លី សា​ម៉េ​ត ​និង​លោក​ឧកញ៉ា​ឌី ប៉ូ បាន​ជួយឧបត្ថម្ភ​ដល់​អាជ្ញាធរ​ស្រុក ឃុំ ប៉ូលិស ​និង​ព្រះសង្ឃ​គង់នៅ​វត្ត​ក្រោលគោ​ពោធិ៍ព្រឹក្ស សរុប​ប្រមាណ​៣០​លាន​រៀល​ផង​ដែរ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu