ភ្នំពេញ ៖ ធនាគារឈីហ្វ(ខេមបូឌា)ភីអិលស៊ី ដែលមានមូលដ្ឋានមកពីហុងកុង បានប្រែខ្លួនពីធនាគារឯកទេសទៅជាធនាគារពាណិជ្ជជាផ្លូវការហើយ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨បន្ទាប់ពីបានបើកអាជីវកម្មរបស់ខ្លួននៅប្រទេសកម្ពុជាតាំងពីខែធ្នូឆ្នាំ២០១៣រួចមក។
ថ្លែងក្នុងឱកាសសម្ពោធដាក់ឲ្យ ប្រើប្រាស់ទីស្នាក់ការកណ្តាលរបស់ខ្លួនដែលស្ថិតនៅក្នុងសង្កាត់ បឹងកក ខណ្ឌទួលគោក រាជធានីភ្នំពេញ លោកចៅឆុង កៃភីតធ័រ ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារឈីហ្វ បានមានប្រសាសន៍ថានៅក្នុងឆ្នាំ២០១៨ថ្មីៗនេះ Chief បានទទួលអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជដែលទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា ថាជាធនាគារពាណិជ្ជទី៤០។
លោកបានបន្តថា Chief ដែលមានប្រភពមកពីហុងកុង ត្រូវបានគេស្គាល់ថាជាធនាគារដែលមានឈ្មោះល្បី និងមានបទពិសោធន៍ជាង៤០ឆ្នាំមកហើយ ក្នុងការប្រតិបត្តិជាស្ថាប័នហិរញ្ញវត្ថុយ៉ាងសំខាន់ និងឈានមុខគេមួយនៅក្នុងពិភពលោក។
លោកបានបន្ថែមថាការសម្រេចបើកធនាគារនៅប្រទេសកម្ពុជាដោយសារតែកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានដំណើរការសេដ្ឋកិច្ចល្អបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលមួយទសវត្សរ៍រួចមកហើយដែលបណ្តាលមកពីការកើនទ្បើងនូវផលិតផលក្នុងស្រុកសរុប ដែលជាលទ្ធផលក្នុងការអនុវត្តគោលនយោបាយបើកទូលាយឲ្យមានការវិនិយោគទុនពីបរទេស (ក្រុមហ៊ុនអាចត្រូវបានកាន់កាប់ដោយវិនិយោគិនបរទេសមួយរយភាគរយ) និងគោលនយោបាយទីផ្សារចំហរ (សេដ្ឋកិច្ចទីផ្សារ) លើការគ្រប់គ្រងសេដ្ឋកិច្ច។
លោកសឿង ម៉ូរ៉ារិទ្ធប្រធាននាយកប្រតិបត្តិធនាគារពាណិជ្ជ Chief បានឲ្យដឹងថា«យើងតែងតែដាក់បញ្ចូលនូវគោលការណ៍ដែលយកអតិថិជនជាចម្បង ធ្វើជាគំរូរបស់អាជីវកម្ម បូករួមជាមួយនឹងការផ្តល់ជូននូវសេវាកម្មប្រកបដោយជំនាញវិជ្ជាជីវះ និងបច្ចេកវិទ្យាដែលមានលក្ខណៈទំនើប ព្រមគ្នាជាមួយនឹងការផ្តល់ជូននូវផលិតផលហិរញ្ញវត្ថុជាច្រើនរួមទាំងសេវាកម្មប្រកបដោយសមត្ថភាព និងភាពច្នៃប្រឌិតខ្ពស់។ លើសពីនេះទៅទៀត យើងបាននិងកំពុងផ្តល់ជូននូវវគ្គបណ្តុះបណ្តាលដែលមានលក្ខណៈជំនាញ និងទាន់សម័យគ្រប់គ្រាន់សំរាប់បុគ្គលិករបស់យើង ដើម្បីអោយស្ថាប័នរបស់ខ្លួននាំមុខគេខាងផ្នែកហិរញ្ញវត្ថុ។»
លោកចៅឆុង កៃភីតធ័រ ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារឈីហ្វ បានឲ្យដឹងទៀតថា«នេះគឺជាឱកាសដ៍មានតំលៃមួយដែលយើងអាចធ្វើប្រតិបត្តិការអាជីវកម្មផ្នែកធនាគារនៅប្រទេសកម្ពុជាបាន។ ពួកយើងតែងតែរិះគិតពីវិធីក្នុងការរកប្រាក់ចំណេញតាមបែបសុចរិត និងការកសាងទំនាក់ទំនងរយៈពេលវែង ជាជាងការរកប្រាក់ចំណេញតែក្នុងរយៈពេលខ្លី»។
លោកបានបញ្ជាក់ថា Chief បានធ្វើការប្តេជ្ញាចិត្តថានិងធ្វើការប្រតិបត្តិការ ដោយផ្តល់ជូននូវសេវាកម្មដែលល្អឥតខ្ចោះសម្រាប់អតិថិជន បុគ្គលិក ក៏ដូចជាសង្គមផ្ទាល់ផងដែរ។ ធនាគារពាណិជ្ជ Chief ត្រូវបានគេផ្តល់ចំណាត់ថ្នាក់ថាជាធនាគារពាណិជ្ជដែលទទួលបាននូវទំនុកចិត្តពីសំណាក់អតិថិជន ក៏ដូចជាទំនុកចិត្តទៅលើភាពជាដៃគូជាមួយពាណិជ្ជករ ដោយសារតែធនាគារនេះមានវិបុលភាព និងជាធនាគារដែលបានអនុវត្តប្រកបទៅដោយសីលធម៌វិជ្ជាជីវៈ។
ធនាគារពាណិជ្ជ Chief ដែលមានមូលដ្ធានគ្រឹះនៅហុងកុងនេះ ក៏មានទំនាក់ទំនងយ៉ាងធំទូលាយជាមួយប្រទេសចិន ដែលជាប្រទេសមានសន្ទុះសេដ្ធកិច្ចខ្លាំង និងនាំមកនូវឳកាសប្រកបអាជីវកម្មជាច្រើនដល់ប្រទេសកម្ពុជា។
លោក ជាចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាដែលបានអញ្ជើញចូលរួមនៅក្នុងពិធីប្រគល់អាជ្ញាប័ណ្ណដល់ធនាគារឈីហ្វកាលពីល្លាចថ្ងៃទី២២ខែកក្កដាបានស្វាគមន៍យ៉ាងកក់ក្តៅនិងអបអរសាទរចំពោះការខិតខំប្រឹងប្រែងរបស់ភាគទុនិកធនាគារពាណិជ្ជឈីហ្វដែលទទួលបានការអនុម័តយល់ព្រមពីធនាគារជាតិនៃកម្ពុជាក្នុងការប្រែខ្លួនពីធនាគារឯកទេសឈីហ្វ( ខេមបូឌា)ភីអិលស៊ីទៅជាធនាគារពាណិជ្ជឈីហ្វ( ខេមបូឌា)ម.ក។
លោកបានបន្តថាការវិនិយោគរបស់ធនាគារឈីហ្វនាពេលនេះបានឆ្លុះបញ្ចាំងបន្ថែមទៀតពីជំនឿទុកចិត្ត ការគាំទ្រនិងការចូលរួមចំណែកកាន់តែច្រើនរបស់វិនិយោគិនបរទេសមកលើវិស័យធនាគារនិងហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញអភិវឌ្ឍសេដ្ឋកិច្ចជាតិស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។
លោកទេសាភិបាលធនាគារជាតិនៃកម្ពុជាសង្ឃឹមថាធនាគារពាណិជ្ជឈីហ្វ( ខេមបូឌា)ម.កនឹងនាំមកនូវបទពិសោធន៍ធុរកិច្ច បច្ចេកទេសវិទ្យាទំនើបៗនិងផលិតផលហិរញ្ញវត្ថុថ្មីៗកាន់តែសម្បូរបែបដើម្បីបំពេញតាមសេចក្តីត្រូវការរបស់អតិថិជនបន្ថែមទៀតនៅពេលបច្ចុប្បន្នក៏ដូចជានាពេលអនាគតនិងបន្តគាំទ្រដល់ការអភិវឌ្ឍទីផ្សារធនាគារនិងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments